ជាតិ
មន្ត្រីជំនាញ បន្តរកឃើញអាល់កុលក្លែងក្លាយជាបន្តបន្ទាប់តាមបណ្តាខេត្ត
24, Jun 2021 , 7:59 am        
រូបភាព
ការចុះត្រួតពិនិត្យទីតាំងផលិតស្រាស ដើម្បីយកសំណាកពិនិត្យរកសារធាតុមេតាណុល របស់មន្ត្រី ក.ប.ប នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។
ការចុះត្រួតពិនិត្យទីតាំងផលិតស្រាស ដើម្បីយកសំណាកពិនិត្យរកសារធាតុមេតាណុល របស់មន្ត្រី ក.ប.ប នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។
ដោយ៖ ស៊ុល រ៉វី 

មន្ត្រីជំនាញសាខា នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានរកឃើញអាល់កុលក្លែងក្លាយ(មេតាណុល) ៤០លីត្រក្នុងខេត្តកំពង់ស្ពឺ និងខេត្តបន្ទាយមានជ័យចំនួន ៦៦.៥លីត្រ នៅថ្ងៃទី២២មិថុនា ឆ្នាំ២០២១នេះ។ ក្រោយរកឃើញសារធាតុមេតាណុលនេះ មន្ត្រី ក.ប.ប បានរឹបអូសទំនិញទាំងនោះទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។


 
បើតាម ក.ប.ប អាល់កុលក្លែងក្លាយខាងលើនេះ ត្រូវបានរកឃើញ ក្នុងពេលមន្ត្រីសាខា ក.ប.ប មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី ចុះពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ អាល់កុល ជែលលាងដៃ និងស្រាស នៅតាមបណ្ដាផ្សារ និងអាជីវកម្មផលិតស្រាស ក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ និងខេត្តបន្ទាយមានជ័យ។ 
ជាមួយគ្នានេះ មន្ត្រីជំនាញ ក.ប.ប ក៏បានដកយកសំណាកស្រាស ក្នុងខេត្តកំពង់ចាម ០៦សំណាក, ត្បូងឃ្មុំ ១០សំណាក, កំពង់ស្ពឺ ៨សំណាក និងខេត្តបន្ទាយមានជ័យ ៥សំណាក បញ្ចូនទៅមន្ទីរពិសោធន៍នៃ ក.ប.ប ដើម្បីវិភាគរកសារធាតុមេតាណុល។
 
គួរជម្រាបថា ក្នុងខែមិថុនានេះ ក.ប.ប បានចាប់ផ្ដើមយុទ្ធនាការត្រួតពិនិត្យស្រាសទូទាំងប្រទេស។ យុទ្ធនាការនេះធ្វើឡើង ដើម្បីចុះត្រួតពិនិត្យ ផ្សព្វផ្សាយការយល់ដឹង និងដកយកសំណាកស្រាស ស្រាថ្នាំ អាល់កុល តាមបណ្ដាសិប្បកម្មផលិត និងលក់ យកមកវិភាគរកសារធាតុមេតាណុល ក្រោយមានពលរដ្ឋជាង៣០នាក់ ស្លាប់ដោយសារពុលស្រាស ស្រាថ្នាំ៕ 


 សំណាកស្រាស ស្រាថ្នាំ និងអាល់កុល ត្រូវបានមន្ត្រីជំនាញសាខា ក.ប.ប យកមកមន្ទីរពិសោធន៍ ក.ប.ប ដើម្បីពិនិត្យរក សារធាតុមេតាណុល។ រូបភាព ក.ប.ប។


Tag:
 អាល់កុលក្លែងក្លាយ
  កំពង់ស្ពឺ
  បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com