ជាតិ
បទសម្ភាសន៍
អាជីវករផ្សារលើធំថ្មី២៥នាក់វិជ្ជមានកូវីដ-១៩ ក្នុងសំណាកតេស្តជាង២០០នាក់ រូបភាព៖ មន្ទីរសុខាភិបាលខេត្តសៀមរាប
× សៀមរាប៖ គិតត្រឹមរសៀលថ្ងៃទី២៥ ខែមិថុនា គឺមានអាជីវករក្នុងផ្សារលើធំថ្មី សរុបជាង២០០នាក់ហើយ ដែលបានធ្វើតេស្តរកជំងឺកូវីដ១៩ ក្នុងនោះលទ្ធផល២៥នាក់ មានវិជ្ជមាន។ ក្រុមគ្រូពេទ្យកំពុងបន្តយកសំណាក លើក្រុមអាជីវករ សរុបជាង២០០នាក់ទៀត ដែលប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ១៩ ដែលជាអាជីវករមានរបរជាអ្នកដេរស្បែកជើង អ្នកទារបាស៊ី និងថែទាំបន្ទប់ទឹកក្នុងផ្សារលើធំថ្មី។
ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ គឺអ្នកនាង អ៊ីសា រ៉ហានី ជាមួយលោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ដូចតទៅ៖
តាមការបញ្ជាក់ពីលោក ក្រុស សារ៉ាត់ មកដល់ពេលនេះ អាជ្ញាធរបានស្រាវជ្រាវអ្នកពាក់ព័ន្ធលើករណីនេះបានប្រមាណ៩០ភាគរយហើយ។ លោកសង្កេតឃើញថា អាជ្ញាធរ អ្នកគ្រប់គ្រងផ្សារ ពិសេសអាជីវករបានសហការរួមលើការងារនេះបានល្អប្រសើរ ដើម្បីឈានដល់ការបិទបញ្ចប់ ឬទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្នុងតំបន់នេះ បានយ៉ាងឆាប់រហ័ស។
រយៈពេលមួយខែចុងក្រោយនេះ ខេត្តសៀមរាបមានករណីឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ជាបន្តបន្ទាប់ និងមានចំនួនអ្នកឆ្លងប្រចាំថ្ងៃច្រើនគួរសម ដែលករណីនេះធ្វើឱ្យអាជ្ញាធរបានពង្រីកកន្លែងព្យាបាលនិងថែទាំអ្នកជំងឺបន្តបន្ទាប់ផងដែរ។ លោក ក្រុស សារ៉ាត់ បញ្ជាក់ថា នៅថ្ងៃទី២៥ មិថុនា រដ្ឋបាលខេត្តបានសម្រេចយកវិទ្យាល័យអង្គរមួយបន្ថែមទៀត ជាកន្លែងថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ ដែលទីនេះមានសមត្ថភាពទទួលអ្នកជំងឺបានប្រមាណ៥០០នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ មិថុនា ខេត្តសៀមរាបមានអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុប៧៥១នាក់ ជាសះស្បើយ២៦៧នាក់ ស្លាប់៩នាក់ (២នាក់ក្រៅខេត្ត) និង ៤៧៥នាក់ បានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប វិទ្យាល័យដំដែក ស្រុកសូទ្រនិគម មណ្ឌលចត្តាឡីស័កគរុកោសល្យនិងវិក្រឹតការខេត្ត និងវិទ្យាល័យអង្គរ៕
Tag:
ក្រុស សារ៉ាត់
ផ្សារលើធំថ្មី
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com