អន្តរជាតិ
ចិន ជំរុញឱ្យអាមេរិកបញ្ឈប់ការដាក់ទណ្ឌកម្មឯកតោភាគីលើប្រទេសផ្សេង
24, Jun 2021 , 8:29 pm        
រូបភាព
តំណាងអចិន្រ្តៃយ៍ចិនប្រចាំនៅអង្គការសហប្រជាជាតិ លោក Zhang Jun។ រូបភាព៖ Xinhua
តំណាងអចិន្រ្តៃយ៍ចិនប្រចាំនៅអង្គការសហប្រជាជាតិ លោក Zhang Jun។ រូបភាព៖ Xinhua
តំណាងអចិន្រ្តៃយ៍ចិនប្រចាំនៅអង្គការសហប្រជាជាតិ លោក Zhang Jun នៅថ្ងៃទី២៣ ខែមិថុនា បានអំពាវនាវឱ្យអាមេរិក បញ្ចប់វិធានការចាប់បង្ខំ និងដាក់ទណ្ឌកម្មជាឯកតោភាគីលើបណ្តាប្រទេសផ្សេង។ បើតាមប្រេសិតចិនរូបនេះ វិធានការទាំងនោះ គឺផ្ទុយទៅនឹងច្បាប់ និងសណ្តាប់ធ្នាប់អន្តរជាតិរួមទាំងគោលការណ៍របស់អង្គការសហប្រជាជាតិ (UN)។

 
នៅក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) លើភាពចាំបាច់នៃការបញ្ចប់ទណ្ឌកម្មហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចពីសំណាក់អាមេរិកលើគុយបា តំណាងអចិន្រ្តៃយ៍ចិនប្រចាំនៅអង្គការសហប្រជាជាតិ លោក Zhang Jun បានជំរុញឱ្យអាមេរិក បញ្ឈប់ទណ្ឌកម្មជាឯកតោភាគីលើប្រទេសផ្សេងៗ ស្របពេលបណ្តាប្រទេសជាច្រើនកំពុងរងគ្រោះ ដោយសារជំងឺកូវីដ-១៩។ 
 
បើតាមលោក Zhang ប្រទេសទាំងអស់ ត្រូវតែរួមគ្នាសម្រាប់អនាគតមនុស្សជាតិ ប្រយុទ្ធជាមួយជំងឺឆ្លងសកល និងស្វែងរកការអភិវឌ្ឍ។
 
«ទណ្ឌកម្មអាមេរិកលើគុយបា និងវិធានការចាប់បង្ខំលើបណ្តាប្រទេសផ្សេងទៀត ជាទង្វើមិនស្របនឹងសន្តិភាពអន្តរជាតិ កិច្ចសហប្រតិបត្តិការឈ្នះឈ្នះ និងការអភិវឌ្ឍឡើយ»។ ទូរទស្សន៍CGTN បានស្រង់សម្តីរបស់ប្រេសិតចិនប្រចាំនៅអង្គការសហប្រជាជាតិបែបនេះ។ ក្នុងន័យនេះ លោកZhang បានទទូចឱ្យអាមេរិកបញ្ឈប់សកម្មភាពបែបចាប់បង្ខំនោះបន្ទាន់ ព្រោះវាបំពានការព្រមព្រៀងជាអន្តរជាតិលើរបៀបវារៈ ឆ្នាំ២០៣០ និងប៉ះពាល់សិទ្ធិមនុស្សនៃបណ្តាប្រទេសនីមួយៗ និងសិទ្ធិមូលដ្ឋាន។  
 
ក្នុងកិច្ចប្រជុំដដែល មន្រ្តីជាន់ខ្ពស់ចិនរូបនេះ បានចាត់ទុកទណ្ឌកម្មអាមេរិកបំពាន គោលបំណង និងគោលការណ៍ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិកន្លងមក ព្រោះអាមេរិកបានរឹតត្បិតសិទ្ធិប្រជាជនគុយបា មិនឱ្យទទួលបានថ្នាំព្យាបាល វ៉ាក់សាំង និងសម្ភារៈសម្រាប់ប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ។ 
 
ទន្ទឹមនេះ លោក Zhang បានបន្តថា ទណ្ឌកម្មទាំងនោះផងដែរ បានបំផ្លាញកិច្ចខិតខំរបស់ប្រជាជនគុយបា ក្នុងការសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដូចជា កាត់បន្ថយភាពក្រីក្រ ប៉ះពាល់សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជាដើម។ 
 
សូមបញ្ជាក់ ក្នុងកិច្ចប្រជុំក្នុងថ្ងៃទី២៣ ខែមិថុនា មហាសន្និបាតអង្គការសហប្រជាជាតិ បានគាំទ្រសេចក្តីសម្រេចជាថ្មី ដែលទាមទារឱ្យអាមេរិកលើកចោលការរឹតត្បិតពាណិជ្ជកម្មលើគុយបា។ នេះគឺជារយៈពេល ២៨ឆ្នាំជាប់ៗគ្នា ដែលមហាសន្និបាត បានអនុម័តសេចក្តីសម្រេចមួយ អំពាវនាវឱ្យអាមេរិកលុបចោលទណ្ឌកម្មលើគុយបា៕ 
 

Tag:
 ចិន
  អាមេរិក
  UN
© រក្សាសិទ្ធិដោយ thmeythmey.com