ជាតិ
យុវជនសកម្ម សេវាល្អ
ជំទប់ទី១ឃុំជុំគ្រៀល អ្នកស្រី ទិត ឈាន ប្តេជ្ញាដោះស្រាយបញ្ហាជូនពលរដ្ឋឲ្យកាន់តែប្រសើរ
×
ដោយ៖ សារឿន ស៊ីណាតវត្តី (យុវជនឃុំជុំគ្រៀល)
កំពត៖ អ្នកស្រី ទិត ឈាន ជាជំទប់ទី១នៃឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។ រយៈពេលជាង១០ឆ្នាំហើយ ដែលអ្នកស្រី បានបំពេញការងារក្នុងសាលាឃុំ ដោយផ្ដល់ការបឹ្រក្សាយោបល់ ឬបញ្ហានានាជូនពលរដ្ឋក្នុងសហគមន៍។ អ្នកស្រី ទិត ឈាន សប្បាយចិត្តនឹងការងារមួយនេះ ហើយប្តេជ្ញាចូលរួមអភិវឌ្ឍភូមិ ឃុំខ្លួនឲ្យកាន់តែល្អប្រសើរ ពិសេសគឺការផ្តល់ព័ត៌មានទាំងឡាយពាក់ព័ន្ធនឹងសេវាសាធារណៈនៅក្នុងឃុំ ទៅកាន់ពល់រដ្ឋ។ សម្រាប់ អ្នកស្រី ទិត ឈាន នៅពេលពលរដ្ឋយល់ដឹងកាន់តែច្រើនអំពីសេវាសាធារណៈ នោះបញ្ហានានានៅមូលដ្ឋាន ក៏ត្រូវបានកាត់បន្ថយបន្តិចម្តងៗដែរ។
អ្នកស្រី ទិត ឈាន បានចូលបម្រើការងារក្នុងសាលាឃុំជុំគ្រៀល ក្នុងតួនាទីជាជំទប់ទី១ នៅឆ្នាំ២០១១។ ក្នុងនាមជាស្រ្តីតែម្នាក់ ដែលបម្រើការងារក្នុងសាលាឃុំ អ្នកស្រី ទិត ឈាន បានធ្វើការងារជាច្រើន ពិសេសការងារដែលពាក់ព័ន្ធនឹងស្រ្តីក្នុងសហគមន៍។ ជាជំទប់ឃុំស្រ្តីម្នាក់ អ្នកស្រី ទិត ឈាន បានផ្សារភ្ជាប់ទំនាក់ទំនងរវាងអាជ្ញាធរ នឹងពលរដ្ឋ ដើម្បីដោះស្រាយបញ្ហានានា ក្នុងសហគមន៍ និងអភិវឌ្ឍភូមិ-ឃុំ ឲ្យមានភាពរីកចម្រើន។
រយៈពេលជាង១០ឆ្នាំមកនេះ អ្នកស្រី ទិត ឈាន បំពេញការងារខ្លួនបានយ៉ាងល្អដោយចូលរួមផ្សព្វផ្សាយរាល់ព័ត៌មានទាំងអស់ ពីសាលាឃុំទៅប្រជាពលរដ្ឋ។ ជំទប់ឃុំរូបនេះ បានលើកឡើងដូច្នេះថា៖«ពេលចុះទៅផ្សព្វផ្សាយព័ត៌មាន ខ្ញុំចុះទៅផ្សព្វផ្សាយតាមទីជនបទ តំបន់ទីប្រជុំជន ព្រោះចង់ឱ្យប្រជាពលរដ្ឋគ្រប់រូប បានទទួលព័ត៌មាន និងចូលរួមរាល់ការប្រជុំ ឬព្រឹត្តិការណ៍ណាមួយ ឱ្យបានទៀងទាត់»។
ក្រៅពីការងារផ្សព្វផ្សាយព័ត៌មាន ជូនពលរដ្ឋគ្រប់តំបន់ហើយនោះ អ្នកស្រី ទិត ឈាន ក៏ជាអ្នកផ្ដល់ការប្រឹក្សា ពីការចុះបញ្ជីអត្រានុកូលដ្ឋានក្នុងសាលាឃុំ-សង្កាត់ ផ្ដល់ការបឹក្សាផ្នែកសុខុមាលភាពស្រ្តីផងដែរ។ បន្ទាប់ពីអនុវត្តការងារអប់រំ ណែនាំ កន្លងមកនេះ អ្នកស្រី ទិត ឈាន មើលឃើញថា ពលរដ្ឋមួយចំនួនក្នុងសហគមន៍ខ្លួន បានយល់ដឹងច្រើន ពីបញ្ហាសុខភាពអនាម័យ ពិសេសស្រ្តីមានផ្ទៃពោះ។ អ្នកស្រី ទិត ឈាន បានបញ្ជាក់ថា ការផ្ដល់ព័ត៌មានទាក់ទងនឹងសេវាសាធារណៈរបស់ឃុំ-សង្កាត់ ដល់ពលរដ្ឋបានច្បាស់គ្រប់គ្រាន់នោះ គឺពិតជាផ្ដល់ប្រយោជន៍ដល់ពួកគេជាច្រើន ហើយបញ្ហាមួយចំនួន ក៏ត្រូវបានកាត់បន្ថយផងដែរ។
ដ្បិតអ្នកស្រី ទិត ឈាន ធ្វើការងារនេះច្រើន ប៉ុន្តែបញ្ហាប្រឈមសម្រាប់អ្នកស្រីនៅតែមាន ដោយសារពលរដ្ឋមួយចំនួន មិនចូលរួមសហការមិនអើពើនឹងសកម្មភាពនានា ក្នុងសហគមន៍ ទទួលបានព័ត៌មានមិនច្បាស់ បង្កឲ្យមានការយល់ច្រឡំ និងពិបាកកៀរគរពលរដ្ឋ ឲ្យចូលរួមប្រជុំជាដើម។ ទោះជាយ៉ាងណា អ្នកស្រី ទិត ឈាន សប្បាយរីករាយ ក្នុងការបំពេញការងារមួយនេះ ហើយប្តេជ្ញាចិត្តធ្វើវាឲ្យកាន់តែបានល្អប្រសើរថែមទៀត ដើម្បីឲ្យឃុំ-សង្កាត់ខ្លួនកាន់តែមានភាពរីកចម្រើន៕
អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង (អត្ថបទ/ វីដេអូ) នេះគឺជាការទទួលខុសត្រូវរបស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ៕
Tag:
ទិត ឈាន
ជំទប់ឃុំជុំគ្រៀល
ឈូក
កំពត
© រក្សាសិទ្ធិដោយ thmeythmey.com