COVID-19
ជាតិ
ត្បូងឃ្មុំមាន៧៤នាក់ជាចំនួនឆ្លងច្រើនបំផុត ឯកំពង់ធំមាន៤៩នាក់ និងអ្នកស្លាប់៣នាក់
24, Jun 2021 , 4:12 pm        
រូបភាព
ដោយ: ថ្មីៗ
ខេត្តត្បូងឃ្មុំ មានករណីឆ្លងថ្មីដល់ទៅ៧៤នាក់ ដែលជាចំនួនឆ្លងប្រចាំថ្ងៃច្រើនបំផុតសម្រាប់ខេត្ត និងមានអ្នកជំងឺ១នាក់បានស្លាប់ផងដែរ។ ចំណែកខេត្តកំពង់ធំ ក៏រកឃើញអ្នកវិជ្ជមានបន្ថែម ៤៩នាក់ទៀតដែរ រីឯអ្នកស្លាប់មានដល់ទៅ៣នាក់។ ខេត្តសៀមរាប ចំនួនឆ្លងថ្មីក៏មិនថមថយ ហើយក៏មានអ្នកស្លាប់១នាក់ទៀតដែរ។ កំពង់ចាមរកឃើញ៦៧នាក់ទៀតដែរ ខណៈខេត្តបាត់ដំបង និងព្រៃវែង មានជាង២០នាក់រៀងខ្លួន។

 
ត្បូងឃ្មុំ៖ មាន៧៤នាក់ ជាចំនួនឆ្លងច្រើនបំផុតក្នុងខេត្តនេះ
 
ខេត្តត្បូងឃ្មុំ មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៧៤នាក់ ដែលជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតសម្រាប់ខេត្តមួយនេះ ចាប់តាំងពីជំងឺនេះរាតត្បាតនៅកម្ពុជា។ ក្នុងចំណោមអ្នកវិជ្ជមានដែលទើបរកឃើញ ភាគច្រើនជាពលរដ្ឋរស់នៅឃុំកោងកាង ឃុំក្រែក និងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក។ មួយចំនួនទៀត ជាពលរដ្ឋក្រុងសួង, ស្រុកមេមត់, អូររាំងឪ ,តំបែរ,ក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ រដ្ឋបាលខេត្ត ក៏បញ្ជាក់ដែរថា មានករណីស្លាប់បន្ថែម១នាក់ទៀត។បច្ចុប្បន្នខេត្តត្បូងឃ្មុំមានអ្នកឆ្លងកូវីដ-១៩ សរុប ៤១០នាក់ ក្នុងនោះ១៩៧នាក់ បានជាសះស្បើយ ស្លាប់៤នាក់។ 

កំពង់ចាម៖ រកឃើញ៦៧នាក់ទៀត 
 
អ្នកឆ្លងថ្មីទាំង ៦៧នាក់សុទ្ធតែមានពាក់ព័ន្ធនឹងកម្មករដែលវិជ្ជមានកន្លងមក។ ក្នុងចំណោមអ្នកវិជ្ជមានដែលទើបរកឃើញនេះ មាន២៦នាក់នៅស្រុកបាធាយ,  ១២នាក់នៅជើងព្រៃ, ៩នាក់នៅព្រៃឈរ, ៥នាក់នៅស្ទឹងត្រង់ ខណៈស្រុកស្រីសន្ធរ កងមាស ចំការលើ កោះសូទិន និងក្រុងកំពង់ចាម មាន២នាក់រៀងៗខ្លួន។ អ្នកជំងឺ៤នាក់ ជាអ្នកខេត្តត្បូងឃ្មុំ ខណៈ១នាក់ទៀត ជាអ្នកខេត្តកំពង់ធំ។ 

កំពង់ធំ៖ ករណីថ្មី៤៩នាក់ និងស្លាប់ដល់ទៅ៣នាក់
 
មនុស្សចំនួន ៤៩នាក់ទៀតវិជ្ជមានកូវីដ-១៩ និង៣នាក់ទៀតបានស្លាប់ នៅថ្ងៃទី២៣ មិថុនា។ អ្នកវិជ្ជមាន ៤៩នាក់នោះមាន២០នាក់ជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃវិញ និងមួយចំនួនត្រឡប់មកពីខេត្តបន្ទាយមានជ័យ។ ក្រៅពីនេះជាករណីឆ្លងក្នុងសហគមន៍។ អ្នកជំងឺថ្មីទាំងនេះ ជាអ្នករស់នៅស្រុកស្ទោង, ស្រុកតាំងគោក, ស្រុកប្រាសាទបាល្ល័ង្គ, ស្រុកកំពង់ស្វាយ, ស្រុកសណ្តាន់, ស្រុកបារាយណ៍ និងស្រុកសន្ទុក។ ពលរដ្ឋ៦នាក់ជាអ្នកខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន ខេត្តកំពង់ធំ មានអ្នកឆ្លងកូវីដ-១៩ ចំនួន ៧២៣នាក់ ក្នុងនោះ៣២៤នាក់បានជាសះស្បើយ ស្លាប់សរុប៨នាក់ និងអ្នកជំងឺ ៣៩១នាក់ទៀត កំពុងសម្រាកព្យាបាល។ 

សៀមរាប៖ ឆ្លងថ្មី ៣៧នាក់ ជា៤១នាក់ និង១នាក់ទៀតស្លាប់
 
មនុស្សចំនួន ៣៧នាក់ទៀត មានតេស្តវិជ្ជមានកូវីដ-១៩ អ្នកសះស្បើយមាន៤១នាក់ និងអ្នកជំងឺម្នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ-១៩។ តាមរដ្ឋបាលខេត្តសៀមរាប អ្នកវិជ្ជមានដែលទើបរកឃើញនោះ មាន១១នាក់ជាពលរដ្ឋខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ ដែលរស់នៅស្រុកពួក, ក្រឡាញ់, ស្រីស្នំ, អង្គរជុំ, វ៉ារិន និងស្រុកជីក្រែង។ អ្នកវិជ្ជមានជាង២០នាក់ទៀត ជាអ្នកនៅក្រុងសៀមរាប និង៣នាក់ទៀតជាអ្នកក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 
ចំណែកអ្នកស្លាប់១នាក់នោះ គឺជាស្ត្រីវ័យ៦២នាក់ រស់នៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលរកឃើញថាវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២២ ខែមិថុនា និងបានស្លាប់នៅម៉ោង ១១និង១៥នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំព្រោះជំងឺរលាកសួត បង្កដោយកូវីដ-១៩ គួបផ្សំនឹងជំងឺទឹកនោមផ្អែមដែលជាជំងឺប្រចាំកាយ។ គិតត្រឹមថ្ងៃទី២៣ មិថុនា ខេត្តសៀមរាប មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៧០១នាក់ ក្នុងនោះ២០៧នាក់ បានជាសះស្បើយ,៨នាក់ស្លាប់ និង៤៨៦នាក់កំពុងសម្រាកព្យាបាល។
 
ព្រៃវែង៖ មាន២២នាក់បន្ថែម
 
ខេត្តព្រៃវែង រកឃើញពលរដ្ឋ ២២នាក់ទៀត វិជ្ជមានកូវីដ-១៩ ដែលក្នុងនោះមាន៦នាក់ជាពលរដ្ឋស្រុកបាភ្នំ ស្រុកពារាំងមាន៣នាក់ ហើយស្រុកពាមរក៍ ក៏មាន៣នាក់ដែរ។ នៅស្រុកពាមជរ មេសាំង ស្វាយអន្ទរ មាន២នាក់រៀងខ្លួន ខណៈក្រុងព្រៃវែង ស្រុកព្រះស្តេច ស៊ីធរកណ្តាល និងស្រុកកំចាយមារ សុទ្ធតែមាន១នាក់រៀងខ្លួន។ គិតត្រឹមថ្ងទី២៣ មិថុនា ខេត្តព្រៃវែង មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១២៧៧នាក់ ក្នុងនោះ៨០៦នាក់បានជាសះស្បើយ ១៧នាក់បានស្លាប់ និងអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅសល់៤៥៤នាក់ទៀត។ 

បាត់ដំបង៖ មាន២៥នាក់ទៀត ក្នុងនោះ១៥នាក់មកពីប្រទេសថៃ
មនុស្ស ២៥នាក់ទៀត មានវិជ្ជមានកូវីដ-១៩ និងមានអ្នកជំងឺ២១នាក់បន្ថែម បានជាសះស្បើយ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ២៥នាក់ មាន១៥នាក់ ជាអ្នកត្រឡប់មកពីប្រទេសថៃ។ អ្នកឆ្លងថ្មីគឺជាពលរដ្ឋនៅស្រុកមោងឫស្សី, កំរៀង, សង្កែ, សំពៅលូន, បវេល ភ្នំព្រឹក, ថ្មគោល និងក្រុងបាត់ដំបង។ អ្នកជំងឺម្នាក់មកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ខេត្តបាត់ដំបង មានអ្នកឆ្លងកូវីដ-១៩ សរុប ៧០៨នាក់ ក្នុងនោះ៤១៣នាក់បានសះស្បើយ ៦នាក់បានស្លាប់ ហើយអ្នកជំងឺដែលកំពុងសម្រាកព្យាបាលមានចំនួន ២៩៨នាក់។
 
សរុបទូទាំងប្រទេស៖ ឆ្លងថ្មី ៦៥៥នាក់ទៀត សះស្បើយ៦៩៦នាក់ និងស្លាប់១៨នាក់បន្ថែម
 
ក្រសួងសុខាភិបាល នាថ្ងៃនេះ បានប្រកាសពីការតេស្តឃើញវិជ្ជមានកូវីដ-១៩ ចំនួន៦៥៥នាក់ទៀត និងសះស្បើយបន្ថែម៦៩៦នាក់ ខណៈអ្នកស្លាប់បន្ថែមមាន១៨នាក់។ គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លង ៤៥ ៣៦៦នាក់ សះស្បើយ ៤០ ០១០នាក់ និងស្លាប់៤៩៣នាក់៕
 

Tag:
 ត្បូងឃ្មុំ
 កំពង់ចាម
 កំពង់ធំ
 សៀរាប
 បាត់ដំបង
  ព្រៃវែង
© រក្សាសិទ្ធិដោយ thmeythmey.com