ជាតិ
អាជ្ញាធរខេត្តសៀមរាបសម្រេចបិទផ្សារលើ២សប្ដាហ៍ ក្រោយមានករណីស្លាប់អាជីវករដោយសារកូវីដ១៩
24, Jun 2021 , 5:44 pm        
រូបភាព
អាជ្ញាធរចុះបិទផ្សារលើធំថ្មី នៅរសៀលថ្ងៃទី២៤ មិថុនា ឆ្នាំ២០២១។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
អាជ្ញាធរចុះបិទផ្សារលើធំថ្មី នៅរសៀលថ្ងៃទី២៤ មិថុនា ឆ្នាំ២០២១។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នារសៀលថ្ងៃទី២៤ មិថុនា បានសម្រេចបិទផ្សារលើធំថ្មី ជាបណ្ដោះអាសន្នរយៈពេល២សប្ដាហ៍ ក្រោយមានអាជីវករម្នាក់ស្លាប់ដោយសារជំងឺកូវីដ១៩ និងមានករណីឆ្លងជាបន្តបន្ទាប់។ យ៉ាងណា ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប មិនបានបញ្ជាក់លម្អិតពីករណីនេះទេ ដោយគ្រាន់តែពន្យល់ថា ការបិទនេះដើម្បីគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ ក្នុងតំបន់នេះតែប៉ុណ្ណោះ។


 ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា មូលហេតុដែលឈានដល់ការបិទខ្ទប់ផ្សារលើធំថ្មីនេះ ដោយសារមានករណីស្លាប់ស្រ្ដីចំណាស់ម្នាក់ មានមុខរបរដេរស្បែក និងករណីវិជ្ជមាន២នាក់ទៀត ជាអ្នកដើរទារបាស៊ី និងចាំបន្ទប់ទឹក ក្នុងផ្សារ។ យ៉ាងណា លោក ក្រុស សារ៉ាត់ មិនទាន់ហ៊ានសន្និដ្ឋានពីហានិភ័យនៃការឆ្លងរាលដាលក្នុងផ្សារនេះកម្រិតណានៅឡើយទេ ដោយលោកគ្រាន់តែប្រាប់ថា ក្រុមគ្រូពេទ្យកំពុងចាប់ផ្តើមយកសំណាកមនុស្ស ៨ទៅ៩នាក់ទៅពិនិត្យហើយ និងរង់ចាំលទ្ធផលចេញសិនទើបអាចវាយតម្លៃបាន។

 ដោយសារក្រុមអាជីវករមានរាប់ពាន់នាក់ ដូច្នេះក្រុមគ្រូពេទ្យ បានតម្រូវឱ្យអាជីវករ និងមនុស្សពាក់ព័ន្ធដោយផ្ទាល់ជាមួយករណីស្លាប់ និងឆ្លងខាងលើប៉ុណ្ណោះ ដើម្បីមកយកសំណាកជាបន្ទាន់នៅបរិវេណមុខផ្សារលើធំថ្មី។

 សូមរំលឹកថា គិតត្រឹមថ្ងៃទី២៤ មិថុនា ខេត្តសៀមរាបមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន៧០១នាក់ហើយ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២០៧នាក់ ស្លាប់៨នាក់ និង៤៨៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕

 

 

 

 

 

 


© រក្សាសិទ្ធិដោយ thmeythmey.com