ជាតិ
សង្គមជាតិ
បញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងភូមិសាស្រ្តនយោបាយ នាំឱ្យរដ្ឋបរទេសបង្វែរជំនួយរដ្ឋាភិបាលកម្ពុជា?
23, Jun 2021 , 5:01 pm        
រូបភាព
ភ្នំពេញ៖ ចុងក្រោយនេះ អាមេរិក និងរដ្ឋបរទេសនានា បានបង្វែរជំនួយពីរដ្ឋាភិបាលកម្ពុជា ទៅសង្គមស៊ីវិល និងសហគមន៍មូលដ្ឋានផ្ទាល់វិញ។ អ្នកវិភាគ មើលឃើញថា ការបង្វែរជំនួយនេះ ដោយសាររដ្ឋាភិបាល ប្រើប្រាស់ថវិកាគ្មានតម្លាភាព ខណៈបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដើរថយក្រោយ។ តែរដ្ឋាភិបាល ចាត់ទុកទង្វើបរទេសទាំងនេះ គ្រាន់តែជានយោបាយប្រកួតប្រជែងអំណាចពួកគេ មកលើកម្ពុជាប៉ុណ្ណោះ។



ដ្បិតរដ្ឋបរទេសទាំងនេះ បង្វែរជំនួយពីរដ្ឋាភិបាលកម្ពុជា ដោយគ្មានបញ្ជាក់ហេតុផលក្តី ប៉ុន្តែលោក រ៉ូ វណ្ណៈ មើលឃើញថា បញ្ហានេះ អាចមកពីគុណតម្លៃប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ នៅកម្ពុជាពុំមានភាពប្រសើរឡើង ហើយបែរជាដុនដាបទៅៗ ។ បញ្ហានេះ មកពីរដ្ឋាភិបាលកម្ពុជា និងរដ្ឋផ្ដល់ជំនួយ យល់ឃើញ និងឱ្យតម្លៃខុសគ្នា លើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។


 
ត្រង់ចំណុចនេះ សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកវិភាគភូមិសាស្រ្តនយោបាយ បានពន្យល់ថា រដ្ឋបរទេស គឺផ្ដល់ជំនួយដោយផ្សារភ្ជាប់ការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ខណៈរដ្ឋាភិបាល បានអនុវត្តវិធានការច្បាប់ ចាប់ខ្លួនសកម្មជននយោបាយ សិទ្ធិមនុស្ស និងបរិស្ថាន ដែលផ្ទុយពីគោលការណ៍ពួកគេ។ បើតាមលោក វណ្ណៈ ការប្រើប្រាស់ថវិកាជំនួយ ខ្វះតម្លាភាព និងគ្មានប្រសិទ្ធិភាព ក៏អាចជាមូលហេតុចម្បងនៃការបង្វែរជំនួយដែរ។ 
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកវិភាគនយោបាយរូបនេះ បានសង្កត់ធ្ងន់ដូច្នេះថា៖ «ជាការពិត អង្គការសង្គមស៊ីវិល តែងប្រើប្រាស់ថវិកាជំនួយប្រកបដោយតម្លាភាពនិងគណនេយ្យភាព និងប្រសិទ្ធិភាពក្នុងក្របខណ្ឌគម្រោងម្ចាស់ជំនួយ។ អាចនិយាយបាន ថា ជំនួយតាមរយៈសង្គមស៊ីវិលទំនងជាដល់ដៃប្រជាពលរដ្ឋដែលរងគ្រោះ មានបញ្ហា ....។ ជ្រុងមួយទៀត គឺលំហូរនៃការវិនិយោគ ជំនួយកម្ចីដ៏ច្រើនរបស់ចិនធ្វើឱ្យជំនួយជាប្រពៃណីរបស់លោកខាងលិច ថយឥទ្ធិពលលើរដ្ឋាភិបាល អ៊ីចឹងជម្រើសល្អត្រូវបង្វែរទៅដល់សង្គមស៊ីវិល ដើម្បីរក្សាមុខមាត់របស់ខ្លួន»។ 
 
លោក ផៃ ស៊ីផាន ហាក់មិនខ្វល់បញ្ហានេះឡើយ។ អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ បាននិយាយបែបនេះវិញថា ម្ចាស់ជំនួយមានសិទ្ធិប្រើប្រាស់ថវិកាខ្លួន សម្រាប់ផ្ដល់ឲ្យភាគីណាមួយក៏បានតាមបំណងពួកគេ។ សម្រាប់លោក ផៃ ស៊ីផាន យុទ្ធសាស្រ្តនៃការបង្វែរជំនួយទៅជួយសង្គមស៊ីវិល គ្រាន់តែជាយុទ្ធសាស្រ្តដាក់សម្ពាធមកលើរដ្ឋាភិបាលប៉ុណ្ណោះ។


 
«ក្នុងការបង្វែរជំនួយដែលយើងមើលឃើញថាជាការដាក់ទណ្ឌកម្ម អាស្រ័យកម្ពុជាជិតដិតជាមួយចិន បានសេចក្ដីថាការលើកឡើងជាក់ស្ដែងរឿងនយោបាយ។ ដូច្នេះសង្គមស៊ីវិល គ្រាន់តែជាភ្នាក់ងារនយោបាយរបស់បរទេសប៉ុណ្ណោះ»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាល ដែលបាននិយាយចំអកវិញថា សង្គមស៊ីវិល ដែលទទួលជំនួយពីបរទេស គឺធ្វើការដើម្បីផលប្រយោជន៍បរទេស ពោលគឺពួកគេបានត្រឹមបញ្ចេញសំឡេង និងធ្វើរបាយការណ៍រិះគន់រដ្ឋាភិបាលប៉ុណ្ណោះ។ 
 
ការបកស្រាយបែបនេះ ដោយសាររដ្ឋាភិបាល ហាក់មានទំនោលទៅរកចិនខ្លាំង។ លោក មាស នី អ្នកវិភាគនយោបាយ មើលឃើញថា ទំនោលនយោបាយការបរទេសកម្ពុជា ងាកទៅរកចិនខ្លាំងពេកនេះហើយ ដែលជាមូលហេតុដែលរដ្ឋបរទេស ជាពិសេសអាមេរិកត្រូវផ្ដាច់ ឬបង្វែរជំនួយពីរដ្ឋាភិបាលវិញ។ 
 
បើតាមលោក មាស នី ទោះចិនផ្ដល់ជំនួយមិនភ្ជាប់លក្ខខណ្ឌតម្លាភាព និងគណនេយ្យភាពក៏ដោយ ប៉ុន្តែចិនហាក់ព្យាយាមប្រើឥទ្ធិពលរបស់ខ្លួន ផ្នែកមនោគមន៍វិជ្ជាដល់បណ្ដាប្រទេសដែលខ្លួនបានជួយ។ «មនោគមន៍នេះ គឺអត្តចរិតនយោបាយនៃការដឹកនាំ ដោយប្ដូរពីប្រជាធិបតេយ្យទៅផ្ដាច់ការ»។ នេះជាការយល់ឃើញរបស់លោក មាស នី ដោយបានបន្ថែមថា ទាំងជំនួយចិននិងអាមេរិកនីមួយៗ សុទ្ធតែមានបំណងប្រកួតឥទ្ធិពលអំណាចនៅតំបន់។ 
 
កម្ពុជា ប្រកាន់គោលជំហរអព្យាក្រឹត្យភាព។ ដូច្នេះ បរទេស សង្គមស៊ីវិល ឬជនណាមួយ មិនអាចយកកម្ពុជាទៅបង្កជម្លោះជាមួយ ចិន អាមេរិក វៀតណាម និងថៃជាដើមឡើយ។ នេះបើតាមលោក ផៃ ស៊ីផាន ដោយបន្ថែមថា​ ការបង្វែរជំនួយនេះ អត់មានផលវិបាកដល់កម្ពុជាទេ ព្រោះកម្ពុជាតាំងចិត្តគ្រប់គ្រងប្រទេសខ្លួនឯង មិនបម្រើបរទេសដើម្បីប្រយោជន៍ណាមួយឡើយ។ 
 
កម្ពុជាប្រកាន់ អព្យាក្រឹត្យភាព នីតិរដ្ឋ និងប្រជាធិបតេយ្យ គឺជាពាក្យនិយាយរត់មាត់តែប៉ុណ្ណោះ។ នេះបើតាមលោក មាស នី អ្នកវិភាគនយោបាយ ដោយបន្ថែមថា ការអនុវត្តជាក់ស្ដែង គឺមិនប្រសើរឡើយ ដោយផ្អែកលើស្ថានភាពឃាត់ខ្លួនសកម្មជនជាបន្តបន្ទាប់។ 
 



កាលពីថ្ងៃទី១៧ មិថុនា អាមេរិក បានប្រកាសបង្វែរជំនួយ២១លានដុល្លារនៃគម្រោងព្រៃឡង់បៃតង ដែលទ្រទ្រង់ដោយទីភ្នាក់ងារជំនួយអាមេរិក USAID ទៅជួយវិស័យឯកជន សង្គមស៊ីវិល និងការងាររបស់សហគមន៍មូលដ្ឋាន ដើម្បីកែលម្អមុខរបរប្រកបជីវភាពរស់នៅ និងពង្រីកកសិកម្ម ដែលមិនប៉ះពាល់បរិស្ថានវិញ។ មូលហេតុនៃការបង្វែរថវិកានេះ ដោយសារការកាប់ឈើខុសច្បាប់ នៅតែមានក្នុងព្រៃឡង់ ហើយជម្រកសត្វព្រៃនៅទីនោះ ក៏នៅតែបន្តបាត់បង់ច្រើន ទោះបីអាមេរិកបានគាំទ្រថវិកាសរុប ១០០លានដុល្លារតាំងពីឆ្នាំ២០១៦មក ដើម្បីល្បាត និងរៀបចំប្រព័ន្ធគ្រប់គ្រងតំបន់ការពារថ្នាក់ជាតិក៏ដោយ។
 
«អាជ្ញាធរបានបន្តបំបិទសំឡេង ហើយធ្វើទុក្ខសហគមន៍មូលដ្ឋាន និងសង្គមស៊ីវិល ដែលជាដៃគូរបស់គេ ដែលបង្ហាញកង្វល់ដ៏សមហេតុផល លើការបាត់បង់ធនធានធម្មជាតិរបស់គេ»។ នេះជាការអះអាងរបស់ស្ថានទូតអាមេរិក៕
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com