អន្តរជាតិ
ចិនដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីតតាំងជាមួយអូស្រ្តាលី
24, Jun 2021 , 9:29 pm        
រូបភាព
ស្លាកសញ្ញាអង្គការពាណិជ្ជកម្មពិភពលោក។ រូបភាព៖ AFP
ស្លាកសញ្ញាអង្គការពាណិជ្ជកម្មពិភពលោក។ រូបភាព៖ AFP
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃទី២៤ ខែមិថុនា បានអះអាងថា ចិន បានដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) រួចហើយ ដើម្បីតតាំងនឹងការដាក់ពន្ធរបស់អូស្រ្តាលីលើទំនិញចិន។ បញ្ហានេះ កាន់តែធ្វើឱ្យក្រុងប៉េកាំង និងក្រុងកង់បេរ៉ាមានភាពរកាំរកូសជាមួយគ្នាថែមទៀត។

 
ចាប់តាំងពីចុងឆ្នាំ២០១៩ មក អូស្រ្តាលី និងចិន បានដាក់ពន្ធលើផលិតនាំចូលរៀងៗខ្លួន។ នៅឆ្នាំ២០១៩ អូស្រ្តាលី បានយកពន្ធបន្ថែមលើកង់រថភ្លើង និងកង្ហារផលិតថាមពលអគ្គិសនី។ នៅចុងឆ្នាំ២០២០ ចិនបានសងសឹកវិញ តាមរយៈការដំឡើងពន្ធ ២១៨ភាគរយលើស្រារបស់អូស្រា្តលី។ ទាក់ទិននឹងបញ្ហានេះ នៅថ្ងៃទី១៩ ខែមិថុនា អូស្រ្តាលីបានដាក់ពាក្យបណ្ដឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ពាក់ព័ន្ធនឹងការដំឡើងពន្ធនាំចូលស្រាពីសំណាក់ចិន។ 
 
ប៉ុន្មានថ្ងៃបន្ទាប់ ក្រសួងពាណិជ្ជកម្មចិន ក៏បានដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោកដែរ ដើម្បីតតាំងជាមួយពន្ធប្រឆាំងនឹងការលក់បង្ខូចថ្លៃរបស់អូស្រ្តាលី។ «វាមានបំណងការពារសិទ្ធិស្របច្បាប់ និងផលប្រយោជន៍របស់ក្រុមហ៊ុនចិន»។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក Gao Feng បានថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី២៤ ខែមិថុនា។
 
បើតាមក្រសួងពាណិជ្ជកម្ម ចិនសង្ឃឹមថា អូស្រ្តាលីនឹងចាត់វិធានការឱ្យបានសមស្រប ក្នុងការកែកំហុសរបស់ខ្លួន, ចៀសវាងការបន្លំនៅក្នុងការធ្វើពាណិជ្ជកម្ម និងធ្វើឱ្យពាណិជ្ជកម្មរវាងប្រទេសទាំងពីរដើរលើផ្លូវត្រូវវិញ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
នៅថ្ងៃទី២១ ខែមិថុនា កន្លងមក លោក Gao បានលើកឡើងថា ចិនជំទាស់ នឹងការបំពានមធ្យោបាយស្របច្បាប់លើពាណិជ្ជកម្ម ដែលមិនត្រឹមតែប៉ះពាល់ដល់ផលប្រយោជន៍របស់ក្រុមហ៊ុនចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់ផលវិបាកដល់អង្គការពាណិជ្ជកម្មពិភពលោកផងដែរ។ 
 
គួររំលឹកថា នៅដើមខែមិថុនាកន្លងមក ក្រុមប្រទេសអ្នកមានទាំងប្រាំពីរ (G7) បានអំពាវនាវចាត់វិធានការប្រឆាំងនឹងការអនុវត្តពាណិជ្ជកម្ម និងការកើនឡើងឥទ្ធិពលរបស់ចិន។ មិនតែប៉ុណ្ណោះ ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ ក៏បានដាក់ចេញគម្រោង Build Back Better World ដើម្បីទប់ជាមួយគំនិតផ្តួចផ្តើម «ផ្លូវ និងខ្សែក្រវាត់» របស់ចិនផងដែរ៕ 
 

Tag:
 ចិន
  អូស្រ្តាលី
© រក្សាសិទ្ធិដោយ thmeythmey.com