ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីសាធារណការ៖ ឡានអ្នកមានខ្នង អ្នកអត់ខ្នង ធ្វើឲ្យខូចផ្លូវដូចគ្នា! ចាប់ដូចគ្នា ដោយមិនរើសអើង
23, Jun 2021 , 12:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ រថយន្តដែលដឹកលើសទម្ងន់កំណត់ នឹងត្រូវប្រឈមមុខច្បាប់ ទោះបីជាមានខ្នងបង្អែកពីក្រោយក្តី។ នេះបើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលព្រមានពីវិធានការក្តៅលើការរថយន្តដឹកទំនិញ។



លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា មកទល់ពេលនេះ រថយន្តដឹកលើសទម្ងន់ជាង១០០គ្រឿងហើយ ដែលត្រូវបានឃាត់ទុក១ឆ្នាំ និងផាកពិន័យ។ រដ្ឋមន្ត្រីសាធារណការ បានសង្កត់ធ្ងន់ថា ចាប់តាំងពីអនុវត្តវិធានការលើរថយន្តដឹកលើសទម្ងន់មក គ្មាននរណាម្នាក់ហ៊ានចេញអន្តរាគមន៍ឲ្យដោះលែងរថយន្តទាំងនេះឡើយ។  
 
តាមបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានស្ដីពីលទ្ធផលក្នុងការចុះពិនិត្យមើលស្ពានរំលង អង្គតាសោម និងទីតាំងត្រៀមសាងសង់ស្ថានីយជញ្ជីងអចល័ត តាមបណ្ដោយ ផ្លូវជាតិលេខ៣ នាថ្ងៃទី២២ ខែមិថុនា លោក ស៊ុន ចាន់ថុល បានបញ្ជាក់ដូច្នេះថា៖«ឡានអ្នកក្រ ឡានអ្នកមាន អ្នកមានខ្នង អ្នកអត់ខ្នង ធ្វើឲ្យខូចផ្លូវដូចគ្នា។ ចាប់ដូចគ្នា! គ្មានរើសអើង!»។


 
លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទូចឲ្យពលរដ្ឋចូលរួមថែទាំផ្លូវ ដែលរដ្ឋាភិបាល ប្រឹងប្រែងរកថវិកាយ៉ាងលំបាក ដើម្បីកសាងផ្លូវថ្នល់។ ត្រង់ចំណុចនេះ លោក ស៊ុន ចាន់ថុល ចង់ឲ្យម្ចាស់រថយន្តដឹកជញ្ជូនចាត់ទុកផ្លូវជាតិជា «ទ្រព្យសម្បតិ្តរួម» ដោយកុំគិតចង់តែចំណេញ ហើយដឹកលើសទម្ងន់ ធ្វើឲ្យខូចផ្លូវ។ 
 
«បើយើងរួបរួមគ្នា  ប្រទេសយើងមានការរីកចម្រើន ផ្លូវថ្នល់ខ្វាត់ខ្វែង ធ្វើដំណើរស្រួល ដឹកទំនិញលឿន កាត់បន្ថយពេលផង អាចប្រកួតប្រជែងបាន ទាក់ទាញភ្ញៀវទេសចរ ទាក់ទាញអ្នកវិនិយោគ បណ្តាក់ទុននៅកម្ពុជា បង្កើតការងារជូនបងប្អូន។ ដឹកទំនិញកសិផលយកទៅលក់នៅបរទេស»។ នេះបើតាមលោក ស៊ុន ចាន់ថុល ដែលបានបន្ថែមថា វិធានការក្តៅទាំងនោះ គឺការដាក់ជញ្ជីងឆ្មក់ និងជញ្ជីងចល័ត នៅតាមផ្លូវជាតិធំៗទាំងអស់ ដើម្បីឃាត់ទុករថយន្តដែលដឹកលើសល្បឿនកំណត់៕


 

Tag:
 ផ្លូវថ្នល់
 ចរាចរណ៍
 ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com