កីឡាអន្តរជាតិ
អន្តរជាតិ
ប្រេស៊ីល និងអាហ្សង់ទីនចាប់ដៃគ្នាឡើងទៅវគ្គ១/៤ផ្តាច់ព្រ័ត្រ Copa America
24, Jun 2021 , 12:59 pm        
រូបភាព
ក្រោយបន្តជ័យជម្នះលើក្រុមកូឡុំប៊ី ២-១ នៅជំនួបលើកទី៣ពូល B ម្ចាស់ផ្ទះប្រេស៊ីលមានពិន្ទុគ្រប់គ្រាន់ដើម្បីឈានទៅវកាន់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Copa America។ អាហ្សង់ទីនដែលមានពិន្ទុខ្ពស់ជាងគេក្នុងចំណោមក្រុមទាំង៥នៅពូល A ក៏បានសិទ្ធិទៅវគ្គបន្ទាប់ដែរ។ ប្រេស៊ីល និងអាហ្សង់នៅសល់មួយប្រកួតក្នុងវគ្គសន្សំពិន្ទុរៀងខ្លួន។


ប្រេស៊ីល បានវាយបកយកឈ្នះកូឡុំប៊ី ២-១ វិញនៅជំនួបលើកទី៣ពូល B នៅព្រឹកថ្ងៃទី២៤ ខែមិថុនា (ម៉ោងនៅកម្ពុជា)។ ក្រោយការនាំមុខមុនរបស់កូឡុំប៊ី តាំងពីនាទីទី១០ដែលសម្រេចទីយ៉ាងល្អពីសំណាក់កីឡាករ Luis Diaz ប្រេស៊ីលបានបើកការវាយសម្រុករហូតរកបាន២គ្រាប់ជាបន្តបន្ទាប់នៅវគ្គទី២ ដោយគ្រាប់តាមស្មើធ្វើបានដោយ Roberto Firmino នៅនាទី៧៨ និង Casemiro នៅនាទី៩០+១០។
 
៩ពិន្ទុពេញពីការប្រកួត៣លើក នាំឱ្យក្រុមរហស្សនាមសាំបាបានកៅអីដោយស្វ័យប្រវត្តិទៅកាន់វគ្គ៨ក្រុមចុងក្រោយ ព្រោះមាន៧ពិន្ទុលើសក្រុមបាតតារាងវេណេស៊ុយអេឡាដែលនៅសល់១ប្រកួតទៀត។
 
កូឡុំប៊ីដែលរកបាន៤ពិន្ទុ ឈរលេខ២ពូល B បណ្តោះអាសន្ន និងអស់ការប្រកួត ហើយត្រូវរង់ចាំអ៊ុតការប្រកួតរបស់ក្រុមលេខ៣, ៤ និងលេខ៥នៅជំនួបចុងក្រោយដើម្បីកាត់សេចក្តីថាក្រុមណានៅក្រុមណាទៅ។ ប៉េរូស្ថិតនៅចំណាត់ថ្នាក់ទី៣មាន៤ពិន្ទុ រួមជាមួយអេក្វាទ័រមាន២ពិន្ទុនៅលេខ៤ សុទ្ធតែនៅសល់១ប្រកួតរៀងខ្លួន។ នៅវគ្គសន្សំពិន្ទុតាមពូលក្នុងព្រឹត្តិការណ៍ប្រចាំតំបន់អាមេរិកខាងត្បូង មានតែ១ក្រុមប៉ុណ្ណោះត្រូវត្រឡប់ទៅផ្ទះវិញ។
 
ដោយឡែក អាហ្សង់ទីនក៏ឈានទៅវគ្គខ្វែងហើយដែរក្រោយរកបាន៧ពិន្ទុពីការប្រកួត៣លើក ក្នុងនោះប្រកួតលើកចុងក្រោយឈ្នះប៉ារ៉ាហ្គាយ១-០។ អាហ្សង់ទីនដែលនៅសល់១ប្រកួតទៀត នាំមុខដាច់ក្រុមបាតរាងបូលីវីដែលមិនទាន់មានពិន្ទុរាប់នៅឡើយពីការប្រកួត២លើកនៅពូល A។ ស៊ីលីដែលប្រកួត៣លើកដូចគ្នាមាន៥ពិន្ទុនៅចំណាត់ថ្នាក់ទី២ តាមពីក្រោយដោយក្រុមទើបប្រកួត២លើកប៉ារ៉ាហ្គាយមាន៣ពិន្ទុ អ៊ុយរូហ្គាយ១ពិន្ទុ និងបូលីវីសូន្យពិន្ទុ៕
 

Tag:
 Copa America
© រក្សាសិទ្ធិដោយ thmeythmey.com