កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ Eriksen សារទរមិត្តរួមក្រុមដាណឺម៉ាក ដែលឡើងទៅប៉ះវេលស៍នៅវគ្គ១៦ក្រុម
22, Jun 2021 , 3:38 pm        
រូបភាព
Christian Eriksen អបអរមិត្តរួមក្រុមដាណឺម៉ាក ដែលដណ្តើមបានកៅអីទៅវគ្គ១៦ក្រុមចុងក្រោយ Euro 2020 ក្រោយរកបាន៣ពិន្ទុដំបូងដ៏អស្ចារ្យនៅជំនួបចុងក្រោយពូល B។ ដាណឺម៉ាកចាញ់ពីរប្រកួតដំបូង មុនឈ្នះរុស្ស៊ី ៤-១ នាការប្រកួតកាត់សេចក្តី។


៣ពិន្ទុរបស់ដាណឺម៉ាកពីការប្រកួត៣លើក នាំឱ្យពួកគេឈរចំណាត់ថ្នាក់ទី២ពូល B។ ហ្វាំងឡង់ និងរុស្ស៊ីដែលបញ្ចប់ទៅក្នុងលេងរៀងទី៣ និងទី៤ ក៏រកបាន៣ពិន្ទុដូចគ្នាដែរ ប៉ុន្តែពួកគេមានសំណល់គ្រាប់បាល់មិនល្អដូចដាណឺម៉ាក។
 
ដាណឺម៉ាកបរាជ័យនៅពីរប្រកួតដំបូង ពោលគឺចាប់តាំងពីកីឡាករឆ្នើមរបស់ខ្លួន Eriksen មានបញ្ហាបេះដូងសន្លប់លើទីលានជាច្រើនម៉ោងកាលពីជំនួបបើកឆាកដែលពួកគេចាញ់ហ្វាំងឡង់ ១-០ នៅផ្ទះខ្លួនឯង។ ជំនួបទី២ ដាណឺម៉ាកបន្តចាញ់បែលហ្ស៊ិក ២-១ មុនយកឈ្នះរុស្ស៊ី ៤-១ នាការប្រកួតផ្តាច់ព្រ័ត្រពូល B។
 
៤គ្រាប់របស់ដាណឺម៉ាកសុទ្ធសឹងជាគ្រាប់បាល់ល្អៗ ដែលធ្វើបានពីសំណាក់កីឡាករ Mikkel Damsgaard, Yussuf Poulsen, Andreas Christensen និង Joakim Maehle។ ១គ្រាប់របស់រុស្ស៊ីសម្រេចដោយ Artem Dzyuba។
 
Eriksen ខ្សែបម្រើ Inter Milan ដែលធូរស្រាលពីជំងឺហើយនោះ បានបង្ហាញក្តីរីករាយចំពោះការខិតខំប្រឹងប្រែងរបស់សមាជិកក្រុមរហូតជួយដាណឺម៉ាកបន្តការប្រកួតនៅវគ្គខ្វែង។ កីឡាករវ័យ២៩ឆ្នាំរូបនេះ បានបង្ហោះអបអរក្រុមខ្លួននៅលើបណ្តាញសង្គម Instagram ដោយមានភ្ជាប់ទង់ជាតិដាណឺម៉ាក និងរូបទះដៃសារទរផង។
 
ដាណឺម៉ាក នឹងត្រូវប៉ះវេលស៍នៅវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់អឺរ៉ូឆ្នាំ២០២០ ខណៈបែលហ្ស៊ិកត្រូវជួយក្រុមលេខ៣ល្អបំផុតពីពូល A, D, E ឬ F។ ដោយឡែកអ៊ីតាលីដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ពូល A ត្រូវតតាំងជាមួយអូទ្រីសដែលឈរលេខ២ពូល C នៅវគ្គខ្វែង។ ហូឡង់ក៏ត្រូវរង់ចាំមើលក្រុមលេខ៣ល្អពីពូល D, E ឬ F ដើម្បីប្រជែងគ្នានៅវគ្គ១៦ក្រុម៕ 
 
 

Tag:
 Euro 2020
  Christian Eriksen
© រក្សាសិទ្ធិដោយ thmeythmey.com