អន្តរជាតិ
ប្រជាជនអាហ្វហ្គានីស្ថានដែលជួយកងទ័ពអាមេរិកនិងណាតូ អាចជម្លៀសទៅកោះហ្កាម
24, Jun 2021 , 2:04 pm        
រូបភាព
យោធាអាមេរិកជជែកជាមួយអ្នកបកប្រែជនជាតិអាហ្វហ្កានីស្ថានម្នាក់នាពេលកន្លងមក។ រូបថត AFP
យោធាអាមេរិកជជែកជាមួយអ្នកបកប្រែជនជាតិអាហ្វហ្កានីស្ថានម្នាក់នាពេលកន្លងមក។ រូបថត AFP
ដោយ៖ ជា ពេជ្រដាឡែន
 
 
កងទ័ពអាមេរិកនិងណាតូ នឹងត្រូវដកទាំងស្រុងចេញពីអាហ្វហ្គានីស្ថាននៅត្រឹមថ្ងៃទី១១ ខែកញ្ញា។ ខណៈការដកទ័ពនេះរងការរិះគន់ខ្លាំង រឿងឈឺក្បាលមួយទៀតក៏លេចឡើយ។ នោះ គឺវាសនាប្រជាជន អាហ្វហ្គានីស្ថានដែលជាអ្នកបកប្រែ ឬជាអ្នកជួយប្រតិបត្តិការយោធាអាមេរិកនិងសម្ពន្ធមិត្ត។ រដ្ឋបាលលោកប្រធានាធិបតី ចូ បៃឌិន ត្រូវបានទទូចឱ្យជម្លៀសពួកគេទៅកោះហ្កាមសិន ព្រោះបើទុកឱ្យនៅអាហ្វហ្កានីស្ថាន ពួកគេអាចប្រឈមមុខគ្រោះថ្នាក់ពីសំណាក់ក្រុមតាលីបង់។

 
បញ្ហាប្រជាជនអាហ្វហ្កានីស្ថានដែលបម្រើការឱ្យយោធាអាមេរិក កំពុងក្លាយជាបញ្ហាក្ដៅ ខណៈដែលអាមេរិកដកទ័ពពីអាហ្វហ្កានីស្ថានក្រោយចូលឈ្លានពាននៅឆ្នាំ២០០១ ។ ការអំពាវនាវបានកើនឡើងជាបន្តបន្ទាប់ទៅកាន់រដ្ឋាភិបាលលោក ចូ បៃឌិន ឱ្យដឹកពួកគេទៅកាន់ទីតាំងសុវត្ថិភាពសិន ស្របពេលពួកគេកំពុងរង់ចាំទិដ្ឋាការទៅអាមេរិក។ ការបណ្ដោយឱ្យពួកគេរស់នៅអាហ្វហ្កានីស្ថាន ប្រៀបដូចជាទុកឱ្យពួកគេរង់ចាំក្រុមតាលីបង់ដូច្នោះដែរ។
 
សមាជិកសភាអាមេរិក បានជំរុញឱ្យរដ្ឋាភិបាលពិចារណាផ្លាស់ប្តូរទីលំនៅជាបណ្តោះអាសន្នចំពោះ ជនជាតិអាហ្វហ្គានីស្ថានដែលបានធ្វើការឱ្យកងកម្លាំងអាមេរិកនិងណាតូទៅកាន់ទីតាំង ឬប្រទេសណា ដែលមានសុវត្ថិភាព។ កោះហ្កាម ជាគោលដៅចម្បង បើគម្រោងជម្លៀសនេះទៅមុខ។  កោះហ្កាម ជាទឹកដីដែលអាមេរិកបានឱ្យជនភៀសខ្លួនវៀតណាមមកស្នាក់នៅ បន្ទាប់ពីសង្គ្រាមវៀតណាម បានបញ្ចប់នៅឆ្នាំ១៩៧៥  ។ ជនភៀសខ្លួនឃើដ ក៏ត្រូវបានជម្លៀសទៅកាន់កោះនេះក្នុងឆ្នាំ១៩៩៦ បន្ទាប់ពីសង្គ្រាមឈូងសមុទ្រត្រូវបញ្ចប់។
 
ថ្មីៗនេះអភិបាលកោះហ្កាម បានបង្ហាញការត្រៀមរួចរាល់ដើម្បីជួយរដ្ឋបាលលោក បៃឌិន ប្រសិនបើមានការចាំបាច់។ យ៉ាងណាមិញ ក្រុងវ៉ាស៊ីនតោន មិនទាន់មានគម្រោងជម្លៀសនេះឡើយទេ។ បច្ចុប្បន្ន រដ្ឋាភិបាលលោក បៃឌិន ក៏កំពុងផ្តោតលើការពន្លឿនការផ្ដល់ទិដ្ឋាការសម្រាប់ប្រជាជន អាហ្វហ្គានីស្ថានដែលបានជួរប្រតិបត្តិការយោធារបស់អាមេរិក។ 
 
អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki និយាយនៅថ្ងៃទី២៣ ខែមិថុនាថា រដ្ឋាភិបាលកំពុងតែធ្វើការជាមួយសភាដើម្បីរៀបចំផែនការ និងពន្លឿនសកម្មភាពក្នុងការជម្លៀស ប្រជាជនអាហ្វហ្គានីស្ថាន។ 
 
ទិដ្ឋាការរបស់ប្រជាជនអាហ្វហ្គានីស្ថានប្រមាណ១៨,០០០នាក់ កំពុងស្ថិតក្នុងដំណើរ ការ។ ចំនួននេះមិនបានរាប់បញ្ចូលប្តីប្រពន្ធនិងកូនៗរបស់ពួកគេដែលធ្វើឱ្យចំនួនសរុបមានដល់៧០,០០០ នាក់ឯណោះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com