ជាតិ
សុខភាព
អភិបាលខេត្តកណ្តាល កំពុងស្រាវជ្រាវលើករណីគ្រូពេទ្យទារប្រាក់ពីពលរដ្ឋធ្វើតេស្តរកកូវីដ-១៩
24, Jun 2021 , 2:49 pm        
រូបភាព
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល
ភ្នំពេញ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានបញ្ជាដល់មន្រ្តីជំនាញរបស់ខ្លួន ឱ្យចុះស្រាវជ្រាវលើករណីគ្រូពេទ្យនៅមន្ទីរបង្អែកអង្គស្នួល បានទារប្រាក់ពីប្រជាពលរដ្ឋ ដែលតេស្តសំណាករក មេរោគកូវីដ-១៩។  ការបញ្ជាដោយផ្ទាល់ពីលោក គង់ សោភ័ណ្ឌ នេះ ធ្វើឡើងបន្ទាប់ពីលោកទទួលបានដំណឹងពីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ថា មានគ្រូពេទ្យនៅមន្ទីរបង្អែកអង្គស្នួល បានទារប្រាក់ពីពលរដ្ឋធ្វើតេស្តរកកូវីដ-១៩ ចំនួន៦ម៉ឺនរៀលក្នុងមួយនាក់។

 
 
លោក គង់ សោភ័ណ្ឌ បានបញ្ជាដល់អភិបាលស្រុកអង្គស្នួលឱ្យចុះស្រាវជ្រាវ និងដោះស្រោយបញ្ហាជុំវិញការលើកឡើងរបស់ពលរដ្ឋ ដែលមានគ្រូពេទ្យបានទារប្រាក់ចំនួន៦ម៉ឺនរៀល ពីពលរដ្ឋធ្វើតេស្តរកមេរោគកូវីដ-១៩។ លោកអភិបាលខេត្តកណ្តាល បានសង្កត់ធ្ងន់ថា បើសិនបញ្ហានេះកើតឡើងមែន វាគឺជាការធ្វេសប្រហែសនិងមិនយកចិត្តទុកដាក់ របស់មន្ត្រីជំនាញនៅមន្ទីរពេទ្យបង្អែកអង្គស្នួលនោះ។ 
 
លោក គង់ សោភ័ណ្ឌ បានប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទ នាព្រឹកថ្ងៃទី២៤មិថុនា ដូច្នេះ៖ «ខ្ញុំបានឱ្យអភិបាលស្រុកអង្គស្នួល ទៅដោះស្រោយបញ្ហានេះហើយ។ ក្នុងករណីបើសិនយើងស្រាវជ្រាវរកឃើញមានគ្រូពេទ្យ ឬបុគ្គលណាម្នាក់ បានយកលុយពីពលរដ្ឋមកធ្វើតេស្តរកកូវីដ-១៩ពិតមែន គឺត្រូវយកលុយជូនពលរដ្ឋវិញ។ ចំពោះគ្រូពេទ្យឬបុគ្គលដែលបានទារប្រាក់ពីពលរដ្ឋមកយកសំណាកនោះ បានប្រព្រឹត្តិកំហុសលើកទីមួយ យើងនឹងណែនាំដល់ពួកគាត់សិន ហើយបើយើងណែនាំហើយ បុគ្គលនោះនៅតែប្រព្រឹត្តិកុហកដដែលទៀត នឹងរងចំណាត់ការតាមច្បាប់»។ 
 
អភិបាលខេត្តកណ្តាលរូបនេះ បានអះអាងបន្ថែមថា ការយកសំណាកពីប្រជាពលរដ្ឋដើម្បីធ្វើរកកូវីដ-១៩ ឬការថែទាំអ្នកជំងឺកូវីដ-១៩ ដោយក្រុមគ្រូពេទ្យជំនាញរបស់ក្រសួងសុខាភិបាល ជិត២ឆ្នាំមកនេះ គឺចេញពីបេះដូង ដោយមានទំនួលខុសត្រូវខ្ពស់ ហើយគ្មានគោលការណ៍យកថវិកាពីប្រជាពលរដ្ឋ សូម្បីតែ១០០រៀលឡើយ។
 
តាមរយៈវីដេអូឃ្លីប ដែលបានចែកចាយតាមបណ្ដាញសង្គមហ្វេសប៊ុកនោះ គឺមានពលរដ្ឋជាច្រើននាក់ បានរអ៊ូពីករណីយកសំណាកទៅពិនិត្យរកតេស្តកូវីដ-១៩ នៅមន្ទីរបង្អែកអង្គស្នួល ហើយត្រូវបង់ថវិកា៦ម៉ឺនរៀល សម្រាប់មនុស្សម្នាក់ សូម្បីតែក្មេងក៏ត្រូវបង់ថវិកាដែរ។
 
ពាក់ព័ន្ធនឹងករណីដែលគ្រូពេទ្យនៅមន្ទីរបង្អែកអង្គស្នួល ក្នុងខេត្តកណ្តាល បានទារប្រាក់ពីពលរដ្ឋមកធ្វើតេស្តរកកូវីដ-១៩នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល គឺមិនទាន់ទទួលបានដំណឹងនេះទេ។  ប៉ុន្តែលោកស្រី បានបញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទ ថា ក្នុងករណីបើពលរដ្ឋទៅយកសំណាកដើម្បីធ្វើតេស្តរកកូវីដ-១៩ ដោយឧបរកណ៍តេស្តរហ័ស(Rapid Test)ពីសេវាសុខាភិបាលឯកជននោះ នឹងត្រូវបង់ប្រាក់ក្នុងចំនួនណាមួយដែលគេកំណត់ ប៉ុន្តែបើពលរដ្ឋទៅធ្វើតេស្តរកកូវីដ-១៩ ពីសេវាសុខាភិបាលសាធារណៈគឺមិនត្រូវបានបង់ប្រាក់ឡើយ៕  


ប្រភពពីKSP TV

 
 
 
 

Tag:
 COVID-19
  លោក គង់ សោភ័ណ្ឌ
  កណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com