កីឡាអន្តរជាតិ
អន្តរជាតិ
បូលីវី ធ្លាក់ចេញពី Copa America មុនគេ ក្រោយចាញ់អ៊ុយរូហ្គាយ ២-០
25, Jun 2021 , 2:38 pm        
រូបភាព
បូលីវី ជាក្រុមដំបូងគេដែលត្រូវខ្ទាតចេញពីពានរង្វាន់ Copa America ក្រោយចាញ់អ៊ុយរូហ្គាយយ ២-០ និងជាបរាជ័យ៣លើកជាប់គ្នានៅវគ្គសន្សំពិន្ទុពូល A។ ទោះសល់១ប្រកួតរៀងខ្លួន អ៊ុយរូហ្គាយ បានកៅអីស្វ័យប្រវត្តិទៅវគ្គ៨ក្រុមចុងក្រោយជាមួយស៊ីលី ប៉ារ៉ាហ្គាយ និងអាហ្សង់ទីន។


នាជំនួបលើកទី៣ពូល A នៅព្រឹកថ្ងៃទី២៥ ខែមិថុនា Edinson Cavani បានរកគ្រាប់បាល់ទី២នៅនាទី៥២ ឱ្យអ៊ុយរូហ្គាយក្រោយ Carlos Lampe អ្នកចាំទីបូលីវីធ្វើឱ្យចូលទីខ្លួនឯងនៅនាទី៤០។
 
ក្រោយបរាជ័យផ្ទួនគ្នា៣លើក បូលីវីបានក្លាយជាក្រុមដំបូងគេដែលត្រូវជម្រុះចេញពី Copa America ទោះសល់មួយប្រកួតចុងក្រោយនៅពូល A ក្តី។ បូលីវីគ្មានពិន្ទុរាប់នៅបាតារាង ខណៈលេខ៤អ៊ុយរូហ្គាយរកបាន៤ពិន្ទុ។ ស៊ីលីស្ថិតនៅចំណាត់ថ្នាក់ទី៣មាន៥ពិន្ទុក្រោយចាញ់ក្នុងលេខ២ប៉ារ៉ាហ្គាយ ២-០។ អាហ្សង់ទីនឈរកំពូលតារាងពូល A មាន៧ពិន្ទុ។
 
នៅវគ្គសន្សំពិន្ទុតាមពូល A និង B ក្នុងព្រឹត្តិការណ៍ប្រចាំតំបន់អាមេរិកខាងត្បូង មានតែ១ក្រុមប៉ុណ្ណោះត្រូវត្រឡប់ទៅផ្ទះវិញ ខណៈ៤ក្នុងពូលនិមួយៗបន្តទៅប្រជែងគ្នានៅវគ្គ១/៤ផ្តាច់ព្រ័ត្រ។
ដោយឡែកពូល B ម្ចាស់ផ្ទះប្រេស៊ីលជាក្រុមដំបូងគេដែលបានសិទ្ធិទៅវក្គ៨ក្រុម។ កូឡុំប៊ី ប៉េរូ អេក្វាទ័រ និងវេណេស៊ុយអេឡា ត្រូវប្រជែងគ្នាយក៣ក្រុមទៅវគ្គបន្ត៕ 
 

Tag:
 Copa America
© រក្សាសិទ្ធិដោយ thmeythmey.com