អន្តរជាតិ
កងទ័ពរុស្ស៊ី ទម្លាក់គ្រាប់ និងបាញ់ព្រមាននាវាអង់គ្លេសនៅក្បែរគ្រីមៀ
24, Jun 2021 , 11:22 am        
រូបភាព
នាវាចម្បាំងអង់គ្លេស HMS Defender ។ រូបថត AFP
នាវាចម្បាំងអង់គ្លេស HMS Defender ។ រូបថត AFP
នាវាយោធារុស្ស៊ី បានបាញ់ព្រមាននាវាពិឃាដអង់គ្លេសមួយគ្រឿង បន្ទាប់ពីបើកចូលក្នុងដែនទឹករបស់រុស្ស៊ីនៅក្បែរតំបន់គ្រីមៀក្នុងសមុទ្រខ្មៅ។ នាវាចម្បាំងរុស្ស៊ី បានទម្លាក់គ្រប់បែកលើផ្លូវនាវាចរណ៍ ដើម្បីជាការព្រមាន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានInterfax ដែលបានស្រង់សេចក្ដីថ្លែងការណ៍ក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃទី២៣ ខែមិថុនា។

 
 
តាមការបញ្ជាក់របស់ក្រសួងការពារជាតិរុស្ស៊ី នាវាពិឃាដអង់គ្លេស HMS Defender  បានបើកចូលក្នុងដែនទឹករុស្ស៊ីនៅក្នុងសមុទ្រខ្មៅ។ រុស្ស៊ី បានជូនដំណឹងបឋមមួយដល់នាវាពិឃាដមួយនោះ ដើម្បីឱ្យចាកចេញ។ បើតាមក្រសួងការពារជាតិរុស្ស៊ី នាវាអង់គ្លេស បានចូលក្នុងដែនទឹកខ្លួនជម្រៅ៣គីឡូម៉ែត្រ។ 
 
«នាវាពិឃាដ ត្រូវបានព្រមានថា អាវុធនឹងត្រូវបានប្រើប្រាស់ ប្រសិនបើឆ្លងព្រំដែនសហព័ន្ធរុស្ស៊ី»។ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់បែបនេះ ដោយបន្ថែមថា នាវាចម្បាំងអង់គ្លេស មិនគោរពតាមការព្រមាននោះឡើយ។ 
 
ដោយមិនគោរពតាមការព្រមានខាងលើ យន្តហោះរុស្ស៊ី បានទម្លាក់គ្រាប់បែកអំបែងចំនួន ៤គ្រាប់ នៅលើផ្លូវនាវាចរណ៍របស់នាវា HMS Defender ដើម្បីជាការព្រមាន។ បន្ទាប់ពីហេតុការណ៍នោះ នាវាពិឃាដអង់គ្លេស បានចាកចេញពីដែនទឹករុស្ស៊ីយ៉ាងលឿន។ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា ហេតុការណ៍នោះ បានកើតឡើងនៅក្បែរតំបន់ Cape Fiolent របស់គ្រីមៀ។ 
 
យ៉ាងណាមិញ ក្រសួងការពារជាតិអង់គ្លេស បានបដិសេធការបាញ់ព្រមានមកលើនាវាពិឃាដរបស់ខ្លួន។ បើតាមអង់គ្លេស គ្មានឡើយការបាញ់ព្រមានដាក់ HMS Defender ហើយនាវារបស់ខ្លួន ក៏បានបើកនៅក្នុងដែនទឹកអ៊ុយក្រែនដោយផ្អែកទៅតាមច្បាប់អន្តរជាតិ។ ចំណែកការបាញ់របស់រុស្ស៊ី គ្រាន់តែជាផ្នែកមួយនៃសមយុទ្ធរបស់រុស្ស៊ីប៉ុណ្ណោះ។
 
ហេតុការណ៍ខាងលើ កើតឡើងស្របពេលប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានបង្ហាញពីក្តីបារម្ភដែលសម្ពន្ធយោធាណាតូ បានពង្រឹងកម្លាំងយោធានៅក្បែរព្រំដែនរុស្ស៊ី។ ថ្លែងនៅក្នុងកិច្ចប្រជុំសន្តិសុខអន្តរជាតិនៅទីក្រុងមូស្គូ មេដឹកនាំដ៏មានឥទ្ធិពលរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា ក្រុមប្រទេសសម្ពន្ធមិត្ត បានបដិសេធសំណើរុស្ស៊ី ក្នុងការបន្ថយភាពតានតឹង និងកាត់បន្ថយគ្រោះថ្នាក់ ដែលអាចកើតឡើងដោយគ្មានការរំពឹងទុក។ 
 
សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ភាពតានតឹងបានកើនឡើងយ៉ាងខ្លាំងនៅតំបន់អឺរ៉ុបខាងកើត ដែលជាប់ជាមួយរុស្ស៊ី។ កន្លងមករុស្ស៊ី បានបញ្ជូនទ័ពទៅធ្វើសមយុទ្ធនៅក្បែរតំបន់ព្រំដែននេះ។ មិនត្រឹមតែប៉ុណ្ណោះ រុស្ស៊ីថែមទាំងព្រមានបិទផ្នែកខ្លះនៃសមុទ្រខ្មៅថែមទៀត ដែលនេះអាចធ្វើឱ្យប៉ះពាល់ដល់កំពង់ផែរបស់អ៊ុយក្រែន៕ 
 

Tag:
 រុស្ស៊ី
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com