COVID-19
អន្តរជាតិ
ឥណ្ឌា រកឃើញវីរុសបំប្លែងខ្លួនថ្មី «ដែលតាបូក» និងបញ្ចូលក្នុងកម្រិតបង្កក្ដីបារម្ភ
23, Jun 2021 , 3:19 pm        
រូបភាព
ឥណ្ឌា នៅថ្ងៃទី២២ ខែមិថុនា បានប្រកាសដាក់វីរុសបំប្លែងខ្លួនដែលបង្កជាជំងឺកូវីដ-១៩ «ដែលតាបូក (Delta plus) » ឬ «B.1.617.2.1»  ក្នុងកម្រិតដែលបង្កជាក្តីបារម្ភ (variant of concern) បន្ទាប់ពីរកឃើញជាច្រើនករណីនៅក្នុងរដ្ឋចំនួន ៣ ។ ការរកឃើញកូរ៉ូណាវីរុសបំប្លែងខ្លួនថ្មីនេះ ធ្វើឡើងស្របពេលឥណ្ឌា កំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងឱ្យប្រជាជនខ្លួននៅក្នុងប្រទេស។

 
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន រដ្ឋលេខាធិការសុខាភិបាលសហព័ន្ធឥណ្ឌា លោក Rajesh Bhushan បានប្រកាសពីវត្តមានវីរុសបំប្លែងខ្លួន «ទម្រង់ដែលតាបូក» បន្ទាប់ពីរកឃើញករណីចំនួន២២ នៅក្នុងរដ្ឋ Maharashtra, រដ្ឋ Kerala and រដ្ឋMadhya Pradesh ។ 
 
បើតាមក្រសួងសុខាភិបាលឥណ្ឌា វីរុសបំប្លែងខ្លួន «ទម្រង់ដែលតាបូក» នេះ មានអត្រាឆ្លងខ្លាំងជាងមុន និងអាចកាត់បន្ថយប្រព័ន្ធភាពស៊ាំនៅក្នុងខ្លួនមនុស្ស។ ទាក់ទិននឹងបញ្ហានេះ ឥណ្ឌា បានបញ្ជាឱ្យបង្កើនការធ្វើតេស្តបន្ថែមទៀតនៅក្នុងរដ្ឋទាំងនោះ។ រដ្ឋាភិបាលឥណ្ឌា កំពុងពិសោធកូរ៉ូណាវីវុសបំប្លែងខ្លួនថ្មីនេះ ដើម្បីទទួលបានព័ត៌មានបន្ថែម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ក្រៅពីឥណ្ឌា ប្រទេសចំនួន ៨ផ្សេងទៀត ក៏រកឃើញវីរុសដែលតាបូកដែរ ក្នុងនោះមានដូចជា ជប៉ុន អាមេរិក អង់គ្លេស ព័រទុយហ្កាល់ ស៊្វីស ចិន រុស្ស៊ី និងប៉ូឡូញ។ 
 
ការរកឃើញវីរុសបំប្លែងខ្លួនទម្រង់ដែលតាបូក  ធ្វើឡើងស្របពេលរដ្ឋាភិបាលអាស៊ីខាងត្បូងមួយនេះ កំពុងបង្កើនយុទ្ធនាការចាក់វ៉ាក់សាំង។ នៅថ្ងៃទី២១ ខែមិថុនា ឥណ្ឌា បានចាក់វ៉ាក់សាំងរហូតទៅ ៨,៦លានដូសឯណោះក្នុងមួយថ្ងៃ និងផ្តល់វ៉ាក់សាំងដោយឥតគិតថ្លៃដល់ក្រុមយុវជន។ 
 
ដោយសារផ្តល់វ៉ាក់សាំងដ៏ច្រើនក្នុងមួយថ្ងៃបែបនេះ អ្នកជំនាញ បានបង្ហាញក្តីបារម្ភលើកម្មវិធីចាក់វ៉ាក់សាំង។ ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters លោកវេជ្ជបណ្ឌិត Chandrakant Lahariya និងជាអ្នកជំនាញគោលនយោបាយសាធារណៈ និងប្រព័ន្ធសុខាភិបាល បានអះអាងថា វាច្បាស់ណាស់ កម្មវិធីចាក់វ៉ាក់សាំងនៅឥណ្ឌា មិនមានចីរភាព ព្រោះរដ្ឋនីមួយៗ បានប្រើប្រាស់វ៉ាក់សាំងច្រើនក្នុងមួយថ្ងៃ ហើយវានឹងធ្វើឱ្យវ៉ាក់សាំងមានការខ្វះខាត នៅថ្ងៃបន្ទាប់។
 
តាមទិន្នន័យរបស់ Reuters COVID-19 Tracker ឥណ្ឌាបានផ្តល់វ៉ាក់សាំងឱ្យប្រជាជនខ្លួនបានចំនួនជាង ២៨៣លានដូស ឬស្មើនឹង ១០ភាគរយ នៃប្រជាជនសរុប។ ឥណ្ឌាបានប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca ដែលត្រូវបានផលិតនៅក្នុងស្រុក និងវ៉ាក់សាំងផលិតផ្ទាល់ខ្លួន Covaxin។ ចំណែកវ៉ាក់សាំងរុស្ស៊ី Sputnik V នឹងចាប់ផ្តើមផ្តល់ឱ្យប្រជាជនក្នុងពេលឆាប់ៗខាងមុខ។ 
 
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែមិថុនា ឥណ្ឌាមានករណីឆ្លងកូវីដ-១៩ សរុបជាង ៣០លានករណី និងអ្នកស្លាប់មានចំនួនជាង ៣៩ម៉ឺននាក់។ ចំណែកអ្នកជាសះស្បើយមានចំនួនជាង ២៨លាននាក់៕ 
 

Tag:
 ឥណ្ឌា
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com