អន្តរជាតិ
ប្រមុខការទូតអង់គ្លេស បារម្ភពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា
24, Jun 2021 , 11:59 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក Dominic Raab  ផ្តល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗ។ រូបថត៖ ឈន សុផាត
រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក Dominic Raab ផ្តល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗ។ រូបថត៖ ឈន សុផាត
រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក Dominic Raab បានលើកឡើងថា កម្ពុជា គឺជាដៃគូដ៏ល្អមួយសម្រាប់កិច្ចសហការលើវិស័យសេដ្ឋកិច្ច, ធុរៈកិច្ច, ការអប់រំ និងការដោះស្រាយបញ្ហាផ្សេងទៀត។ ដ្បិតមើលឃើញពីភាពវិជ្ជមានទាំងនេះ តែប្រមុខការទូតអង់គ្លេស ក៏បង្ហាញក្តីបារម្ភពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដែរ។

 
នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗជាភាសាអង់គ្លេស (Cambodianess, ThmeyThmey in English) ដែលត្រូវបានចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា លោក Dominic Raab ប្រមុខការទូតអង់គ្លេស បានជជែកពីបញ្ហាសំខាន់ៗជាច្រើន ក្នុងនោះក៏មានកិច្ចសហការទ្វេភាគី, សេដ្ឋកិច្ច, ការវិនិយោគ, និងការដោះស្រាយជំងឺឆ្លងសកលជាដើម។ 
 
តាមការអះអាងរបស់លោក Raab ភាគីកម្ពុជា និងអង់គ្លេស ក៏បានឯកភាពលើកិច្ចពិភាក្សាពីបញ្ហាសិទ្ធិមនុស្សផងដែរ។ «ដំបូងបំផុត យើងបានឯកភាពឱ្យមានកិច្ចពិភាក្សាលើសិទ្ធិមនុស្ស។ ដូច្នេះយើងអាចលើកឡើងពីបញ្ហាទាំងនោះ»។ 
 
ប្រមុខការទូតអង់គ្លេស បានសង្កត់ធ្ងន់បែបនេះ ក្នុងន័យចង់សំដៅដល់ ការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មានជាដើម។ លោកអះអាងថា ខ្លួនបានប្រាប់មន្ត្រីកម្ពុជាពីសារសំខាន់នៃការរិះគន់របស់មតិប្រឆាំង និងប្រព័ន្ធផ្សព្វផ្សាយដែលជួយដល់ការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា។
 
ក្នុងកិច្ចសម្ភាសដដែល លោក Raab ក៏អះអាងទៀតថា ៖«ខ្ញុំបានលើកឡើងពីក្ដីបារម្ភទាក់ទងការកាត់ទោស និងការចាប់ខ្លួនសកម្មជននានា ពិសេសករណីលោក កឹម សុខា និងសកម្មជនមាតាធម្មជាតិ»។ 
 
បើទោះជាយល់ខុសគ្នាលើលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាក្តី ប្រមុខការទូតអង់គ្លេស នៅតែមានសុទិដ្ឋិនិយមលើកម្ពុជា ហើយភាគីទាំងពីរ អាចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយគ្នា។ «ឥឡូវនេះ ខ្ញុំបានគិតអំពីអនាគត, ឱកាស, សេដ្ឋកិច្ច, ការធ្វើបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងចំណេះដឹងរបស់ប្រជាជនកម្ពុជា»។ ប្រមុខការទូតអង់គ្លេស បានបញ្ជាក់បែបនេះ ដោយបន្ថែមថា លោកបានជជែកជាមួយកម្ពុជាលើឱកាសផ្តល់ការអប់រំទៅវិញទៅមក និងការទាក់ទាញការវិនិយោគធុរៈកិច្ច និងពាណិជ្ជកម្ម។ 
 
ក្រៅពីកិច្ចសហប្រតិបត្តិការខាងលើ លោកRaab ក៏បានលើកឡើងពីបញ្ហាផ្សេងៗ ដែលកម្ពុជាអាចរួមគ្នាជាមួយអង់គ្លេស ដើម្បីដោះស្រាយផងដែរ ដូចជាកំណើនសេដ្ឋកិច្ច ការបម្រែបម្រួលអាកាសធាតុ ការទប់ស្កាត់កូវីដ-១៩ និងជំងឺឆ្លងនាពេលអនាគតជាដើម។ 
 
ទាក់ទិននឹងបញ្ហានេះ អង់គ្លេស បានចាត់ទុកកម្ពុជា គឺជាដៃគូដ៏ល្អមួយ។ «យើងបានសម្លឹងឃើញស្មារតីដ៏ល្អសម្រាប់កិច្ចសហការនាពេលអនាគត ហើយអង់គ្លេស គិតថា កម្ពុជាជាដៃគូដ៏ល្អមួយ»។ ក្នុងន័យនេះ រដ្ឋមន្រ្តីការបរទេសអង់គ្លេសវ័យ ៤៧ឆ្នាំ បានបកស្រាយថា ក្នុងនាមជាដៃគូដ៏ល្អ វានឹងមិនត្រឹមតែល្អសម្រាប់ធុរកិច្ច និងប្រជាជនអង់គ្លេសប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានផ្តល់ផលល្អសម្រាប់យុវជនកម្ពុជាដែរ។ 
 
សូមបញ្ជាក់ថា កិច្ចសម្ភាសមួយនេះ បានធ្វើឡើងបន្ទាប់ពីប្រមុខការទូតអង់គ្លេស បានជួបជាមួយសមភាគីកម្ពុជា លោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន និងជាមួយរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់។ លោក Raab បានធ្វើទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមិថុនា។ នេះ គឺជាទស្សនកិច្ចលើកដំបូងរបស់រដ្ឋមន្រ្តីការបរទេសអង់គ្លេស មកកម្ពុជា ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ៕
 

Tag:
 អង់គ្លេស
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com