កីឡាអន្តរជាតិ
អន្តរជាតិ
៩៤គ្រាប់នៅ Euro 2020៖ ហូឡង់ស៊ុតចូល៨គ្រាប់ ខណៈ Ronaldo មាន៥គ្រាប់ច្រើនជាងគេ
24, Jun 2021 , 10:29 pm        
រូបភាព
ការប្រកួតវគ្គចែកពូលពី A ដល់ F នៃពានរង្វាន់ Euro 2020 ដែលមាន២៤ក្រុមប្រជែងគ្នាបានបញ្ចប់ហើយ ដោយរកឃើញ១៦ក្រុមទៅវគ្គបន្ត ខណៈ៨ក្រុមត្រឡប់ទៅផ្ទះរៀងខ្លួន។ ទាំង៣៦ប្រកួតនៅវគ្គសន្សំពិន្ទុនេះ មានការស៊ុតបញ្ចូលទីគ្នាសរុបដល់ទៅចំនួន៩៤គ្រាប់។ ហូឡង់ស៊ុតបានច្រើនជាងគេចំនួន៨គ្រាប់ ឯ Cristiano Ronaldo រកបាន៥គ្រាប់ នាំមុខអ្នកស៊ុតចូលទីច្រើនជាងគេ។

 
៩៤គ្រាប់ ដែលកើតឡើងនៅវគ្គជម្រុះតាមពូល ស្មើនឹងការរកបាន ២,៦២ គ្រាប់ក្នុងមួយប្រកួត និងរាល់៣៤នាទី សម្រេចបាន១គ្រាប់នៅក្នុងព្រឹត្តិការណ៍អឺរ៉ុបដែលរៀបចំនៅឆ្នាំ២០២១នេះ។
 
ក្រុមទាំង២៤ សុទ្ធតែអាចរកបានគ្រាប់ស៊ុតបញ្ចូលទីទាំងអស់នៅវគ្គចែកពូល ពីការប្រកួត៣លើក។ ហូឡង់ស៊ុតបញ្ចូលទីច្រើនជាងគេចំនួន៨គ្រាប់ តាមពីក្រោយដោយអ៊ីតាលី បែលហ្ស៊ិក និងព័រទុយហ្កាល់ ដែលរកបាន៧គ្រាប់ដូចគ្នា។ អាល្លឺម៉ង់ និងអេស្ប៉ាញសម្រេចបាន៦គ្រាប់រៀងខ្លួន ឯដាណឺម៉ាកស៊ុតបាន៥គ្រាប់។


 
អូទ្រីស ស៊ុយអែត អ៊ុយក្រែន ក្រូអាស៊ី បារាំង ប៉ូឡូញ និងស្វ៊ីស មាន៤គ្រាប់។ វេលស៍ ហុងគ្រី ឆែក រកបាន៣គ្រាប់ដូចគ្នា ខណៈអង់គ្លេសរកបានតែ២គ្រាប់ប៉ុណ្ណោះ ស្មើ រុស្ស៊ី ស្លូវ៉ាគី និងម៉ាសេដ្វានខាងជើង។ ស្កុតឡែន តួកគី និងហ្វាំងឡង់មាន១គ្រាប់ដែរ។
 
សម្រាប់កីឡាករដែលស៊ុតបញ្ចូលទីនៅវគ្គចែកពូលច្រើនជាងគេមាន Cristiano Ronaldo ប្រធានក្រុមព័រទុយហ្កាល់ចំនួន៥គ្រាប់ តាមពីក្រោយដោយប្រធានក្រុមហូឡង់ Georginio Wijnaldum ប្រធានក្រុមប៉ូឡូញ Robert Lewandowski ខ្សែប្រយុទ្ធបែលហ្ស៊ិក Lukaku កីឡាករ Forsberg របស់ស៊ុយអែត និង Schick របស់ឆែក ធ្វើបាន៣គ្រាប់ដូចគ្នា។ 
កីឡាករបញ្ជូនបាល់ឱ្យដៃគូសម្រេចទីច្រើនជាងគេ (Assist) មាន Hojbjerg របស់ដាណឺម៉ាក និង Zuber របស់ស្វ៊ីសដែលធ្វើបាន៣លើកដូចគ្នា៕
 
 
ក្រុមដែលឡើងទៅជួបគ្នានៅវគ្គ១៦ក្រុមចុងក្រោយមាន៖

-អ៊ីតាលី vs អូទ្រីស
-ហូឡង់ vs សាធារណរដ្ឋឆែក
-វេលស៍ vs ដាណឺម៉ាក
-បែលហ្ស៊ិក vs ព័រទុយហ្កាល់
-ក្រូអាស៊ី vs អេស្ប៉ាញ
-បារាំង vs ស្វ៊ីស
-អង់គ្លេស vs អាល្លឺម៉ង់
-ស៊ុយអែត vs អ៊ុយក្រែន៕
 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com