កីឡាអន្តរជាតិ
អន្តរជាតិ
អ្នករៀបចំ Euro 2020 និងក្រុមហ៊ុនឧបត្ថម្ភ យល់ព្រមដកដបស្រាបៀរពីមុខកីឡាករមូស្លីម
25, Jun 2021 , 7:29 pm        
រូបភាព
អ្នករៀបចំព្រឹត្តិការណ៍ Euro 2020 នឹងឈប់ដាក់ដបស្រា Heineken បើទោះគ្មានជាតិអាល់កុលក្តីនៅចំពោះមុខកីឡាករដែលគោរពសាសនាឥស្លាមអំឡុងសន្និសីទកាសែត។ ការសម្រេចដោយមានការយល់ព្រមពីក្រុមហ៊ុនឧបត្ថម្ភនេះ ជាការគោរពដល់កីឡាករកាន់សាសនាឥស្លាម ពោលគឺក្រោយពេល Paul Pogba ដកដបស្រាបៀរ Heineken ចេញពីលើតុខ្លួនកន្លងមក។


Pogba តារាឆ្នើមក្រុមជម្រើសជាតិបារាំង បានដកដបស្រាបៀរ Heineken ចេញពីលើតុខ្លួននៅក្នុងសន្និសីទកាសែតក្នុងព្រឹត្តិការណ៍ Euro 2020 កាលពីសប្តាហ៍មុន។ យ៉ាងណាក៏ដោយ ទង្វើរបស់ខ្សែបម្រើ Manchester United ដែលជាអ្នកប្រតិបត្តិសាសនាឥស្លាម មិនមានបញ្ហាដូច Cristiano Ronaldo ដែលយកដបកូកា-កូឡា ចេញពីតុសន្និសីទ ហើយណែនាំឱ្យផឹកទឹកជំនួសវិញនោះទេ។ ទាំង Heineken និង កូកា-កូឡា សុទ្ធតែជាអ្នកឧបត្ថម្ភធំក្នុងការប្រកួតអឺរ៉ូនេះ។
 
ដោយសារ Ronaldo បានធ្វើឲ្យក្រុមហ៊ុភេសជ្ជៈកូកា-កូឡាធ្លាក់ថ្លៃភាគហ៊ុនដល់ទៅ៤ពាន់លានដុល្លារអាមេរិក។ ក្រោយមក UEFA បានចេញសារព្រមានទៅកាន់កីឡាករផ្សេងទៀតកុំឱ្យធ្វើតាមប្រធានក្រុមព័រទុយហ្កាល់រូបនេះ ដ្បិត Heineken និង កូកា-កូឡា ជាក្រុមហ៊ុបដៃគូឧបត្ថម្ភដើម្បីដំណើរការការប្រកួត Euro 2020។
 
សម្រាប់ករណី Pogba មិនដូច Ronaldo ឡើយ។ ការទទួលទានសុរា ឬស្រាបៀរមានជាតិអាល់កុលត្រូវបានហាមឃាត់ចំពោះជនជាតិម៉ូស្លីម។ ក្រោយមានការពិភាក្សារវាក្រុម គ្រូបង្វឹក កីឡាករ និងមានការយល់ព្រមពីក្រុមហ៊ុនឧបត្ថម្ភផង អ្នករៀបចំកម្មវិធីពានរង្វាន់ទ្វីបអឺរ៉ុបបានសម្រេចមិនដាក់ដកស្រាបៀរមាន ឬគ្មានជាតិអាល់កុលលើតុសន្និសីទដែលមានកីឡាករកាន់សាសនាឥស្លាមទៀតឡើយ៕
 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com