កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានអូឡាំពិកតូក្យូ៖ អ្នកគាំទ្រមិនអាចអបអរ ឬជុំគ្នាដូចនៅ Euro 2020 ឡើយ
24, Jun 2021 , 8:29 am        
រូបភាព
ភេសជ្ជៈមានជាតិអាល់កុល ការឱបគ្នា ការអបអរ និងការសុំហត្ថលេខាពីសំណាក់អ្នកគាំទ្រ មិនត្រូវបានអនុញ្ញាតឡើយក្នុងព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូឆ្នាំ២០២០។ នេះជាការបញ្ជាក់របស់លោកស្រី Seiko Hashimoto ប្រធានរៀបចំកីឡារដូវក្តៅ ដើម្បីធានាឱ្យបាននូវសុវត្ថិភាពពីរោគរាតត្បាតកូវីដ-១៩ អំឡុងពេលប្រកួត។


ការបង្កើច្បាប់ថ្មីនេះ កើតឡើងបន្ទាប់ពីលោកស្រី Hashimoto អនុញ្ញាតឱ្យមានអ្នកគាំទ្រក្នុងស្រុកចូលរួមទស្សនាផ្ទាល់ក្នុងកីឡដ្ឋានរហូតដល់១ម៉ឺននាក់។ ការសម្រេចនេះដែរ ធើ្វឡើងតែប៉ុន្មានមួយខែប៉ុណ្ណោះមុនពិធីបើកកម្មវិធីកីឡាលំដាប់ពិភពលោកដែលពន្យារមួយឆ្នាំដោយសារកូវីដ-១៩។ 
 
យ៉ាងណាក៏ដោយ លោកស្រីប្រធានរៀបចំកីឡារដូវក្តៅ រួមជាមួយអភិបាលក្រុងតូក្យូលោក Yuriko Koike ព្រមានវិញថា ប្រសិនបើជំងឺកូវីដ-១៩ អុកឡុងកាន់តែខ្លាំងអំឡុងការប្រកួត នោះព្រឹត្តិការណ៍នឹងដំណើរដោយបិទទ្វារកីឡដ្ឋានទាំងអស់វិញ។
 
លោកស្រី Hashimoto ថែមទាំងព្រមានអ្នកគាំទ្រទាំងអស់កុំរំពឹងថាអាចធ្វើអ្វីបានតាមចិត្តនៅអូឡាំពិក ដូចដែលអ្នកគាំទ្រនៅព្រឹត្តិការណ៍ Euro 2020 ធ្វើឱ្យសោះ។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ក្នុងព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ ភេសជ្ជៈមានជាតិអាល់កុលគ្រប់ទីកន្លែង ការឱបគ្នា ការអបអរ រួមទាំងការសុំហត្ថលេខាពីសំណាក់អ្នកគាំទ្រផង ត្រូវបានហាមឃាត់ជាដាច់ខាតដើម្បីបង្ការការឆ្លងកូវីដ-១៩។
 
«ការប្រកួតដណ្តើមជើងឯកនៅទ្វីបអ៊ឺរ៉ុប គ្រប់កន្លែងទាំងអស់ពោរពេញទៅដោយការប្រារព្ធពិធី។ ជាអកុសលយើងប្រហែលជាមិនអាចធ្វើដូចគ្នាបានទេនៅប្រទេសជប៉ុន»។ នេះជាការបញ្ជាក់របស់លោកស្រី Hashimoto មុនបន្ថែមថា អារម្មណ៍រំភើបរីករាយរបស់អ្នកគាំទ្រ នឹងត្រូវតែលុបបំបាត់ ដែលនោះនាំឱ្យមានបញ្ហាប្រឈម។ «អ្នកគាំទ្រទាំងអស់ គួរមានអារម្មណ៍រីករាយតែនៅក្នុងចិត្តបានហើយ ប៉ុន្តែពួកគេមិនអាចបញ្ចេញឥរយាបទ ឬស្រែកខ្លាំងៗបានទេហើយពួកគេត្រូវតែចៀសវាងហ្វូងមនុស្ស»។
 
គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ជប៉ុនត្រូវបានរាយការណ៍ពីចំនួនករណីឆ្លងរហូតដល់ជិត៨ម៉ឺនករណី ក្នុងនោះស្លាប់ជិត១៥០០០ករណី និងសះស្បើយវិញជាង៧៥ម៉ឺនករណី៕
 

Tag:
 Olympic
  Euro 2020
  Seiko Hashimoto
© រក្សាសិទ្ធិដោយ thmeythmey.com