ជាតិ
រដ្ឋមន្ត្រីបរិស្ថាន ស្នើឱ្យរដ្ឋមន្រ្តីការបរទេសអង់គ្លេស ជួយទិញឥណទានកាបូនពីកម្ពុជា
23, Jun 2021 , 2:25 pm        
រូបភាព
ភ្នំពេញ៖ កម្ពុជា ស្នើឱ្យអង់គ្លេស ជួយទិញឥណទានកាបូន ដើម្បីជួយដល់វិស័យបរិស្ថាន។ រដ្ឋមន្ត្រីបរិស្ថាន លោក សាយ សំអាល់ បានលើកសំណើនេះ នៅក្នុងជំនួបលោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្ត្រីការបរទេសអង់គ្លេស នៅថ្ងៃទី២៣ មិថុនា។


លោក សាយ សំអាល់ បានស្នើឱ្យអង់គ្លេសជួយកម្ពុជា ក្នុងវិស័យបរិស្ថាន និងធម្មជាតិ ដូចជា ការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសបង្កើនភាពជាដៃគូផ្នែកពាណិជ្ជកម្ម និងទិញផលិតផលពីកម្ពុជា។ «នៅក្នុងវិស័យបរិស្ថាន អង់គ្លេសអាចទិញឥណទានកាបូន ហើយថវិកានោះនឹងត្រូវប្រើប្រាស់ដើម្បីបម្រើឱ្យ ការអភិរក្សព្រៃឈើ និងសត្វព្រៃនិងការអភិវឌ្ឍសេដ្ឋកិច្ច មូលដ្ឋានតាមរយៈការផ្តល់ជម្រើសថ្មី មុខរបរ និងចំណូលសម្រាប់ប្រជាពលរដ្ឋ»។ នេះបើតាមលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ដែលបានស្រង់សម្តីលោក សាយ សំអាល់ ប្រាប់អ្នកសារព័ត៌មាន។
 
ចាប់តាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលថវិកាចំនួន១១,៦លានដុល្លារ ពីការលក់ឥណទានកាបូនឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា៖ Disney Kering Intuit និង Shall និងក្រុមហ៊ុន Gucci។ កម្ពុជាកំពុងសិក្សានិងអនុវត្តគម្រោងឥណទានកាបូនសាកល្បងនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង បន្ថែមទៀតជាមួយក្រុមហ៊ុនជប៉ុន «Mitsui»។
 
បច្ចុប្បន្ននេះក្រសួងបរិស្ថាន និងអង្គការសមាគមន៍អភិរក្សសត្វព្រៃកម្ពុជា (WCS)  កំពុងសិក្សាលទ្ធភាពលក់ឥណទានកាបូន ក្នុងទីផ្សារស្ម័គ្រចិត្ត នៅដែនជម្រកសត្វព្រៃចំនួន៤កន្លែងក្នុងខេត្តព្រះវិហារ។ តំបន់ការពារធម្មជាតិទាំង៤កន្លែង ដែលក្រុមមន្ត្រីជំនាញកំពុងសិក្សាអំពីការលក់ឥណទានការបូននោះ មាននៅដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព,  ដែនជម្រកសត្វព្រៃឆែប, ដែនជម្រកសត្វព្រៃព្រះរការ និងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង នៃខេត្តព្រះវិហារ ដែលមានផ្ទៃដីសរុប៥៤៦,១២៩,៤១ហិកតា។
 
ជាការឆ្លើយតប លោក ដូមីនិក រ៉ាអាប់ រដ្ឋមន្ត្រីការបរទេសអង់គ្លេស បានសន្យាបញ្ជូនក្រុមបេសកកម្មជំនាញមកកម្ពុជា ដើម្បីសិក្សាពីតម្រូវការជាក់ស្ដែង ក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិ ។ លោក ដូមីនិក រ៉ាអាប់ បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលោកពេលនេះ គឺដើម្បីស្វែងយល់ពីតម្រូវការរបស់កម្ពុជា និងជួយកម្ពុជាឱ្យមានការអភិវឌ្ឍរីកចម្រើនបន្ថែម។
 
បើតាមលោក ដូមីនិក កម្ពុជា គឺជាមិត្តភ័ក្តិនិងដៃគូ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងការចូលរួមរបស់កម្ពុជាក្នុងកិច្ចប្រជុំ COP26 ស្តីពីការប្រែប្រួលអាកាសធាតុ និងកិច្ចការអាទិភាពនានា។ជាពិសេសការអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃឆ្លងដែន និងការប្រើប្រាស់ថាមពលកកើតឡើងវិញជាដើម។
 
គិតមកដល់ពេលនេះ គឺមានរយៈពេល៣០ឆ្នាំហើយ ដែលអង់គ្លេស បានបើកស្ថានទូតឡើងវិញនៅកម្ពុជា តាំងពីឆ្នាំ១៩៩១។ តាមពិតទៅទំនាក់ទំនងកម្ពុជា និងអង់គ្លេស ចាប់ផ្ដើមបង្កើតឡើងតាំងពីឆ្នាំ១៩៥៣មកម្ល៉េះ ប៉ុន្តែដោយសារកម្ពុជា ជួបបញ្ហាសង្គ្រាមស៊ីវិល និងស្ថិតក្រោមការដឹកនាំរបស់របបខ្មែរក្រហមនោះ នៅឆ្នាំ១៩៧៥ នោះ ទើបធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាត់ផ្ដាច់ ៕

Tag:
 បរិស្ថាន
  កាបូន
© រក្សាសិទ្ធិដោយ thmeythmey.com