អន្តរជាតិ
ប្រមុខការទូតអាមេរិក៖ អាមេរិកគ្មានមិត្តណាល្អជាងអាល្លឺម៉ង់ឡើយ
24, Jun 2021 , 7:29 pm        
រូបភាព
ប្រមុខការទូតអាមេរិក អាន់តូនី ប្លីងខិន និងលោកស្រីអធិការបតីអាល្លឺម៉ង់ អែនជែឡា មឺហ្គែល ។ រូបថត AFP_
ប្រមុខការទូតអាមេរិក អាន់តូនី ប្លីងខិន និងលោកស្រីអធិការបតីអាល្លឺម៉ង់ អែនជែឡា មឺហ្គែល ។ រូបថត AFP_
ដោយ៖ចាន់ ស៊ីណា
 
អង់គ្លេសដែលជាសម្ពន្ធមិត្តចាក់ទឹកមិនលិច មិនមែនឈរលេខមួយជាមិត្តល្អរបស់អាមេរិក។ ប្រមុខការទូតអាមេរិក អាន់តូនី ប្លីងខិន នៅថ្ងៃទី២៣ ខែមិថុនា និយាយថា អាមេរិកមើលមិនឃើញមិត្តណាល្អជាងអាល្លឺម៉ង់ឡើយ។ លោក ប្លីងខិន និយាយបែបនេះ ខណៈប្រទេសទាំងពីរបានសន្យាជារួមដោះស្រាយលើបញ្ហាប្រឈមបង្កដោយចិន និងរុស្ស៊ី។

 
រដ្ឋមន្រ្តីការបរទេសអាមេរិក អាន់តូនី ប្លីងខិន បានធ្វើទស្សនកិច្ចនៅអាល្លឺម៉ង់នៅថ្ងៃទី២៣ ខែមិថុនា ដែលជាទស្សនកិច្ចលើកដំបូងនៅប្រទេសអឺរ៉ុបមួយក្រោយឡើងកាន់តំណែងមក។ នាជំនួបជាមួយអធិការបតី អែនជែឡា មឺហ្គែល លោក ប្លីងខិន បានសាទរគុណតម្លៃ និងផលប្រយោជន៍រួម ដែលប្រទេទេសមានដូចគ្នា។ លោក ប្លីងខិន ថែមទាំងនិយាយលើកសរសើរអាល្លឺម៉ង់ខ្លាំងទៀត។
 
«ខ្ញុំគិតថា វាពិតជាត្រឹមត្រូវដែឡអាមេរិកគ្មានដៃគូល្អ និងមិត្តល្អជាងអាល្លឺម៉ង់ឡើយនៅលើពិភពលោក»។ លោក ប្លីងខិន បញ្ជាក់បែបនេះចំពោះមុខលោកស្រី មឺហ្គែល នាជំនួបនៅបែរឡាំង។ ខណៈការនិយាយបែបនេះជារឿងធម្មតាក្នុងក្របខណ្ឌការទូត ការប្រើពាក្យសង្កត់ធ្ងន់របស់លោក ប្លីងខិនធ្វើឱ្យប្រទេសមួយចំនួនភ្ញាក់ផ្អើលខ្លាំង ស្របពេលរដ្ឋបាលអាមេរិកកំពុងព្យាយាមកែលម្អទំនាក់ទំនងជាមួយដៃគូដែលប្រេះស្រាំក្នុងអាណត្តិលោក ដូណាល់ ត្រាំ ។
 
ចំណែកលោកស្រី មឺហ្គែល ដែលធ្លាប់តែមានទំនាក់ទនងការទូតចម្រូងចម្រាសជាមួយលោក ត្រាំ ក៏បង្ហាញជំហរដូចគ្នានឹងអាមេរិកដែរ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP អធិការបតីអាល្លឺម៉ង់បញ្ជាក់ថា លោកស្រីបានឃើញចំណុចរួមរវាងអាល្លឺម៉ង់ និងអាមេរិកលើបញ្ហាប្រឈមជាច្រើន ពិសេសបញ្ហាជាមួយចិន និងរុស្ស៊ី។ ជាមួយរុស្ស៊ី អតីតរដ្ឋបាល ត្រាំ រិះគន់អាល្លឺម៉ង់ខ្លាំងលើគម្រោងបំពង់បង្ហូរឧស្ម័ន Nord Stream 2 ដោយវ៉ាស៊ីនតោនអះអាងថា នឹងក្លាយជាឧបករណ៍សម្រាប់រុស្ស៊ីដាក់សម្ពាធលើអឺរ៉ុបមិនខាន។
 
ក្នុងជំនួបជាមួយលោកស្រី មឺហ្គែល លោក ប្ល៊ីងខិន ក៏នៅតែប្រឆាំងគម្រោងនេះ ប៉ុន្តែអះអាងថា អាល្លឺម៉ង់មានឆន្ទៈដោះស្រាយការព្រួយបារម្ភនេះ។ កាលពីខែមុន លោក បៃឌិន បានផ្អាកគម្រោងដាក់ទណ្ឌកម្មលើភាគីពាក់ព័ន្ធគម្រោងនេះ ព្រោះការសាងសង់ជិតនឹងបញ្ចប់ ដែលតម្រូវឱ្យអាមេរិកប្ដូរយុទ្ធសាស្រ្តទៅជាការស្វែងរកកិច្ចសហប្រតិបត្តិការជាមួយអាល្លឺម៉ង់ដើម្បីបញ្ចៀសបញ្ហានៅពេលក្រោយវិញ។
 
«អាល្លឺម៉ង់ និងអាមេរិកនឹងរក្សាជំហររួមគ្នាប្រឆាំងនឹងសកម្មភាពគ្រោះថ្នាក់ដែលបង្កឡើងដោយរុស្ស៊ី មិនថាការរំលោភចូលទឹកដីអ៊ុយក្រែន ឬដាក់គុក លោក Alexei Navalny មេដឹកនាំប្រឆាំងលោក ពូទីន ឬផ្សព្វផ្សាយព័ត៌មានមិនពិតពីប្រជាធិបតេយ្យរបស់យើង»។ លោក Blinken សង្កត់ធ្ងន់បែបនេះ៕
 
 
 
 

Tag:
 អាមេរិក
  អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com