ជាតិ
អ្នកប្រើហ្វេសប៊ុកខ្លះសោកស្ដាយដែលសកម្មជនបរិស្ថានបំពានរដ្ឋធម្មនុញ្ញ
23, Jun 2021 , 8:19 pm        
រូបភាព

ការចាប់ខ្លួនយុវជន៣នាក់ដែលត្រូវបានស្គាល់ថាជាសកម្មជនបរិស្ថាននៅតែជាប្រធានបទនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ចុងក្រោយនេះមានការចែករំលែកវីដេអូមួយដែលបង្ហាញថា សកម្មជនបរិស្ថាន និងជនជាតិអេស្ប៉ាញឈ្មោះអាឡិចហ្សង់ត្រូ ហ្កន់សាឡេស ដេវីដសិន បានប្រមាថព្រះមហាក្សត្រ។ អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនបានសរសេរថ្កោលទោសចំពោះអំពើប្រមាថព្រះករុណា និងថ្នាក់ដឹកនាំកំពូល ហើយសោកស្ដាយដែលយុវជនទាំង៣ ត្រូវបានអូសទាញដោយជនបរទេស។


ម្សិលមិញមានអ្នកសរសេរអធិប្បាយលើបណ្ដាញសង្គមនានាបង្ហាញការសោកស្ដាយចំពោះការចាប់ខ្លួនយុវជន៣នាក់ដែលជាសកម្មជនបរិស្ថាន។ នៅថ្ងៃនេះក៏មានចលនានៃការបង្ហោះសារតាមហ្វេសប៊ុកសម្តែងការសោកស្ដាយដែលសកម្មជនបរិស្ថានទាំងនោះនិយាយប្រមាថព្រះមហាក្សត្រ និងប្រមុខដឹកនាំកំពូល។

ការអធិប្បាយចុងក្រោយនេះកើតឡើងក្រោយពីមានការចែករំលែកឃ្លីបវីដេអូនៃកិច្ចពិភាក្សាមួយតាមរយៈប្រព័ន្ធហ្ស៊ូមមួយ។នៅក្នុងកិច្ចប្រជុំនោះមានមនុស្ស៤នាក់រួមទាំងជនបរទេសឈ្មោះអាឡិច ដែលជាអតីតប្រធានអង្គការមាតាធម្មជាតិ ហើយដែលត្រូវបានរដ្ឋាភិបាលបណ្ដេញចេញពីកម្ពុជា។ នៅក្នុងវីដេអូនោះគេឮសំឡេងជនបរទេសនិយាយប្រមាថព្រះករុណានិងថ្នាក់ដឹកនាំប្រទេសកម្ពុជា។

អត្ថបទទាក់ទង

នៅលើបណ្ដាញសង្គមហ្វេសប៊ុកគណនីឈ្មោះ ឃឿម សុខឿន បានសរសរថ្កោលទោសបុរសជនជាតិអេស្ប៉ាញដែលប្រើពាក្យពេចន៍ប្រមាថព្រះកិត្តិនាមព្រះមហាក្សត្រដោយមានបង្ហោះមាត្រា៧នៃរដ្ឋធម្មនុញ្ញដែលចែងថា ព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ។


 គណនីហ្វេសប៊ុក ឈ្មោះ Prom Morokot សរសេរថា៖«គេមិនចាប់គាត់ទេ បើធ្វើការងារការពារបរិស្ថាន។ តែគេចាប់គាត់ដោយសារខ្លឹមសារក្នុងកិច្ចប្រជុំ។»។ គណនីមួយ ទៀត ឈ្មោះ Sam Rithy សរសេរដោយតាំងជាសំណួរថា  តើកិច្ចពិភាក្សានេះជាវេទិកាដើម្បីការពារបរិស្ថាន ឬវេទិកាបំពាក់បំប៉នអោយមានការញុះញង់ ប្រមាថថ្នាក់ដឹកនាំជាតិឯង និងព្រះមហាក្សត្រ ជាទីគោរពសក្ការៈ?

ផុតពីការអត្ថាធិប្បាយលើខ្លឹមសារនៃវីដេអូនោះ ក៏មានការបញ្ចេញយោបល់ទាក់ទងនឹងសិទ្ធិបញ្ចេញមតិដែរ។ លោក នួន ផារ័ត្ន ដែលជាអភិបាលរងសាលារាជធានីភ្នំពេញ ក៏បានបញ្ចេញយោបល់នៅលើគណនីហ្វេសប៊ុករបស់លោកដែរ។ លោក ផារ័ត្ន បានសរសេរថា នៅពេលដែលពាក្យសំដី និងកាយវិការ ដើរហួសពីព្រំដែននៃសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការឈឺឆ្អាលក្នុងកិច្ចការសង្គម ដែលច្បាប់បានគូសវាស ការអនុវត្តច្បាប់គឺជាជម្រើសល្អបំផុតដើម្បីរក្សាស្ថេរភាព និងសុខដុមរមនា ក្នុងសង្គមជាតិ។

លោកអភិបាលរងសាលារាជធានីបានអំពាវនាវយ៉ាងដូច្នេះថា៖«សូមយុវជនយើងកុំជឿលង់តាមពាក្យគេថា។សូមចូលរួមក្នុងជីវភាពសង្គមវប្បធម៌បរិស្ថាននយោបាយប្រកបដោយការយល់ដឹង និងការទទួលខុសត្រូវ។»។ 

អគ្គស្នងការរងនិងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បានប្រាប់សារព័ត៌មានថ្មីៗថាតែសមត្ថកិច្ចមានភស្តុតាងច្បាស់លាស់ពីការប្រព្រឹត្តិបទល្មើសទើបអាចឃាត់ខ្លួនយុវជនទាំងបីបាន។

កាលពីថ្ងៃទី១៦មិថុនាអាជ្ញាធរបានឃាត់ខ្លួនសកម្មជនបរិស្ថាន៤រូប ប៉ុន្តែក្រោយមកបានដោះលែងយុវជន ឈ្មោះ សិដ្ឋ ឈីវលីម៉េង វិញ។ចំណែកសកម្មជនបរិស្ថាន៣រូបទៀត ដែលកំពុងរងបទចោទប្រកាន់នោះ ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី២១ មិថុនា។ ក្នុងនោះកញ្ញា ស៊ុន រដ្ឋា និង លោក យឹម លាងហ៊ី ត្រូវបានតុលាការចោទប្រកាន់ពី ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់។ ដោយឡែក លោក លី ចាន់ដារ៉ាវុត រងការចោទប្រកាន់ពីបទរួមគំនិតក្បត់។ បទចោទពួកគេទាំងនេះត្រូវបានធ្វើឡើងដោយយោងតាមមាត្រា៤៣៧ និង៤៥៣នៃក្រមព្រហ្មទណ្ឌដែលអាចប្រឈមមុខជាប់ពន្ធនាគារពី៥ ឆ្នាំទៅ១០ឆ្នាំនិងពិន័យជាប្រាក់១០លានរៀល៕


 


© រក្សាសិទ្ធិដោយ thmeythmey.com