ជាតិ
សុខភាព
ពលរដ្ឋ៣៩នាក់ ដែលបង់ប្រាក់៦ម៉ឺនរៀលដើម្បីតេស្តរកកូវីដ-១៩នោះ បានទទួលថវិកាវិញហើយ
24, Jun 2021 , 5:15 pm        
រូបភាព
ភ្នំពេញ៖ ពលរដ្ឋចំនួន៣៩នាក់ ដែលទៅតេស្តរកូវីដ-១៩នៅមន្ទីរពេទ្យបង្អែកអង្គស្នួល ខេត្តកណ្តាល បានទទួលថវិកាក្នុងម្នាក់ ៦ម៉ឺនរៀលវិញ ក្រោយពីមានការអន្តាគមន៍ពីអាជ្ញាធរ។ ការប្រគល់ប្រាក់ឱ្យពលរដ្ឋវិញនេះ ធ្វើឡើងបន្ទាប់ពីមានគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកអង្គស្នួល  បានទារប្រាក់ពីប្រជាពលរដ្ឋ ដែលមកយកសំណាកតេស្តរកមេរោគកូវីដ-១៩។  នេះបើយោងតាមស្នងការដ្ឋានខេត្តកណ្តាលនារសៀលថ្ងៃទី២៤មិថុនា។

ក្រោយពីមានវីដេអូមួយ មានការចែករំលែកតៗគ្នាពេញបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលនិយាយអំពីពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ហើយពេលទៅសំណាករកកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកអង្គស្នួល ត្រូវបានគ្រូពេទ្យនៅទីនោះទារយកប្រាក់ម្នាក់ចំនួន៦ម៉ឺនរៀលនោះ មន្ត្រីជំនាញបានចុះទៅស្រាវជ្រាវដល់ទីកន្លែងផ្ទាល់  ក៏បានរកឃើញករណីគ្រូពេទ្យបានយកពីពលរដ្ឋធ្វើតេស្តរកកូវីដ-១៩ ពិតមែន។ 
 
ស្នងការដ្ឋានខេត្តកណ្តាល បានបញ្ជាក់ថា៖«ក្នុងចំណោមពលរដ្ឋចំនួន៨៩នាក់ ដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះប្រមាណ២០គ្រួសារនោះ គឺមានមនុស្ស៣៩នាក់ បានធ្វើតេស្តធ្វើរកកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកអង្គស្នួល បានបង់អស់៦ម៉ឺនរៀលក្នុងម្នាក់ៗនោះ គឺទទួលបានថវិកាវិញហើយ នារសៀលថ្ងៃទី២៤មិថុនានេះ»។ 
 
ពាក់ព័ន្ធនឹងករណីដែលគ្រូពេទ្យនៅមន្ទីរបង្អែកអង្គស្នួលនេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានបញ្ជាដល់អភិបាលស្រុកអង្គស្នួលឱ្យចុះស្រាវជ្រាវ និងដោះស្រោយបញ្ហាជុំវិញការលើកឡើងរបស់ពលរដ្ឋ ដែលមានគ្រូពេទ្យបានទារប្រាក់ចំនួន៦ម៉ឺនរៀល ពីពលរដ្ឋធ្វើតេស្តរកមេរោគកូវីដ-១៩។ លោកអភិបាលខេត្តកណ្តាល បានសង្កត់ធ្ងន់ថា បើសិនបញ្ហានេះកើតឡើងមែន វាគឺជាការធ្វេសប្រហែសនិងមិនយកចិត្តទុកដាក់ របស់មន្ត្រីជំនាញនៅមន្ទីរពេទ្យបង្អែកអង្គស្នួលនោះ។ 
 
លោក គង់ សោភ័ណ្ឌ បានប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទ នាព្រឹកថ្ងៃទី២៤មិថុនា ដូច្នេះ៖ «ខ្ញុំបានឱ្យអភិបាលស្រុកអង្គស្នួល ទៅដោះស្រោយបញ្ហានេះហើយ។ ក្នុងករណីបើសិនយើងស្រាវជ្រាវរកឃើញមានគ្រូពេទ្យ ឬបុគ្គលណាម្នាក់ បានយកលុយពីពលរដ្ឋមកធ្វើតេស្តរកកូវីដ-១៩ពិតមែន គឺត្រូវយកលុយជូនពលរដ្ឋវិញ។ ចំពោះគ្រូពេទ្យឬបុគ្គលដែលបានទារប្រាក់ពីពលរដ្ឋមកយកសំណាកនោះ បានប្រព្រឹត្តិកំហុសលើកទីមួយ យើងនឹងណែនាំដល់ពួកគាត់សិន ហើយបើយើងណែនាំហើយ បុគ្គលនោះនៅតែប្រព្រឹត្តិកុហកដដែលទៀត នឹងរងចំណាត់ការតាមច្បាប់»៕
 

Tag:
 COVID-19
  មន្ទីរពេទ្យបង្អែកអង្គស្នួល
  កណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com