អន្តរជាតិ
បាតុករថៃ ប្រមូលផ្តុំជាថ្មីដើម្បីទាមទារឱ្យលោក ប្រាយុទ្ធ ចុះចេញ
24, Jun 2021 , 5:59 pm        
រូបភាព
បាតុករថៃប្រមូលផ្ដុំនៅវិមានប្រជាធិបតេយ្យ។ រូបថត AFP
បាតុករថៃប្រមូលផ្ដុំនៅវិមានប្រជាធិបតេយ្យ។ រូបថត AFP
ដោយ ឈួ ស៊ាវយីងជាវ 
 

ក្រុមអ្នកតវ៉ារាប់រយនាក់បានប្រមូលផ្តុំគ្នានៅក្រុងបាងកក នៅថ្ងៃទី២៤ ខែមិថុនា ដោយអំពាវនាវឱ្យនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា លាលែងពីតំណែង។ ទោះបីជាអត្រាឆ្លងជំងឺកូវីដ-១៩ នៅក្រុងបាងកកកំពុងហក់ឡើងខ្លាំងក្តី ក្រុមបាតុករនៅតែដង្ហែក្បួន ដែលជាការបំពានវិធានការរឹតត្បិតរបស់រដ្ឋាភិបាល។

 
ដូចការគ្រោងទុក បាតុករថៃរាប់រយជួបជុំគ្នាជាថ្មីនៅថ្ងៃទី២៤ ខែមិថុនា ដើម្បីរំឭកដល់ខួបលើកទី៨៩នៃបដិវត្តន៍ឆ្នាំ១៩៣២ ដែលបានផ្លាស់ប្តូរថៃពីរាជានិយមផ្តាច់ការទៅជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។ ថ្វីបើមានការព្រមានពីក្រុមប៉ូលិសក៏ដោយ មនុស្សរាប់រយនាក់នៅតែពុះពារស្កាត់ប្រមូលផ្តុំគ្នានៅវិមានប្រជាធិបតេយ្យដែលជាផ្លូវបំបែកដ៏មមាញឹកមួយនៅក្រុងបាងកក។ ក្រុមអ្នកតវ៉ាទាំងនោះបានដង្ហែក្បួនទៅកាន់វិមានរដ្ឋសភាដើម្បីតវ៉ាផងដែរ។
 
ការចុះចេញរបស់លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចន្ទអូចា និងការកែរដ្ឋធម្មនុញ្ញ នៅតែជាការទាមទារចម្បងរបស់ក្រុមអ្នកតវ៉ា ដែលជាភាគច្រើនជានិស្សិត។ មេដឹកនាំនិស្សិតល្បីឈ្មោះ Parit «Penguin» Chiwarak ដែលកំពុងរងការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ព្រះមហាក្សត្រ និងបានដោះលែងឱ្យនៅក្រៅឃុំកាលពីខែឧសភា បានចេញមុខតវ៉ាសារជាថ្មី។ មេដឹកនាំនិស្សិតរូបនេះបានដើរវាយស្គរជាមួយការពាក់ម្កុដពណ៌មាស និងកាន់ទង់ជាតិ។
 
បើតាមទីភ្នាក់ងារព័ត៌មាន AFP បាតុករម្នាក់ដែលតុបតែងខ្លួនដូចជារូបសំណាកសេរីភាពនៅអាមេរិក និងក្រុមបាតុករផ្សេងទៀតបានដុតរដ្ឋធម្មនុញ្ញឆ្នាំ២០១៨ ដែលពួកគេចាត់ទុកជារដ្ឋធម្មនុញ្ញក្លែងក្លាយ។ នៅក្នុងសប្តាហ៍នេះ រដ្ឋសភាថៃបានពិភាក្សាអំពីការផ្លាស់ប្តូររដ្ឋធម្មនុញ្ញរបស់ប្រទេស។
 
ជាមួយគ្នានេះ សកម្មជនការពារសិទ្ធិមនុស្សលោក Jatupat Pai Boonpattararaksa ស្រែកតាមឧបករណ៍បំពងសំឡេងថា ការទាមទាររនឹងមិនថមថយទេ ហើយរដ្ឋធម្មនុញ្ញត្រូវតែកើតចេញពីប្រជាជន។ ក្រុមបាតុករខ្លះទៀត កាន់ផ្លាកសញ្ញាដែលសរសេរថា «លុបចោល១១២» ដែលសំដៅទៅនឹងមាត្រានៃច្បាប់បរិហារកេរ្តិ៍ព្រះរាជាដែលកំណត់ជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ។
 
គួរបញ្ជាក់ថា កាលពីពាក់កណ្ដាលឆ្នាំ២០២០ បាតុកម្មកើតមានស្ទើរតែរាល់ថ្ងៃនៅទីក្រុងបាងកកក្នុងគោលបំណងប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ។ ប៉ុន្តែចលនាប្រជាធិបតេយ្យពេលនោះត្រូវរំសាយព្រោះតែការផ្ទុះជំងឺកូវីដ-១៩ និងការចាប់មេដឹកនាំនិស្សិតដាក់គុកជាបន្តបន្ទាប់។
 
គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ព្រះរាជាណាចក្រថៃកត់ត្រាករណីឆ្លងសរុបកើនដល់ ២៣២,៦៤៧ នាក់ និងស្លាប់ចំនួន ១៧៤៥ នាក់៕
 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com