សង្គមអន្តរជាតិ​
អន្តរជាតិ
ស្ត្រីម្នាក់ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅពេទ្យចិត្តសាស្ត្រពីបទកុហកថា បានបង្កើតកូនភ្លោះ១០នាក់
23, Jun 2021 , 9:29 pm        
រូបភាព
ដោយ: ធីតា
ករណីស្ត្រីអាហ្វ្រិកខាងត្បូង Gosiame Sithole ត្រូវបានសារព័ត៌មានជាច្រើនលើពិភពលោក រួមទាំង BBC ចាប់អារម្មណ៍ និងចុះផ្សាយព្រោងព្រាត បន្ទាប់ពីគាត់ប្រកាសថាបានបង្កើតកូនភ្លោះ១០នាក់ក្នុងពេលតែមួយ។ យោងតាមការផ្សាយរបស់ Afrik.com ស្ត្រីរូបនេះ ត្រូវបានចាប់ខ្លួន ពីបទបង្កើតរឿងប្រឌិត។

 
លោក Teboho Tsotetsi កន្លងមក ត្រូវបានអះអាងថា ជាស្វាមី ប៉ុន្តែតាមពិតជាគ្រាន់តែជាមិត្តប្រុស បានបញ្ជាក់ថា លោក និងក្រុមគ្រួសារមិនដែលបានឃើញកូនភ្លោះទាំង១០នោះឡើយ។ គាត់បានត្រឹមតែដឹងលឺតាមសារ Whatspp ប៉ុណ្ណោះ។
 
លោក Tsotetsi បានព្យាយាមជាច្រើនលើកដើម្បីជួបមុខកូនៗ ប៉ុន្តែអ្នកស្រី Sithole មិនអនុញ្ញាត ដោយទីបំផុត ក្រុមគ្រួសារលោកស្រាវជ្រាវឃើញថា កូនភ្លោះ១០នាក់ មិនមានពិតប្រាកដនោះឡើយ។ លោក និងក្រុមគ្រួសារបានសុំទោសចំពោះការនិយាយកន្លងមក ដោយផ្អែកតែតាមសំដីរបស់ Sithole។
 
ក្រោយការផ្សព្វផ្សាយដំណឹងនេះ អ្នកស្រី Sithole អាយុ៣៧ឆ្នាំ ត្រូវបានប៉ូលិសតំបន់ Chloorkop ក្រុង Guateng ចាប់ខ្លួន។ បើតាមសារព័ត៌មាន News-24.fr សំណើរសុំរបស់មេធាវីឲ្យកូនក្តីនៅក្រៅឃុំ និងពិគ្រោះយោបល់ផ្នែកចិត្តសាស្ត្រជាលក្ខណៈឯកជន ត្រូវបានបដិសេធ។


 
អ្នកស្រីមេធាវី Refiloe Mokoena បានអះអាងប្រាប់អ្នកសារព័ត៌មានថា កូនក្តីរបស់ខ្លួនបានបដិសេធទៅមន្ទីរពេទ្យរដ្ឋ Tembisa ដើម្បីពិគ្រោះយោបល់ផ្នែកចិត្តសាស្ត្រ ដោយសារតែគាត់មានអារម្មណ៍ថា មិនសូវស្រួលខ្លួន។
 
ក្រោយការផ្សព្វផ្សាយពេញបណ្តាញអ៊ិនធ័រណិត មនុស្សជាច្រើនបានរួមគ្នាបរិច្ចាគថវិកាដើម្បីជួយសម្រួលជីវភាពរបស់ Sithole ប៉ុន្តែស្ត្រីរូបនេះ ចោទប្រកាន់គ្រួសារមិត្តប្រុសរបស់ខ្លួនថា បានយកលុយជំនួយទាំងនោះ ធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន។
 
ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីមេធាវីបានអះអាងថា កូនក្តីខ្លួន ត្រូវបាននាយកដ្ឋានអភិវឌ្ឍន៍សង្គម នាំយកទៅកាន់មន្ទីរពេទ្យសម្រាប់ការពិគ្រោះយោបល់ផ្នែកចិត្តសាស្ត្រ។ ដោយយោងផ្អែកហេតុផលបញ្ហាស្មារតី ក្រុមគ្រួសារសាច់ញាតិរបស់ Sithole បានអះអាងពួកគេនឹងនាំគ្នាទាមទារឲ្យតុលាការទម្លាក់បទចោទប្រកាន់ ប៉ុន្តែមិនបានបញ្ជាក់ពីគម្រោងច្បាស់លាស់នោះឡើយ។


 
ក្រោយការផ្សព្វផ្សាយរបស់សារព័ត៌មានធំៗ ក្រុមការងារកំណត់ត្រាពិភពលោក Guinness World Records បានអះអាងថា ពិនិត្យមើលករណីអ្នកស្រី Sithole មុននឹងផ្តល់ចុះបញ្ជីផ្លូវការ។ កាលពីឆ្នាំ២០០៩ ស្ត្រីម្នាក់នៅអាមេរិកបានកូនភ្លោះបាន៨នាក់ ហើយទទួលបានកំណត់ត្រាពី Guinness World Record ខណៈកាលពីខែឧសភា កន្លងមក មានរបាយការណ៍ថា ស្ត្រីម៉ាលីអាយុ២៥ឆ្នាំម្នាក់ បានបង្កើតកូន៩នាក់នៅគ្លីនិចមួយក្នុងប្រទេសម៉ារ៉ុក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com