COVID-19
អន្តរជាតិ
ក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ-១៩ វៀតណាម ស្វែងរកការអនុញ្ញាតប្រើប្រាស់បន្ទាន់ពីរដ្ឋាភិបាល
23, Jun 2021 , 9:52 am        
រូបភាព
ដបមួយ ដែលត្រូវបានសរសេរថា វ៉ាក់សាំង Nanocovax ។ រូបភាព៖ Vietnam Express
ដបមួយ ដែលត្រូវបានសរសេរថា វ៉ាក់សាំង Nanocovax ។ រូបភាព៖ Vietnam Express
ក្រុមហ៊ុនវៀតណាម Nanogen ដែលផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឈ្មោះ Nanocovax កំពុងស្វះស្វែងរកការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ពីរដ្ឋាភិបាល។ នេះបើតាមការបញ្ជាក់របស់អគ្គនាយកក្រុមហ៊ុន Nanogen នៅថ្ងៃទី២២ ខែមិថុនា។

 
ក្នុងពេលបច្ចុប្បន្ន វៀតណាមមានបេក្ខភាពវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ចំនួន ៤ប្រភេទ ដែលកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ ក្នុងនោះ ក៏មានវ៉ាក់សាំងរបស់ក្រុមហ៊ុន Nanogen ផងដែរ។ ស្ថិតក្នុងដំណាក់កាលពិសោធន៍ដំណាក់កាលទី៣ ក្រុមហ៊ុន Nanogen បានអះអាងថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពរហូតដល់ ៩៩,៤ភាគរយឯណោះ ក្នុងការបង្កើតប្រព័ន្ធភាពស៊ាំប្រឆាំងនឹងជំងឺកូវីដ-១៩។ វ៉ាក់សាំង Nanocovax មួយដូសមានតម្លៃជាង ៥ដុល្លារ។  
 
ដោយសំអាងលើប្រសិទ្ធភាពវ៉ាក់សាំង និងស្របពេលប្រទេសវៀតណាម កំពុងត្រូវការវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាក់ឱ្យប្រជាជនខ្លួន អគ្គនាយក លោក Ho Nhan អះអាងថា ក្រុមហ៊ុន Nanogen បានដាក់ពាក្យសុំការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់តាំងពីសប្តាហ៍មុនមកម្លេះ ទៅលោកនាយករដ្ឋមន្រ្តីវៀតណាម ផាម មិញឈិញ ប៉ុន្តែមិនទាន់មានការឆ្លើយតបនៅឡើយទេ។  
 
បើតាមលោក Ho Nhan ក្រុមហ៊ុន Nanogen បានសន្យាជួយពន្លឿនការស្រាវជ្រាវវ៉ាក់សាំង និងផលិតវ៉ាក់សាំង ដើម្បីឱ្យវៀតណាម អាចសម្រេចការបណ្តុះប្រព័ន្ធភាពស៊ាំជាសហគមន៍នៅត្រឹមត្រីមាសទី២ នៃឆ្នាំ២០២២។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មានVietnam Express វ៉ាក់សាំង Nanocovax មានក្តីសង្ឃឹមជាងគេ ក្នុងចំណោមក្រុមហ៊ុនវ៉ាក់សាំងទាំង៤ ដែលត្រូវបានអភិវឌ្ឍនៅវៀតណាម។ ក្រុមហ៊ុន Nanogen បានអះអាងថា ខ្លួនអាចផលិតវ៉ាក់សាំងបានពី ៨លាន ទៅ ១២លានដូស នៅមួយខែដំបូង ហើយចាប់ពីខែតុលាទៅ ក្រុមហ៊ុនមួយនេះ អាចផលិតបានរហូតដល់ទៅ ៥០លានដូសឯណោះ ក្នុងមួយខែ។ នៅត្រឹមឆ្នាំ២០២២ ក្រុមហ៊ុន Nanogen អាចផលិតវ៉ាក់សាំងបាន ១០០លានដូសក្នុងមួយខែ។ 
 
តាមផែនការ រដ្ឋាភិបាលបានគ្រោងទិញវ៉ាក់សាំងចំនួន ១៥០លានដូស សម្រាប់ចាក់ឱ្យប្រជាជន ៧០ភាគរយ នៃប្រជាជនសរុបរបស់ខ្លួន។ មកទល់ពេលនេះ វៀតណាម បានចាក់ឱ្យវ៉ាក់សាំងឱ្យប្រជាជនខ្លួនបានចំនួនច្រើនជាង ១,៥លាននាក់ហើយ ដោយប្រើប្រាស់វ៉ាក់សាំងក្រុមហ៊ុន AstraZeneca។ 
 
គិតត្រឹមថ្ងៃទី២២ ខែមិថុនា វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបចំនួន ១៣៧២៧ករណី និងអ្នកស្លាប់មានចំនួន ៦៩នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ៥៥៤៦នាក់៕ 
 

Tag:
 វៀតណាម
  វ៉ាក់សាំង
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com