អន្តរជាតិ
UN៖ មនុស្ស២៣ម៉ឺននាក់ត្រូវផ្លាស់ទីលំនៅដោយសារការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ា
25, Jun 2021 , 8:29 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយៈ ចាន់ ស៊ីណា 
 
ទីភ្នាក់ងារមនុស្សធម៍អង្គការសហប្រជាជាតិ នៅថ្ងៃទី២៤ ខែមិថុនា បានលើកឡើងថា ប្រជាជនមីយ៉ាន់ម៉ាប្រមាណ២៣ម៉ឺននាក់ បានផ្លាស់ទីលំនៅដោយសារការប្រយុទ្ធគ្នា និងអំពើហិង្សាក្នុងប្រទេសក្នុងឆ្នាំ២០២១នេះ។ ពួកគេ ក៏ត្រូវការជំនួយជាបន្ទាន់ផងដែរ។

 
មីយ៉ាន់ម៉ា ធ្លាក់ក្នុងវិបត្តិផ្ទៃក្នុងប្រទេសចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈមក ពេលដែលក្រុមយោធាដណ្ដើមអំណាច និងទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី ចេញពីតំណែង។ ប្រជាជនមីយ៉ាន់ម៉ាជាច្រើនត្រូវបានសម្លាប់ក្នុងការបង្រ្កាបរបស់យោធា និងការប៉ះទង្គិចរវាងកងទ័ព ជាមួយក្រុមកម្លាំងតស៊ូរបស់ប្រជាជន។
 
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការ សម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានអះអាងថា ប្រតិបត្តិការសង្រ្គោះប្រជាជនមីយ៉ាន់ម៉ាកំពុងធ្វើឡើង តែត្រូវបានរារាំងដោយការប៉ះទង្គិចប្រដាប់អាវុធ អំពើហិង្សា និងអសន្តិសុខនៅក្នុងប្រទេស។
 
បើតាម OCHA ប្រជាជនមីយ៉ាន់ម៉ា១៧៧,០០០នាក់ ត្រូវរត់ចេញពីផ្ទះសម្បែងនៅក្នុងតំបន់ Karen ជាប់ព្រំដែននថៃ ដោយក្នុងនោះ១០៣,០០០នាក់បានផ្លាស់លំនៅឋាននៅខែឧសភាតែមួយគត់។ លើសពីនេះ ប្រជាជនមីយ៉ាន់ម៉ាប្រមាណជាង២ ម៉ឺននាក់ផ្សេងទៀត កំពុងរស់នៅជម្រកបណ្ដោះអាសន្នតាមតំបន់ជាង ១០០ ផ្សេងៗគ្នាក្នុងរដ្ឋ Chin ជាប់ព្រំដែនជាមួយឥណ្ឌា។
 
ជាមួយគ្នានេះ ប្រជាជនរាប់ពាន់នាក់បានភៀសខ្លួនចេញពីការប្រយុទ្ធនៅរដ្ឋ Kachin និងរដ្ឋ Shan ដែលនៅភាគខាងជើងមីយ៉ាន់ម៉ា។ រដ្ឋទាំងពីរនេះ ជាតំបន់ប្រមូលផ្តុំកងទ័ពជនជាតិភាគតិច ដែលតែងប៉ះទង្គិចជាមួយកងទ័ពរដ្ឋាភិបាលយូរមកហើយ។
 
សហភាពជាតិ Karen (KNU) ជាក្រុមជនជាតិភាគតិចចំណាស់ជាងគេ បានបង្ហាញពីក្តីព្រួយបារម្ភពីការបាត់បង់អាយុជីវិតរបស់ជនស៊ីវិល ការកើនឡើងនៃអំពើហិង្សា ក៏ដូចជាការប្រើប្រាស់កម្លាំងហួសប្រមាណពីសំណាក់រដ្ឋាភិបាលនៅទូទាំងមីយ៉ាន់ម៉ា។ ក្នុងសេចក្ដីថ្លែងការណ៍មួយ KNU ប្ដេជ្ញាប្រយុទ្ធនឹងរបបផ្ដាច់ការ និងផ្តល់ការការពារកាន់តែខ្លាំងឱ្យប្រជាជន និងជនស៊ីវិលដែលគ្មានអាវុធតាមដែលអាចធ្វើទៅបាន៕
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com