អន្តរជាតិ
តៃវ៉ាន់បង្កើនការរឹតត្បិតព្រំដែនដើម្បីទប់ស្កាត់ការឆ្លងវីរុសបំប្លែងខ្លួន «ដែលតា»
25, Jun 2021 , 10:59 pm        
រូបភាព
ដោយៈ ចាន់ ស៊ីណា 
 
តៃវ៉ាន់ នឹងបង្កើនការត្រួតពិនិត្យច្រកព្រំដែនដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសថ្មីដែលតា ដែលកំពុងរាលដាលយ៉ាងខ្លាំងជុំវិញពិភពលោក។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរដែនកោះនេះនៅថ្ងៃទី២៥ ខែមិថុនា។ អ្នកដំណើរទាំងងអស់ដែលទៅដល់តៃវ៉ាន់ ជាពិសេសអ្នកដំណើរប្រទេសចំនួន ៥ ត្រូវធ្វើចត្តាឡីស័កនៅកន្លែងកំណត់ដោយរដ្ឋាភិបាល។

 
អស់រយៈពេលជាច្រើនខែកន្លងមក តៃវ៉ាន់បានទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ យ៉ាងល្អ។ ប៉ុន្តែឈានចូលខែឧសភា តៃវ៉ាន់ក៏ជួបជារលកឆ្លងទី ២ ដែលបង្ខំឱ្យរដ្ឋាភិបាលដាក់កោះស្ថិតនៅកម្រិតប្រកាសអាសន្នខ្ពស់បំផុត។  រដ្ឋាភិបាលបានបញ្ជាឱ្យមានការផ្អាកបណ្តោះអាសន្ន ទាំងកន្លែងកម្សាន្ត ដែលមានការប្រមូលផ្តុំគ្នាដែលងាយនឹងឆ្លងវីរុសកូរ៉ូណា និងបន្តការបិទគ្រឹះស្ថានសិក្សា ហើយប្តូរទៅជាការរៀនតាមប្រព័ន្ធអនឡាញវិញ។
 
ខណៈពិភពលោកកំពុងបារម្ភវីរុសទម្រង់ថ្មីដែលតានោះ តៃវ៉ាន់ក៏នឹងពង្រឹងការធ្វើដំណើរចូលដែនកោះខ្លួនដែរ។ រដ្ឋមន្រ្តីសុខាភិបាលតៃវ៉ាន់លោក លោក Chen Shih-chung ប្រកាសនៅថ្ងៃទី២៥ ខែមិថុនា ថា ចាប់ពីថ្ងៃទី២៧ ខែមិថុនា អ្នកដំណើរពីបង់ក្លាដែស អង់គ្លេស ឥណ្ឌូណេស៊ី អ៊ីស្រាអែល និងប៉េរូនឹងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមទីតាំងដែលរៀបចំដោយរដ្ឋាភិបាល។ 
 
កន្លងមក អ្នកដំណើរទៅពីប្រេស៊ីល និងឥណ្ឌាត្រូវបានរដ្ឋាភិបាលតៃវ៉ាន់កំហិតឱ្យធ្វើចត្តាឡីស័កនៅកន្លែងដែលត្រួតពិនិត្យដោយរដ្ឋរួចហើយ។ អ្នកដំណើរផ្សេងទៀត ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះ ឬសណ្ឋាគារក្នុងរយៈពេល១៤ថ្ងៃផងដែរ។
 
គួរបញ្ជាក់ថា តៃវ៉ាន់បានរកឃើញអ្នកឆ្លងវីរុសថ្មីដែលតាចំនួន៧នាក់ ដែលសុទ្ធតែរកឃើញអំឡុងពេលធ្វើចត្តាឡីស័ក។ ចំណែកករណីឆ្លងក្នុងស្រុកវិញ តៃវ៉ាន់ក៏រកឃើញវីរុសទម្រង់អាល់ហ្វាដែលរកឃើញដំបូងនៅអង់គ្លេស។ 
 
នៅថ្ងៃទី២៥ ខែមិថុនា តៃវ៉ាន់ប្រកាសពីករណីឆ្លង៧៦នាក់ ដែលធ្លាក់ចុះពីចំនួន១២៩នាក់កត់ត្រាថ្ងៃទី២៤ ខែមិថុនា។ ។ គិតមកត្រឹមថ្ងៃនេះ តៃវ៉ាន់មានករណីឆ្លងសរុបប្រមាណ១ម៉ឺន៤ពាន់នាក់ និងអ្នកស្លាប់ប់ចំនួន ៦១០ នាក់។
 
 
 
 

Tag:
 តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com