ដោយ៖ ជា យូគៀង
វគ្គចែកពូលសន្សំពិន្ទុ Euro 2020 ឈានដល់រាត្រីចុងក្រោយក្នុងការកំណត់ជោគវាសនា រកក្រុមជម្រើសជាតិចំនួន ៤ផ្សេងទៀតសម្រាប់វគ្គ១៦ក្រុមចុងក្រោយ។ នៅក្នុងពូល E ស្លូវ៉ាគីប៉ះអេស្ប៉ាញ ខណៈស៊ុយអែតជួបប៉ូឡូញ នៅម៉ោង១១យប់ដូចគ្នា។ ឈានដល់ម៉ោង២អាធ្រាត្រ អាល្លឺម៉ង់ប៉ះហុងគ្រី ស្របពេល ដែលម្ចាស់ការពារតំណែង ជើងឯកព័រទុយហ្គាល់ ប៉ះជើងឯករងបារាំង នៅក្នុងពូល F។
ជំនួបពូល F នៅម៉ោង២អាធ្រាត្រ៖ អាល្លឺម៉ង់ស្វាគមន៍ហុងគ្រីនាកីឡដ្ឋាន Allianz Arena ស្របពេលព័រទុយហ្កាល់ជួបបារាំងនាកីឡដ្ឋាន Puskas Arena
អាល្លឺម៉ង់ បានបង្ហាញពីទំនុកចិត្ត ក្នុងការលេងបាល់បានយ៉ាងល្អ តាមរយៈការយកឈ្នះព័រទុយហ្គាល់ ៤-២ ក្រោយចាញ់បារាំង ១-០។ អាល្លឺម៉ង់ឈរនៅលេខ២បណ្តោះអាសន្ន ហើយលទ្ធផលត្រឹម ស្មើអាចឲ្យពួកគេ បានកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។
គ្រប់គ្នាគិតថា អាល្លឺម៉ង់ មិនសូវមានសម្ពាធ ប៉ុន្តែហុងគ្រីដែលត្រូវបានគេរំលងនៅក្នុងពូល មានការលេង ប្រកប ដោយទឹកចិត្តខ្ពស់ ដែលបានធ្វើឲ្យតាមស្មើ ១-១ ដ៏លំបាក ក្រោយបរាជ័យ ៣-០ ដោយសារព័រទុយហ្គាល់។ សម្រាប់ការប្រកួតនេះ ៣គឺជារឿងដ៏សំខាន់បំផុតសម្រាប់ហុងគ្រី។
សម្រាប់ប្រវត្តិជួបគ្នា ចន្លោះពីឆ្នាំ១៩៩៤ ដល់ឆ្នាំ ២០១៦ អាល្លឺម៉ង់បានយកឈ្នះ៣ដង ហុងគ្រីឈ្នះ១ដង និងស្មើគ្នា១ដង នាជំនួបមិត្តភាពអន្តរជាតិ។
ជាមួយគ្នា គូដ៏សំខាន់នៅក្នុងពូល គឺការប៉ះគ្នារវាងគូវគ្គផ្តាច់ព្រ័ត្រកាលពី៤ឆ្នាំមុន ដោយព័រទុយហ្គាល់ បានយកឈ្នះ ១-០ នៅម៉ោងបន្ថែមដើម្បីលើកពាន Euro ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ខណៈបារាំង ឈរនៅចំណាត់ថ្នាក់លេខ១ ដោយមានកៅអីរួចជាស្រេចនៅវគ្គ១៦ក្រុមចុងក្រោយ ព័រទុយហ្គាល់មិនទាន់មានសុវត្ថិភាពពេញលេញនោះឡើយ ដោយឈរនៅលេខ៣បណ្តោះអាសន្ន។
ជំនួបយប់នេះ ព័រទុយហ្កាល់ រំពឹងយ៉ាងហោចណាស់លទ្ធផលស្មើ ប៉ុន្តែមាន់គកបារាំង ដែលជាម្ចាស់ជើងឯក World Cup 2018 ផងដែរនោះ ច្បាស់ជាមិនបន្ធូរដៃនោះឡើយ។
គិតចាប់តាំងពីឆ្នាំ១៩៧៨ មក ក្រុមទាំងពីរធ្លាប់ជួបគ្នា១៣លើក ដោយព័រទុយហ្គាល់ឈ្នះតែ១លើកគត់នាវគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ២០១៦ ខណៈបារាំងឈ្នះ១១លើក និងស្មើគ្នា១លើក។
ជំនួបពូល E វេលាម៉ោង ១១ យប់៖ ស្លូវ៉ាគី តទល់ជាមួយអេស្ប៉ាញនាកីឡដ្ឋាន Estadio de La Cartuja ខណៈ ស៊ុយអែត ជួបប៉ូឡូញនាកីឡដ្ឋាន Saint Peterburg
ស៊ុយអែយជាក្រុមតែមួយគត់ដែលមានពិន្ទុគ្រប់គ្រាន់ដើម្បីឡើងទៅឈរចាំនៅវគ្គ១៦ក្រុមចុងក្រោយ ប៉ុន្តែពួកគេត្រូវការឈ្នះបន្ថែមទៀតដើម្បីឈរចំណាត់ថ្នាក់លេខ១ក្នុងពូល ខណៈស្លូវ៉ាគី អេស្ប៉ាញ និងប៉ូឡូញ សុទ្ធតែនៅមានឱកាសរៀងៗខ្លួន។
ស្លូវ៉ាគី មាន៣ពិន្ទុក្នុងដៃ ក្រោយឈ្នះ ២-១ លើប៉ូឡូញ និងចាញ់ស៊ុយអែត១-០ ខណៈអេស្ប៉ាញជាក្រុមត្រូវការឈ្នះបំផុត ដោយសារមានតែ២ពិន្ទុប៉ុណ្ណោះនៅក្នុងដៃ ក្រោយស្មើ ០-០ ជាមួយស៊ុយអែត និងស្មើ ១-១ ជាមួយប៉ូឡូញ។
ជំនួប៦លើកកន្លងមក អេស្ប៉ាញយកឈ្នះ បាន៤លើក ស្លូវ៉ាគីឈ្នះ១លើក និងស្មើគ្នា១លើក ដែលសុទ្ធតែសុទ្ធស្ថិតក្នុងក្របខណ្ឌប្រកួតជម្រុះ World Cup និង Euro។
រីឯជំនួបមួយគូទៀត ប៉ូឡូញជាក្រុមដែលមានសម្ពាធខ្លាំងជាងគេ ដោយពួកគេត្រូវការឈ្នះជាដាច់ខាត ព្រោះទើបមានតែ១ពិន្ទុក្នុងដៃ ខណៈស៊ុយអែត នៅតែបានកៅអីទៅកាន់វគ្គបន្តដោយមាន៤ពិន្ទុ បើទោះបីជាលទ្ធផលបែបណាក៏ដោយ។
សម្រាប់ប្រវត្តិរបស់ក្រុមទាំងពីរចន្លោះពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៥ ប៉ូឡូញមិនដែលយកឈ្នះស៊ុយអែត ឡើយ ដោយក្នុងនោះស៊ុយអែតឈ្នះ ៥លើក និងស្មើ១ ហើយការប្រកួតទាំងនោះភាគច្រើនជាការប្រកួតជម្រុះ Euro និងប្រកួតមិត្តភាព៕