ជាតិ
ពីនេះ ពីនោះ
អាជ្ញាធរ ស្ដារប្រឡាយលូប្រាំ ដើម្បីរំដោះជំនន់ទឹកភ្ញៀងចេញពីខណ្ឌចំនួន៣
23, Jun 2021 , 3:54 pm        
រូបភាព
ដោយ៖ ស៊ុល រ៉វី

ភ្នំពេញ៖អាជ្ញាធររាជធានីភ្នំពេញ ចាប់ផ្ដើមសកម្មភាពស្ដារប្រឡាយលូប្រាំ ដើម្បីរំដោះជំនន់ទឹកភ្លៀងចេញពីខណ្ឌស្ទឹងមានជ័យ ខណ្ឌមានជ័យ និងខណ្ឌសែនសុខ។ ការស្ដារនេះអាចនឹងបញ្ចប់ នៅពាក់ខែកក្កដា ឆ្នាំ២០២១។

 
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លើកឡើងថា ទឹកភ្លៀង បានធ្វើឱ្យលិចផ្លូវ ពិតប្រាកដមែន ដោយសារសំរាមហូរមកកកស្ទះនៅមាត់លូ និងប្រឡាយ។ ដើម្បីរំដោះជំនន់ទឹកភ្លៀងក្នុងរាជធានីភ្នំពេញ លោក ឃួង ស្រេង ឱ្យអាជ្ញាធរខណ្ឌ និង សង្កាត់ ទាំងអស់ត្រូវរៀបចំផែនការប្រមូលសំរាម ស្ដារប្រឡាយ លូ ស្ថិតក្នុងដែនសមត្ថកិច្ច របស់ខ្លួនគ្រប់គ្រងឱ្យបានល្អ បញ្ចៀសការលិចលង់ និងកកស្ទះសំរាម នៅរដូវវស្សានេះ។
 
ក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្ដើមសកម្មភាពស្ដារប្រឡាយលូ៥ ប្រវែងជាងមួយគីឡូម៉ែត្រ និងទទឹងចន្លោះពី១៥-៣០ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ឡើងវិញ។ ប្រធានអង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក ដួង ច័ន្ទសារ៉ាត បានអះអាងថា ការស្ដារនេះ ចាប់ពីប្រឡាយលូប្រាំ ផ្លូវវេងស្រេង រហូតដល់ស្ថានីយបូមទឹកលូប្រាំ ចាប់ពីថ្ងៃទី១៩មិថុនា និងបញ្ចប់ក្នុងពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២១។
 
លោក ដួង ច័ន្ទសារ៉ាត បានប្រាប់សារព័ត៌មាន ThmeyThmey25 ដូច្នេះ៖«ការស្ដារប្រឡាយលូ៥ពេលនេះ គឺដើម្បីរំដោះជំនន់ដោយទឹកភ្លៀង ក្នុងខណ្ឌចំនួនបី គឺខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ និងខណ្ឌសែនសុខ ជាពិសេស ដើម្បីរំដោះទឹកជំនន់ទឹកភ្លៀង១ ភាគ៣ ពីប្រឡាយបារាំង (ប្រឡាយបឹងទំពុន) និងពន្លឿនជំនន់ទឹកភ្លៀង ដែលជន់លិចផ្ទះប្រជាពលរដ្ឋមូលដ្ឋាន»។
 
លោក ច័ន្ទសារ៉ាត បន្ថែមថា ការស្ដារប្រឡាយលូ៥នេះទៀតសោត ពិតជាមានសារសំខាន់ ដោយសារទីតាំងរំដោះជំនន់ទឹកភ្លៀង ចេញពីចំណុចខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ មកកាន់ប្រឡាយលូ៥ បន្តទៅស្ថានីយលូប្រាំ និងបន្ទាប់ទម្លាក់ទៅកាន់ប្រឡាយ និងបន្តចុះទៅជើងឯក។
 
​កន្លងមក​ អាជ្ញាធរ​រាជធានីភ្នំពេញ បានស្ដារប្រឡាយលូនៅតាមទីតាំងមួយចំនួនរួច​ហើយរួមមាន បឹងទំពុន ទួលពង្រ១ ទួលពង្រ២ ជាដើម។ ការស្ដារនៅតាមប្រឡាយផ្សេងៗទៀតជុំវិញរាជធានីភ្នំពេញ ក៏នឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ទៀតដែរ។ នេះជាការបញ្ជាក់របស់លោក ដួង ច័ន្ទសារ៉ាត ប្រាប់ThmeyThmey25 ៕
 
 
 
 
 
 
 
 
 
 

Tag:
 ThmeyThmey25
  ស្ដារប្រឡាយលូ៥
  ខណ្ឌមានជ័យ
  ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com