ខេត្តកោះកុង នៅតែបន្តរកឃើញអ្នកឆ្លងថ្មីជិត១០០នាក់បន្ថែមទៀត នៅថ្ងៃទី២៤ ខែមិថុនា ខណៈអ្នកសះស្បើយមាន៨នាក់។ ចំណែកខេត្តសៀមរាប មាន៤៩នាក់ បន្ថែមនិងមានអ្នកស្លាប់១នាក់ ខណៈព្រៃវែង ក៏មានអ្នកស្លាប់ថ្មី១នាក់ដែរ ហើយមានអ្នកវិជ្ជមាន១៤នាក់បន្ថែម។ ឧត្តរមានជ័យ មាន៦០នាក់ សុទ្ធតែជាអ្នកមកពីថៃ, ស្ទឹងត្រែង និងកំពត រកឃើញ៣០នាក់រៀងខ្លួន។ ខេត្តបាត់ដំបង មាន២៥នាក់, កំពង់ធំ មាន៧នាក់បន្ថែម។
កោះកុង៖ ឆ្លងថ្មី ៩៣នាក់ និងជាសះស្បើយ ៨នាក់
ខេត្តកោះកុង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៩៣នាក់បន្ថែមទៀត ដែលក្នុងនោះ ៥៣នាក់ ជាពលរដ្ឋដែលមានទីលំនៅ ក្នុងក្រុងខេមរភូមិន្ទ។ ក្រៅពីនេះ គឺជាពលរដ្ឋរស់នៅឃុំប៉ាក់ខ្លង និងឃុំពាមក្រសោម ស្រុកមណ្ឌលសីមា។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ ចំនួន ៨នាក់ បានជាសះស្បើយផងដែរ។
ឧត្តរមានជ័យ៖ រកឃើញ៦០នាក់ទៀត សុទ្ធតែជាពលករខ្មែរដែលត្រឡប់មកពីថៃ
មនុស្ស ៦០នាក់មានតេស្តវិជ្ជមានកូវីដ-១៩ ដែលសុទ្ធតែជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺម្នាក់បានជាសះស្បើយដែរ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦០នាក់នោះ មាន១០នាក់ជាអ្នកឧត្តរមានជ័យ, ១៣នាក់ជាអ្នកខេត្តសៀមរាប, ១៦នាក់ជាអ្នកខេត្តបាត់ដំបង, ៥នាក់អ្នកខេត្តបន្ទាយមានជ័យ, ៨នាក់នៅត្បូងឃ្មុំ , ៣នាក់នៅកំពង់ធំ, ៣នាក់នៅពោធិ៍សាត់ ,២នាក់នៅកំពង់ចាម និង១នាក់ទៀតជាអ្នកខេត្តព្រៃវែង។ គិត្រឹមថ្ងៃទី២៤ មិថុនា ខេត្តឧត្តរមានជ័យ រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន២៨៧នាក់ ក្នុងនោះ ២៥១នាក់ជាករណីនាំចូល។ បច្ចុប្បន្ន មានអ្នកជំងឺ ៩១នាក់ហើយបានជាសះស្បើយ ខណៈ២នាក់បានស្លាប់ និងចំនួន ១៩៤នាក់ទៀត កំពុងសម្រាកព្យាបាល។
សៀមរាប៖ វិជ្ជមាន ៤៩នាក់ ជា៦២នាក់ និង១នាក់ទៀតស្លាប់
សៀមរាបរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៤៩នាក់ទៀត ខណៈអ្នកជំងឺ៦២នាក់ បានជាសះស្បើយ និងមានស្លាប់ម្នាក់ទៀត។ ក្នុងចំណោមករណីថ្មី មាន៤០នាក់ជាអ្នកក្រុងសៀមរាប មាននៅសង្កាត់ស្រង៉ែ គោកចក ស្លក្រាម ស្វាយដង្គំ នគរធំ ជ្រាវ និងសង្កាត់សាលាកំរើក។ អ្នកជំងឺ២នាក់ នៅស្រុកសូទ្រនិគម, ស្រុកជីក្រែង ក្រឡាញ់ និងស្រុកស្វាយលើ មាន១នាក់រៀងខ្លួន។ អ្នកវិជ្ជមាន ៣នាក់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង១នាក់ទៀត ជាអ្នកស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ករណីស្លាប់ គឺជាស្ត្រីវ័យ ៧២ឆ្នាំ រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ អ្នកជំងឺស្លាប់ព្រោះរលាកសួត ដែលបង្កដោយកូវីដ-១៩។ ខេត្តសៀមរាប មានអ្នកឆ្លងកូវីដ-១៩ សរុប៧៥១នាក់ ក្នុងនោះ២៦៧នាក់ បានសះស្បើយ ៩នាក់ស្លាប់ និង៤៧៥នាក់ទៀត កំពុងសម្រាកព្យាបាល។
ស្ទឹងត្រែង៖ មាន៣០ករណី ភាគច្រើននៅក្រុងស្ទឹងត្រែង
ក្នុងចំណោមអ្នកវិជ្ជមានទាំង៣០នាក់នោះ មាន២០នាក់ជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ស្រះឫស្សី និងសង្កាត់ស្ទឹងត្រែង នៃក្រុងស្ទឹងត្រែង។ អ្នកជំងឺម្នាក់មានអាសយដ្ឋាននៅឃុំចំការលើ ស្រុកថាឡាបរិវ៉ាត និងម្នាក់ទៀតជាអ្នកស្រុកមេសាង ខេត្តព្រៃវែង។
កំពត៖ មាន៣០នាក់ទៀតភាគច្រើនជាកម្មកររោងចក្រ
ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ទាំង៣០នាក់នោះ មាន១១នាក់នៅស្រុកកំពង់ត្រាច, ៥នាក់នៅស្រុកឈូក ខណៈក្រុងកំពត និងស្រុកទឹកឈូមាន៤នាក់រៀងខ្លួន។ ចំណែកនៅស្រុកអង្គរជ័យ ស្រុកដងទង់ និងស្រុកបន្ទាយមាស មាន២នាក់រៀងខ្លួន។ បច្ចុប្បន្នខេត្តកំពតមានអ្នកឆ្លងកូវីដ-១៩ សរុប១១៣៦នាក់ ក្នុងនោះ៧២៤នាក់បានជាសះស្បើយ ១២នាក់បានស្លាប់ និងមានអ្នកជំងឺ ៤០០នាក់ទៀត កំពុងសម្រាកព្យាបាល។
បាត់ដំបង៖ ឆ្លងថ្មី២៥នាក់ ក្នុងនោះ១៣នាក់ជាពលករមកពីប្រទេសថៃ
នៅខេត្តបាត់ដំបង មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៥នាក់បន្ថែមទៀត ក្នុងនោះ១៣នាក់ជាអ្នកដែលត្រឡប់មកពីប្រទេសថៃ។ ក្នុងចំណោមអ្នកឆ្លងថ្មីនេះ មានពលរដ្ឋនៅក្រុងបាត់ដំបង ស្រុកកំរៀង បវេល ភ្នំព្រឹក សង្កែ ថ្មគោល សំពៅលូន និងស្រុកបាណន់។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ១៣នាក់ទៀតដែរ បានជាសះស្បើយ។ ខេត្តបាត់ដំបង មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៧៣៣នាក់ ក្នុងនោះ៤២៦នាក់ បានជាសះស្បើយ ស្លាប់៦នាក់ និងមានអ្នកជំងឺនៅសល់៣០១នាក់ទៀត កំពុងបន្តការព្យាបាល។
ព្រៃវែង៖ ឆ្លងថ្មី១៤នាក់ និងស្លាប់១នាក់
ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ១៤នាក់នោះ មាន៣នាក់នៅស្រុកមេសាង, ៣នាក់ទៀត នៅស្រុកពាមរក៍ ខណៈស្រុកពារាំង និងកញ្ជ្រៀចមាន ២នាក់រៀងខ្លួន។ ស្រុកស្វាយអន្ទរ ស៊ីធរកណ្តាល ពោធិ៍រៀង និងកំចាយមាន មាន១នាក់រៀងខ្លួន។ រដ្ឋបាលខេត្តព្រៃវែង ក៏បញ្ជាក់ថាមានករណីស្លាប់១នាក់បន្ថែមដែរ។ បច្ចុប្បន្ន ខេត្តព្រៃវែង មានករណីឆ្លងសរុប ១២៩១នាក់ ក្នុងនោះ៨១២នាក់ជាសះស្បើយ ១៨នាក់ស្លាប់ និង៤៦១នាក់ទៀតកំពុងបន្តការព្យាបាល។
កំពង់ធំ៖ ករណីថ្មី ៧នាក់ និងជាសះស្បើយ ២១នាក់
ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំង៧នាក់នោះ មាន៤នាក់ជាពលករដែលទើបត្រឡប់មកពីប្រទេសថៃ ដែលពួកគេមានទីលំនៅក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ។ ៣ករណីទៀត ឆ្លងក្នុងសហគមន៍ ដែលអ្នកទាំង៣ រស់នៅស្រុកប្រាសាទសំបូរ និងស្រុកប្រាសាទបាល្ល័ង។ ជាមួយគ្នារដ្ឋបាលខេត្ត ក៏បញ្ជាក់ថាមានអ្នកជំងឺ២១នាក់បន្ថែមបានជាសះស្បើយ។ ខេត្តកំពង់ធំ មានអ្នកកើតកូវីដ-១៩ សរុប ៧៣០នាក់ ក្នុងនោះ ៣៤៥នាក់បានជាសះស្បើយ ៨នាក់ស្លាប់ និង៣៧៧នាក់ទៀតកំពុងសម្រាកព្យាបាល។