កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ ក្រូអាស៊ី និងស្កុតឡែនត្រូវការ៣ពិន្ទុចាំបាច់ ខណៈឆែក និងអង់គ្លេស ប្រជែងកំពូលតារាង
22, Jun 2021 , 6:29 pm        
រូបភាព
រូបភាព៖ UEFA.com
រូបភាព៖ UEFA.com
ដោយ៖ជា យូគៀង
 
សម្រាប់ជំនួបចុងក្រោយពូល D នៃពានរង្វាន់ Euro 2020 ក្រូអាស៊ី ត្រូវតទល់ជាមួយ ស្កុតឡែន ដោយក្រុមទាំងពីរ ត្រូវការ៣ពិន្ទុជាចាំបាច់រៀងៗខ្លួន ដើម្បីឆ្ពោះទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ខណៈសាធារណរដ្ឋឆែក និងអង់គ្លេស ដែលមានកៅអីដោយស្វ័យប្រវត្តិទៅហើយនោះ ត្រូវប្រជែងគ្នាយកចំណាត់ថ្នាក់លេខ១ក្នុងពូល។



 
ក្រូអាស៊ីជួបស្កុតឡែននាកីឡដ្ឋាន Hampden Park 

ក្រូអាស៊ី ជើងឯករង World Cup 2018 ស្ថិតនៅលេខ៣ក្នុងពូល ដោយមានត្រឹម១ពិន្ទុ ប៉ុន្តែមានប្រៀបលើគូប្រជែងស្កុតឡែន លើចំនួនគ្រាប់បាល់ដែលបានស៊ុតបញ្ចូលទី។  
 


ក្រុមណាមួយដែលឈ្នះការប្រកួតនេះ មានន័យថា ពួកគេនឹងទទួលបាន៤ពិន្ទុ ដែលយ៉ាងហោចណាស់អាចស្ថិត ក្នុងចំណោម ក្រុមចំណាត់ថ្នាក់លេខ៣ឆ្នើម សម្រាប់កៅអីទៅកាន់វគ្គបន្ត ប៉ុន្តែបើបញ្ចប់ក្នុងលទ្ធផលស្មើ ពួកគេត្រូវហាលទាំងពីរ។ 
 
នាជំនួបពីរប្រកួតដំបូងក្នុងពូល ក្រូអាស៊ីចាញ់អង់គ្លេស ១-០ និងស្មើឆែក ១-១ រីឯស្កុតឡែនបានចាញ់ឆែក ២-០ និងស្មើ ជាមួយអង់គ្លេស ០-០ បានធ្វើឲ្យក្រុមទាំង២ មាន១ពិន្ទុស្មើគ្នា ។ 
ប្រវត្តិជួបគ្នា៥លើកកន្លងមក ក្រូអាស៊ីមិនដែលយកឈ្នះលើស្កុតឡែនឡើយដោយ ស្កុតឡែនបានឈ្នះ២ និងស្មើ ៣ ក្នុងនោះសុទ្ធសឹងតែក្នុងព្រឹត្តិការណ៍ជម្រុះ World Cup។


 
សាធារណរដ្ឋឆែកជួបអង់គ្លេសនាកីឡដ្ឋាន Wembley Stadium 

ក្រុមទាំងពីរមានកៅអីរួចទៅហើយទៅកាន់វគ្គ១៦ក្រុមចុងក្រោយ បើទោះបីលទ្ធផលនៃការប្រកួតនេះ បែបណាក៏ដោយ ប៉ុន្តែពួកគេត្រូវការឈ្នះរៀងៗខ្លួនសម្រាប់តំណែងលេខ១ក្នុងពូល។ នាការប្រកួត២ដំបូង ពួកគេឈ្នះ១ និងស្មើ១ដូចគ្នា។
 
ក្រុមទាំងពីរធ្លាប់បានធ្វើការប្រកួតគ្នាចំនួន៤ដងរួចមកហើយ ដោយកាលឆ្នាំ ១៩៩៨ អង់គ្លេសយកឈ្នះ ២-០ និងស្មើ ២-២ នៅឆ្នាំ២០០៨ នាការប្រកួតមិត្តភាព។ កាលពីឆ្នាំ២០១៩ នាកាប្រកួតជម្រុះ Euro 2020 នេះ អង់គ្លេសយកឈ្នះ ៥-០ ជើងទី១ បន្ទាប់មកឆែកបានឈ្នះ ២-១ វិញនៅជើងទី២៕
 

 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com