កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រ១ម៉ឺននាក់ អាចចូលកីឡដ្ឋានទស្សនាប្រកួតអូឡាំពិក
22, Jun 2021 , 11:29 pm        
រូបភាព
អ្នកគាំទ្រ ១០០០០ នាក់នឹងត្រូវបានអនុញ្ញាតិឱ្យចូលរួមទស្សនាផ្ទាល់ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូឆ្នាំ ២០២០។ នេះជាការបញ្ជាក់របស់អ្នករៀបចំកម្មវិធីនៅថ្ងៃទី២១ ខែមិថុនា ដោយព្រមានថា នឹងបិទទ្វារកីឡដ្ឋានវិញប្រសិនបើជំងឺកូវីដ-១៩ រីករាលដាលខ្លាំងអំឡុងពេលប្រកួត។


ការសម្រេចឱ្យមានអ្នកគាំទ្រមួយចំនួនចូលកីឡដ្ឋាននេះ ធើ្វឡើងតែប៉ុន្មានសប្តាហ៍មុនពិធីបើកកម្មវិធីកីឡាលំដាប់ពិភពលោកដែលពន្យារមួយឆ្នាំដោយសារកូវីដ-១៩។ អ្នកគាំទ្រពីក្រៅប្រទេសនៅតែត្រូវបានហាមឃាត់ដដែល។
 
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP អ្នករៀបចំកម្មវិធីអូឡាំពិកអ្នកស្រី Seiko Hashimoto បានអះអាងក្នុងសេចក្តីប្រកាសរបស់ខ្លួនថា៖ «ដោយមើលឃើញពីការរឹតត្បិតរបស់រដ្ឋាភិបាលជប៉ុន អ្នកគាំទ្រការប្រកួតកីឡាអូឡាំពិកនឹងត្រូវបានកំណត់ត្រឹម ៥០ ភាគរយនៃសមត្ថភាពផ្ទុសរុបក្នុងកីឡដ្ឋាន ក្នុងចំនួនអតិបរមា ១០០០០ នាក់នៅគ្រប់ទីកន្លែង»។
 
យ៉ាងណាក៏ដោយ អភិបាលក្រុងតូក្យូលោក Yuriko Koike ព្រមានវិញថា ប្រសិនបើជំងឺកូវីដ-១៩ អុកឡុងកាន់តែខ្លាំងអំឡុងការប្រកួត នោះព្រឹត្តិការណ៍នឹងដំណើរដោយបិទទ្វារកីឡដ្ឋានទាំងអស់វិញ។
 
ដោយឡែក ជុំវិញការសម្រេចឱ្យមានអ្នកគាំទ្រក្នុងការប្រកួតប៉ារ៉ាឡាំពិក ឬក៏អត់នោះ នឹងត្រូវពន្យារពេលប្រកាសលើកចុងក្រោយរហូតដល់ថ្ងៃទី១៦ ខែកក្កដា ពោលគឺមួយសប្តាហ៍មុនបើកព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូឆ្នាំ២០២០៕
 

Tag:
 Olympic
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com