កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ អេស្ប៉ាញ, អាល្លឺម៉ង់, ព័រទុយហ្គាល់ និងអ៊ុយក្រែន ក្រុមចុងក្រោយបានកៅអីនៅវគ្គ១៦ក្រុម
24, Jun 2021 , 5:36 am        
រូបភាព
រូបថត UEFA Euro 2020
រូបថត UEFA Euro 2020
ដោយ: រួបរួម
ខណៈដែលបារាំង និងស៊ុយអែត មានពិន្ទុគ្រប់គ្រាន់ក្នុងការឈានចូលដល់វគ្គបន្តហើយនោះ លទ្ធផលប្រកួតចុងក្រោយពូល E និង F រកឃើញ៤ក្រុមទៀតដែលឡើងទៅបង្គ្រប់វគ្គ១៦ក្រុម រួមមានអេស្ប៉ាញ អាល្លឺម៉ង់ ព័រទុយហ្គាល់ និង អ៊ុយក្រែន។

 
ក្រោយលទ្ធផលស្មើទាំង២ប្រកួត អេស្ប៉ាញបានយកឈ្នះស្លូវ៉ាគីរហូតដល់ទៅ ៥-០ នៅក្នុងពូល E ដែលស្ថិតក្នុងចំណោមជ័យជម្នះដ៏ធំបំផុតមួយក្នុងព្រឹត្តិការណ៍ EURO។ ៥គ្រាប់របស់អេស្ប៉ាញ មាន២គ្រាប់ជាការធ្វើឲ្យចូលទីខ្លួនឯងរបស់កីឡាករស្លូវ៉ាគី Martin Dubravka និង Juraj Kucka ហើយ៣គ្រាប់ទៀតសម្រេចបានដោយ Aymeric Laporte, Pablo Sarabia និង Ferran Torres។
 
រីឯក្រុមកំពូលតារាងស៊ុយអែត បន្តយកឈ្នះ ៣-២ លើប៉ូឡូញ ដោយ២គ្រាប់ដំបូងរកបានដោយ Emil Forsberg ហើយ Robert Lewandowski វាយបកបាន២គ្រាប់វិញសម្រាប់ប៉ូឡូញ មុនពេល Viktor Claesson បន្ថែមគ្រាប់ទី៣សម្រាប់ស៊ុយអែត នៅម៉ោងបន្ថែម។
 
ក្នុងពូល E នេះ ស៊ុយអែត (៧ពិន្ទុ) និង អេស្ប៉ាញ (៥ពិន្ទុ) ឡើងទៅវគ្គបន្ត ខណៈស្លូវ៉ាគី (៣ពិន្ទុ) និងប៉ូឡូញ (១ពិន្ទុ)  ត្រូវហាលអាវ។ ស្លូវ៉ាគី ដែលជាក្រុមចំណាត់ថ្នាក់លេខ៣ មាន៣ពិន្ទុ (-៥) ដូច្នេះ ពួកគេត្រូវរងការខកចិត្ត ដោយសារចាញ់ប្រៀបអ៊ុយក្រែន ៣ពិន្ទុ (-១) នៅក្នុងពូល C។
 
សម្រាប់ការប្រកួតប្រជែងដ៏តឹងតែងក្នុងពូល F ឯណោះវិញ ក្រុមម្ចាស់ការពារជើងឯកព័រទុយហ្គាល់ ស្ថិតក្នុងចំណោមក្រុមលេខ៣ល្អបំផុត ក្រោយតាមស្មើបារាំង ២-២។ Ronaldo រកបានទាំង២គ្រាប់សម្រាប់ព័រទុយហ្គាល់ ខណៈ Karim Benzema រកបានទាំង២សម្រាប់បារាំង ដោយមានប៉េណាល់ទីម្នាក់១គ្រាប់ដូចគ្នា។
 
រីឯជំនួបមួយគូទៀត អាល្លឺម៉ង់រក្សាបានចំណាត់ថ្នាក់លេខ២ ក្រោយតាមស្មើហុងគ្រី ២-២។ ហុងគ្រីនាំមុខជាបន្តបន្ទាប់ដោយ Adam Szalai និង Andras Schafer ហើយអាល្លឺម៉ង់ក៏តាមស្មើវិញជាបន្តបន្ទាប់ដោយ Kai Havertz និង Leon Goretzka។
 
នៅក្នុងពូល F នេះ បារាំងលេខ១ដោយមាន៥ពិន្ទុ អាល្លឺម៉ង់ និងព័រទុយហ្គាល់មាន៤ពិន្ទុ និងផលសងគ្រាប់បាល់ +១ ដូចគ្នា ប៉ុន្តែអាល្លឺម៉ង់មានប្រៀបលើរូបមន្ត Head-to-Head ដែលបានយកឈ្នះ ៤-២ ខណៈហុងគ្រី ត្រូវហាលអាវដោយមានត្រឹម២ពិន្ទុ។
 
កីឡាករឆ្នើមនៃការប្រកួត Star of the Match នាជំនួបចុងក្រោយទាំងពីរពូលនេះ រួមមាន Emil Forsberg (ស៊ុយអែត), Sergio Busquets (អេស្ប៉ាញ), Joshua Kimmich (អាល្លឺម៉ង់) និង Karim Benzema (បារាំង)។
 
សម្រាប់ជំនួបវគ្គ១៦ក្រុមចុងក្រោយ៖
-វេលស៍ vs ដាណឺម៉ាក
-អ៊ីតាលី vs អូទ្រីស
-ហូឡង់ vs សាធារណរដ្ឋឆែក
-បែលហ្ស៊ិក vs ព័រទុយហ្គាល់
-ក្រូអាស៊ី vs អេស្ប៉ាញ
-បារាំង vs ស្វីស
-អង់គ្លេស vs អាល្លឺម៉ង់
-ស៊ុយអែត vs អ៊ុយក្រែន៕
 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com