COVID-19
ជាតិ
ពលរដ្ឋនៅខេត្តកណ្តាលជិត៦០ម៉ឺននាក់ហើយ បានចាក់វ៉ាក់សាំងកូវីដ-១៩
22, Jun 2021 , 4:59 pm        
រូបភាព
ដោយ:
ដោយ៖ គិតត្រឹមថ្ងៃទី២១ ខែមិថុនា ពលរដ្ឋនៅខេត្តកណ្តាល ចំនួន៥៩៩,២៥១នាក់ហើយ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ ស្មើនឹង ៧៥ភាគរយ នៃផែនការចាក់វ៉ាក់សាំងកូវីដ-១៩នៅខេត្តកណ្តាល។ តាមផែនការ អាជ្ញាធរខេត្តកណ្តាលគ្រោងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ ឲ្យបាន៩០ម៉ឺននាក់។

 
 
លោក គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា ក្នុងចំណោមពលរដ្ឋចំនួនជិត៦០ម៉ឺននាក់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ គឺមានស្រី្ត២៤ម៉ឺននាក់។ តាមផែនការចាក់វ៉ាក់សំាងកូវីដ-១៩ ដូសទី១ នៅខេត្តកណ្តាល នឹងបញ្ចប់នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។ 
 
«ប៉ុន្តែពលរដ្ឋដែលមិនទាន់បានទៅចាក់វ៉ាក់សាំងកូវីដ-១៩ទៅតាមទីតាំងដែលកំណត់នោះទេ ពួកគេអាចបន្តទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅថ្ងៃដែលពលរដ្ឋទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១»។ នេះបើតាមលោក គួយ ប៊ុនធឿន។ 
 
ខេត្តកណ្តាលមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៦,៤៤២នាក់ ក្នុងនោះជាសះស្បើយ ៤,៦៥៤នាក់ និងអ្នកស្លាប់ ២១នាក់ ក្នុងនោះស្រី១០នាក់។ នេះបើតាមប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល។ 
 
សូមជម្រាបថា កម្ពុជាមានពលរដ្ឋជាង៣,៤លាននាក់ហើយ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ គិតជាភាគរយស្មើ៣៤,១៦ភាគរយ។ ក្នុងចំណោមពលរដ្ឋជាង៣,៤លាននាក់នោះ គឺមានជាង២,៧លាននាក់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២៕
 
 
 

Tag:
 វ៉ាក់សាំងកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com