អន្តរជាតិ
ការសិក្សា៖ ជំងឺកូវីដ-១៩ អាចកើតនៅកន្លែងផ្សេងចិន មុនផ្ទុះនៅក្រុងវូហាន
25, Jun 2021 , 9:29 pm        
រូបភាព
មន្រ្តីសុខាភិបាលចិន បាញ់ថ្នាំសម្លាប់មេរោគ។ រូបភាព៖ Reuters
មន្រ្តីសុខាភិបាលចិន បាញ់ថ្នាំសម្លាប់មេរោគ។ រូបភាព៖ Reuters
ដោយ៖ ជា ពេជ្រដាឡែន 

វីរុស ដែលបង្កជាជំងឺកូវីដ-១៩ អាចឆ្លងរាលដាលនៅចិន តាំងពីដើមខែតុលា ឆ្នាំ២០១៩មកម្ល៉េះ ពោលគឺមុនរយៈពេល ពីរខែ ដែលមន្រ្តីសុខាភិបាលចិន បានរាយការណ៍ពីករណីផ្ទុះជំងឺកូវីដ-១៩ ដំបូង នៅទីក្រុងវូហាន។ នេះបើតាមការសិក្សាថ្មីមួយរបស់ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យអង់គ្លេស Kent នៅថ្ងៃទី២៥ ខែមិថុនា។

 
កិច្ចការស្រាវជាវមួយ ដែលបានបោះពុម្ភផ្សាយលើទិនានុប្បវត្តិ LOS Pathogens បានបង្ហាញ ពីវិធីសាស្រ្តស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រអភិរក្សរបស់ក្រុមអ្នកស្រាវជ្រាវ និងបានប៉ាន់ប្រមាណថា វីរុស ដែលបង្កជាជំងឺកូវីដ-១៩ (SARS-CoV-2) បានបង្ហាញខ្លួនដំបូងចាប់ពីដើមខែតុលា ដល់ពាក់កណ្តាលខែវិច្ឆិកាឆ្នាំ ២០១៩។ ក្នុងការសិក្សាថ្មីនេះ អ្នកស្រាវជ្រាវបានកំណត់ថា ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ទំនងជាកើតឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០១៩ ហើយប្រហែលឆ្លងរាលដាលទៅដល់ប្រទេសផ្សេងៗលើពិភពលោកចាប់ពីខែមករា ឆ្នាំ២០២០។
 
ចំណែកការស្រាវជ្រាវមួយទៀត ដែលចេញផ្សាយក្នុងសប្តាហ៍នេះ អ្នកជំនាញ Jessie Bloom នៃមជ្ឈមណ្ឌល ស្រាវជ្រាវជំងឺមហារីក Fred Hutchinson ក្នុងទីក្រុង Seattle បានរកឃើញទិន្នន័យជំងឺកូវីដ-១៩ ដំបូងនៅចិន ដែលត្រូវបានលុបចោល។ ការស្រាវជ្រាវមួយនេះ ក៏បានបង្ហាញទិន្នន័យ ដែលយកចេញពីផ្សារ Huanan ក្នុងក្រុងវូហាន មិនមែនជាសំណាកតំណាងឱ្យវីរុស SARS-CoV-2 ទាំងស្រុងនោះទេ តែទិន្នន័យសំណាកនោះ គ្រាន់តែជាវីរុសដែល មានសកម្មភាពឆ្លងរាលដាលនៅតំបន់ផ្សេងៗរបស់ចិនហើយប៉ុណ្ណោះ។ 
 
នៅក្នុងការសិក្សារួមគ្នាមួយ ដែលចេញផ្សាយកាលពីចុងខែមីនាកន្លងទៅ ចិន និង អង្គការWHO បានទទួលស្គាល់ថា វាអាចមានករណីឆ្លងជំងឺកូវីដ-១៩ ពីមនុស្សម្នាក់ទៅមនុស្សមួយទៀតមានមុនពេលការផ្ទុះឡើងនៅវូហាន។ ប៉ុន្តែការសិក្សាមួយនេះ មិនបានរកប្រភពចម្លងនៃជំងឺកូវីដ-១៩នោះទេ ដោយសារតែមានការលំបាក ក្នុងការទទួលបានទិន្នន័យដើម ដែលទាមទារការសិក្សាស្រាវជ្រាវបន្ថែមទៀត។ 
 
គួររំលឹកថា ជំងឺកូវីដ-១៩ ត្រូវបានអាជ្ញាធរចិនរាយការណ៍ដំបូង នៅក្នុងខែធ្នូ ឆ្នាំ២០១៩ ហើយបន្ទាប់មកវាបានរីកសាយទៅតាមបណ្តាប្រទេសផ្សេងៗលើពិភពលោក។ មកទល់ពេលនេះ ជំងឺកូវីដ-១៩ នៅតែជារឿងដ៏តានតឹងមួយ រវាងអាមេរិក និងចិន ដោយអាមេរិកសង្ស័យថា វីរុសបង្កជាជំងឺកូវីដ-១៩ ធ្លាយចេញពីមន្ទីរពិសោធន៍មួយ នៅក្នុងទីក្រុងវូហាន៕
 

Tag:
 ចិន
  កូវីដ-១៩
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com