ជាតិ
លោក វេង សាខុន ឱ្យកសិករចុះបញ្ជីអនុវត្តកសិកម្មល្អកម្ពុជា CamGAP ដើម្បីនាំចេញទៅចិននិងកូរ៉េ
23, Jun 2021 , 9:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញឱ្យកសិករអនុវត្តកសិកម្មល្អកម្ពុជា(CamGAP) ដើម្បីលើកកម្ពស់គុណភាព ចំណីអាហារក្នុងស្រុក និងជំរុញការនាំចេញកសិផលទៅកាន់ទីផ្សារចិន និងកូរ៉េខាងត្បូង។

 
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកឡើងថា ការចុះបញ្ជីកសិដ្ឋានអនុវត្តតាម CamGAP បានក្លាយជាយន្តការបច្ចេកទេសដ៏សំខាន់មួយ ដើម្បីធានាឲ្យបាននូវការគោរពប្រតិបត្តិបានយ៉ាងខ្ជាប់ខ្ជួន ត្រឹមត្រូវច្បាស់លាស់តាមនិយាមសុវត្ថិភាពចំណីអាហារ ចំពោះប្រទេសនាំចូលកសិផលសំខាន់ៗ របស់កម្ពុជា។ ការជំរុញការអនុវត្តCamGAP មិនត្រឹមតែបាន និងកំពុងចូលរួមលើកកម្ពស់គុណភាព និងសុវត្ថិភាពចំណីអាហារ នៅក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់ការនាំចេញកសិផល ទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ CamGAP បានជួយឲ្យក្រសួងកសិកម្ម អាចចចារជាមួយភាគីពាក់ព័ន្ធ ដើម្បីនាំចេញកសិផលមួយចំនួនទៅកាន់ទីផ្សារអន្តរជាតិ ដូចជាស្វាយ ចេកអំបូងលឿង ជាដើម។
 
លោករដ្ឋមន្រ្តីកសិកម្ម បានរៀបរាប់ដូច្នេះ៖ «ការជំរុញ និងលើកទឹកចិត្តឲ្យក្រុមហ៊ុនឯកជន សហគមន៍ និងម្ចាស់ចម្ការ ចុះបញ្ជីកសិដ្ឋានអនុវត្តតាម CamGAP គឺជាដើមចមយ៉ាងសំខាន់ជួយឲ្យការចរចាររវាងក្រសួងកសិកម្ម ជាមួយភាគីចិន និងភាគីកូរ៉េ អំពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ និងផ្លែចេកអំបូងលឿងស្រស់ ទៅកាន់ទីផ្សារប្រទេសទាំងពីរសម្រេចទទួលបានជោគជ័យ»។


 
ដោយឡែកលោក កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យយល់ថា ការប្រើប្រាស់ប្រព័ន្ធQR Code លើផលិតផល ពិតជារួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ផលិតផលកសិកម្ម។ លោក កែ មុន្ធីវុធ បានរៀបរាប់ប្រាប់សារព័ត៌មាន ThmeyThmey25 តាមទូរសព្ទបែបនេះ៖«វាជួយបន្ថែមតម្លៃឲ្យផលិតផល ជួយឲ្យកសិផលកាន់តែមានទីផ្សារ។ កសិផលដែលបានអនុវត្តកសិកម្មល្អកម្ពុជា និងមានឱកាសនាំចេញទៅកាន់ទីផ្សារអន្តរជាតិ»។
 
បច្ចុប្បន្ន ប្រជាពលរដ្ឋកាន់តែយល់ដឹង និងបានគិតគូវែងឆ្ងាយ លើសុខភាពចំណីអាហារ ដែលពួកគេបរិភោគប្រចាំថ្ងៃ។ ចំណីអាហារ បន្លែ ផ្លែឈើ ដែលមានស្តង់ដារគុណភាព និងសុវត្ថិភាពទាំងនោះភាគច្រើន គឺមានវត្តមាននៅតាមផ្សារទំនើប ទើបធ្វើឲ្យចំណីអាហារទាំងនោះមានតម្លៃខ្ពស់។
 
លោក កែ មុន្ធីវុធ បានអះអាងថា ការអនុវត្តកសិកម្មល្អកម្ពុជា ផ្ដោតសំខាន់លើគុណភាព សុវត្ថិភាព និងការប្រកូតប្រជែងផលិតផលកសិកម្ម។ ភ្ជាប់ជាមួយការអនុវត្តកសិកម្មល្អកម្ពុជា កសិករមានប្រព័ន្ធQR Code បិទលើកសិផលរបស់ខ្លួន ដើម្បីបង្ហាញពីស្តង់ដារកសិផល និងចៀសវាងការក្លែងបន្លំ។
 
ប្រធាននាយកដ្ឋានរូបនេះ បានបន្តថា ការអនុវត្តកសិកម្មល្អកម្ពុជា មិនត្រឹមតែឲ្យកសិផលមានទីផ្សារនោះទេ ថែមទាំងមានឱកាសឈានទៅកាន់ទីផ្សារខាងក្រៅផង។ តែដើម្បីឲ្យកសិផលមានស្តង់ដារគុណភាព និងសុវត្ថិភាព ម្ចាស់ចម្ការបន្លែ និងផ្លែឈើ ទាំងអស់ត្រូវចុះបញ្ជីអនុវត្តកសិកម្មល្អកម្ពុជា ជាមុនសិន។
 
ដើម្បីទទួលបានការអនុញ្ញាត្តិ ការប្រើប្រាស់រូបសញ្ញាជាតិ និងប្រព័ន្ធ QR Code ម្ចាស់ចម្ការត្រូវដាក់ពាក្យស្នើសុំ ទៅអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ បន្ទាប់មកម្ចាស់ចម្ការ ឬកសិដ្ឋាន ត្រូវឆ្លងកាត់វគ្គការបណ្តុះបណ្តាល ស្តីពីការអនុវត្តកសិកម្មល្អកម្ពុជា។
បន្ទាប់ពីឆ្លងកាត់វគ្គបណ្ដុះបណ្ដាល ចម្ការនឹងត្រូវបានត្រួតពិនិត្យវាយតម្លៃពីអនុឡោមភាព ដែលជាដំណើរការមួយ ក្នុងការចុះបញ្ជី។ មន្រ្តីជំនាញ នឹងធ្វើការត្រួតពិនិត្យ និងវាយតម្លៃនៅទីតាំងដាំដុះ និងកន្លែងលាងសម្អាតវេចខ្ចប់ជាដើម ព្រមទាំងការវិភាគសំណាកកសិផល នៅមន្ទីរពិសោធន៍ ដើម្បីបញ្ជាក់ពីកម្រិតសុវត្ថិភាព។
 

កសិផលដែលបានបិទQR Code

បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យ វាយតម្លៃ ព្រមទាំងវិភាគសំណាកនៅមន្ទីរពិសោធន៍ ចម្ការ ឬកសិដ្ឋាននឹងត្រូវអនុម័តពីអនុលោមភាព ដើម្បីទទួលបានការចុះបញ្ជីបញ្ជាក់ថា ជាចម្ការ ឬកសិដ្ឋានអនុវត្តកសិកម្មល្អកម្ពុជា។ ចម្ការ ឬ កសិដ្ឋាន ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់អំពីអនុលោមភាព តាមវិធានCamGAP អាចប្រើប្រាស់រូបសញ្ញាCamGAP រួមជាមួយស្លាកសញ្ញាប្រព័ន្ធតាមដានប្រភពកសិផល(QR Code) បិទលើផលិតផល។
 
ថ្មីៗនេះខាងមន្ទីរកសិកម្មខេត្តបាត់ដំបង ក៏ទើបបានបង្កើតប្រព័ន្ធQR Code សម្គាល់ទុរេនសំឡូតដែរ ដើម្បីការពារអត្តសញ្ញាណផលិតផល និងចៀសវៀងការក្លែងបន្លំពីជនខិលខូច។ បើតាមលោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង ការបង្កើតQR Code សម្គាល់ទុរេនសំឡូត ដើម្បីឲ្យពលរដ្ឋអាចបរិភោគទុរេន ដែលមានស្តង់ដារគុណភាព និងសុវត្ថិភាព ចៀសវាងការក្លែងផលិតផលនាំចូល ធ្វើជារបស់ក្នុងស្រុក។
 
បើតាមរបាយការណ៍លោក កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យ គិតមកដល់ពេលនេះ មានចម្ការ ឬកសិដ្ឋានចំនួន២៤៦ បានចុះបញ្ជីអនុវត្តកសិកម្មល្អកម្ពុជា(CamGAP)។ ក្នុងនោះមានចម្ការបន្លែចំនួន១៤៧ ចម្ការស្វាយ៦៦ មៀនប៉ៃលិន៣០ចម្ការ ចេក១ចម្ការ និងល្ហុង២ចម្ការ៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com