COVID-19
ជាតិ
កូវីដ-១៩៖ កោះកុង៩៤នាក់ ខណៈកំពត កំពង់ឆ្នាំង និងមណ្ឌលគិរីមានសរុប៥១នាក់
23, Jun 2021 , 10:35 am        
រូបភាព
ភ្នំពេញ៖ នៅថ្ងៃទី២២ មិថុនានេះ ខេត្តកោះកុង បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៩៤នាក់ទៀត ខណៈខេត្តកំពត មាន៣០នាក់ និងខេត្តកំពង់ឆ្នាំង មាន១៥នាក់។ ចំណែកភាគឦសានវិញ ខេត្តមណ្ឌលគិរី មានករណីថ្មី ៦នាក់ និងខេត្តក្រចេះ មាន ៣នាក់។

 
កោះកុង៖ វិជ្ជមានថ្មី ៩៤នាក់ និងជាសះស្បើយ១នាក់
ខេត្តកោះកុង បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៩៤នាក់ទៀត ដែលភាគច្រើនជាពលរដ្ឋរស់នៅក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា។ ក្នុងចំណោម ៩៤នាក់ មានអ្នករស់នៅស្រុកមណ្ឌលសីមា មានចំនួន៥០នាក់ ក្នុងនោះឃុំប៉ាក់ខ្លង និងឃុំពាមក្រសោប។ ចំណែកពលរដ្ឋ ៤២នាក់ទៀត ជាអ្នករស់នៅឃុំសង្កាត់ដងទង់, សង្កាត់ស្មាច់មានជ័យ, សង្កាត់ស្ទឹងវែង នៃក្រុងខេមរភូមិន្ទ និងអ្នកស្រុកស្រែអំបិល ចំនួន២នាក់។ រដ្ឋបាលខេត្តកោះកុងក៏បានប្រកាសករណីជាសះស្បើយ១នាក់ផងដែរ។ 
 
កំពត៖ ឆ្លងថ្មី៣០នាក់បន្ថែមទៀត
មនុស្ស ៣០នាក់បន្ថែមទៀត មានវិជ្ជមានកូវីដ-១៩ ក្នុងនោះ៧នាក់ ខណៈក្រុងកំពត និងស្រុកកំពង់ត្រាចមាន៥នាក់រៀងខ្លួន។  ស្រុកទឹកឈូ និងស្រុកឈូក ក៏មាន៣ករណីរៀងខ្លួនដែរ រីឯ២ករណីទៀតជាអ្នកស្រុកជុំគិរី និង១ករណី នៅបន្ទាយមាស។ អ្នកជំងឺ៤នាក់ទៀត ជាអ្នករស់នៅស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្នខេត្តកំពត មានករណីឆ្លងសរុប ១០៨៩ ក្នុងនោះ៦៧៤នាក់បានជាសះស្បើយ ១១នាក់ស្លាប់ និងអ្នកជំងឺ៤០៤នាក់ទៀត កំពុងបន្តការព្យាបាល។ 
 
កំពង់ឆ្នាំង៖ រកឃើញវិជ្ជមាន ១៥នាក់ទៀត ក្នុងនោះមានជនជាប់ចោទ ១នាក់
ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងថ្មីចំនួន ១៥នាក់ ក្នុងនោះ មានជនជាប់ចោទម្នាក់ រស់នៅស្រុកសាមគ្គីមានជ័យ។ ៨នាក់ ជាពលរដ្ឋរស់នៅក្រុងកំពង់ឆ្នាំង ខណៈស្រុករលាប្អៀរ និងស្រុកកំពង់ត្រឡាច មាន៣នាក់រៀងខ្លួន។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ១០បន្ថែម បានជាសះស្បើយដែរ។  ខេត្តកំពង់ឆ្នាំងមានអ្នកឆ្លងកូវីដ-១៩ សរុប ៤៥៧នាក់ ក្នុងនោះ ៣៤៥នាក់បានជាសះស្បើយ ស្លាប់៦នាក់ និង១០៦នាក់ទៀត កំពុងសម្រាកព្យាបាល។ 
 
មណ្ឌលគិរី៖  មាន ៦នាក់ សុទ្ធតែអ្នករស់នៅក្រុងសែនមនោរម្យ
ពលរដ្ឋ ៦នាក់ រស់នៅសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ មានតេស្តវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២២ មិថុនា។ ពលរដ្ឋទាំង៦នាក់នេះ ជាអ្នកប៉ះពាល់ដោយផ្ទាល់ ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ដែលបានរកឃើញនាពេលកន្លងទៅ។
 
ក្រចេះ៖ អ្នកឆ្លងថ្មី ៣នាក់ ជាពលរដ្ឋរស់នៅស្រុកស្នួល និងស្រុកឆ្លូង
ក្នុងចំណោមពលរដ្ឋ៣នាក់ មាន២នាក់ ជាអ្នករស់នៅស្រុកស្នួល និង១នាក់ទៀត អាយុ៧១ឆ្នាំ រស់នៅស្រុកឆ្លូង ខេត្តក្រចេះ។ អ្នកជំងឺ២នាក់ ត្រូវបានដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ និង១នាក់ទៀត ព្យាបាលនៅមន្ទីរពេទ្យបង្អែកឆ្លូង។ 
 
 

Tag:
 COVID-19
  កោះកុង
  កំពត
  មណ្ឌលគិរី
  ក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com