កីឡាអន្តរជាតិ
អន្តរជាតិ
អង់គ្លេស អាចជួបក្រុមយក្ស បារាំង, អាល្លឺម៉ង់ ឬព័រទុយហ្កាល់ នៅវគ្គ១៦ក្រុម
× ក្រុមជម្រើសជាតិអង់គ្លេសបន្តយកឈ្នះឆែក ១-០ នៅជំនួបចុងក្រោយវគ្គសន្សំពិន្ទុ បើទោះពួកគេបានកៅអីដោយស្វ័យប្រវត្តិទៅកាន់វគ្គ១៦ក្រុមចុងក្រោយ Euro 2020។ ដោយបញ្ចប់ទៅជាមួយពិន្ទុខ្ពស់ជាងគេក្នុងពូល D អង់គ្លេសនឹងត្រូវជួបក្រុមដែលមានចំណាត់ថ្នាក់ទី២ក្នុងពូល F ដែលជាពូលមរណៈសម្រាប់ព្រឹត្តិការណ៍អឺរ៉ុបឆ្នាំ២០២១នេះ។
Raheem Sterling ជាអ្នកបំប៉ោងសំណាញ់ទីគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុមរហស្សនាមតោកំណាចលើក្រុមឆែក។ យ៉ាណាក៏ដោយ ការទទួលបាន៣ពិន្ទុបន្ថែមនៅជំនួនចុងក្រោយពូល D នេះបានធ្វើឱ្យលោក Gareth Southgate ត្រូវធ្វើការធ្ងន់បន្ថែមទៀត។
អង់គ្លេសឈរកំពូលតារាងមាន៧ពិន្ទុ តាមពីក្រោយដោយក្រូអាស៊ីដែលមាន៤ពិន្ទុ ស្មើក្រុមលេខ៣ឆែក។ ស្កុតឡែន ដែលចាញ់ក្រូអាស៊ីនៅប្រកួតចុងក្រោយ ៣-១ អស់ឱកាសទៅវគ្គបន្ត។
ដោយអនុវត្តិតាមរូបមន្តដែលសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) បានកំណត់សម្រាប់ពាន Euro 2020 ក្រុមរបស់លោក Southgate ដែលឈរលេខ១ពូល D នឹងត្រូវជួបក្រុមដែលមានចំណាត់ថ្នាក់ទី២នៅពូល F។ ពូល F ជាពូលមរណ ដែលរួមមាន បារាំង អាល្លឺម៉ង់ ម្ចាស់ការពារតំណែងជើងឯកព័រទុយហ្កាល់ និងហុងគ្រី។
បារាំងដែលឈរកំពូលតារាងបណ្តោះអាសន្នមាន៤ពិន្ទុ បានកៅអីទៅវគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិហើយ ខណៈលេខ២អាល្លឺម៉ង់ និងលេខ៣ព័រទុយហ្កាល់ដែលរកបាន៣ពិន្ទុដូចគ្នា រួមទាំងក្រុមបាតតារាងហុងគ្រីមាន១ពិន្ទុត្រូវប្រជែងពិន្ទុគ្នានៅជំនួបចុងក្រោយដើម្បីបានឡើងទៅវគ្គខ្វែង។
ជំនួបចុងក្រោយពូល F បារាំងប៉ះព័រទុយហ្កាល់ ឯអាល្លឺម៉ង់តតាំងជាមួយហុងគ្រី។ អាល្លឺម៉ង់មានឱកាសច្រើនក្នុងការដណ្តើមបាន៣ពិន្ទុបន្ថែម ដើម្បីទៅវគ្គបន្ត និងឈរកំពូលតារាងគេចផុតពីអង់គ្លេស។ ហុងគ្រីមានភាគរយតិចតួចណាស់ដើម្បីបន្តការប្រកួតនៅវគ្គ១៦ក្រុម។
ចំណោម បារាំង អាល្លឺម៉ង់ ព័រទុយហ្កាល់ និងហុងគ្រី ក្រុមណាទទួលបានចំណាត់ថ្នាក់ទី២ក្នុងពូល F នឹងត្រូវឡើងទៅជួបអង់គ្លេសវគ្គ១៦ក្រុម នៅកីឡដ្ឋាន Wembley នៅថ្ងៃទី២៩ ខែមិថុនា។
ក្រុមដែលឆ្លងផុតទៅវគ្គ១៦ក្រុមចុងក្រោយរួមមាន អ៊ីតាលី បែលហ្ស៊ិក ហូឡង់ អង់គ្លេស វេសល៍ ដាណឺម៉ាក អូទ្រីស ក្រូអាស៊ី ស៊្វីស ឆែក ស៊ុយអែត និងបារាំង៕
© រក្សាសិទ្ធិដោយ thmeythmey.com