អន្តរជាតិ
នយោបាយអន្តរជាតិ
បារាំង៖ ចិនជាដៃគូផង និងជាគូប្រកួតប្រជែងផង សម្រាប់សហភាពអឺរ៉ុប 
រដ្ឋមន្រ្តីការបរទេសបារាំង លោក Jean-Yves Le Drian (ខាងស្តាំ) និងសមភាគីអាមេរិក លោក អាន់តូនី ប្លីងខិន។ រូបភាព៖ CGTN
×![]()
ចិន គឺជាដៃគូសហការផង និងជាគូប្រកួតប្រជែងផងសម្រាប់សហភាពអឺរ៉ុប។ ប្រមុខការទូតបារាំង លោក Jean-Yves Le Drian បានលើកឡើងបែបនេះ នៅថ្ងៃទី២៥ ខែមិថុនា។ បើតាមលោក Le Drian សហភាពអឺរ៉ុប បានឯកភាពលើភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការ ដើម្បីអនុម័តដំណោះស្រាយប្រកបដោយភាពច្បាស់លាស់ និងពិតប្រាកដ ក្នុងការប្រឈមមុខជាមួយចិន។
ក្នុងសន្នីសិទសារព័ត៌មានរួមពីទីក្រុងប៉ារីស រដ្ឋមន្រ្តីការបរទេសបារាំង លោក Jean-Yves Le Drian និងសមភាគីអាមេរិក លោក អាន់តូនី ប្លីងខិន បានលើកឡើងពីបញ្ហាជាច្រើន ក្នុងនោះមានចាប់ពីការរីកសាយនៃជំងឺកូវីដ-១៩ ដល់កិច្ចសហប្រតិបត្តិការទ្វេភាគី និងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ ប្រមុខការទូតប្រទេសទាំងពីរ ក៏ជជែកពីការកើនឡើងឥទ្ធិពលរបស់ចិនផងដែរ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ប្រមុខការទូតបារាំង Le Drian បានលើកឡើងថា ក្នុងនាមជាប្រទេសដ៏មានអំណាចមួយ ប្រទេសនោះត្រូវតែខ្លាំងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយវាត្រូវមានដំណោះស្រាយប្រកបដោយតុល្យភាពជាមួយចិន។ បើតាមលោក Le Drian សហភាពអឺរ៉ុប ក៏បានជជែកពីបញ្ហាតុល្យភាពនេះដែរ ដោយបានឯកភាពលើភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការ ដើម្បីអនុម័តដំណោះស្រាយប្រកបដោយភាពច្បាស់លាស់ និងពិតប្រាកដ ក្នុងការប្រឈមមុខជាមួយចិន ដូចដែលចិន ធ្វើមកសហភាពអឺរ៉ុបដែរ។
«ចិន គឺទាំងពីរ ជាដៃគូផង និងជាគូប្រកួតប្រជែង»។ ប្រមុខការទូតបារាំងវ័យ ៧៣ឆ្នាំ បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា សហភាពអឺរ៉ុប និងចិន អាចសហការគ្នាលើបញ្ហាអាកាសធាតុ សុខភាព និងជីវចម្រុះជាដើម។ ថ្លែងប្រាប់អ្នកសារព័ត៌មាន រដ្ឋមន្រ្តីការបរទេសបារាំង បានបន្តថា ចំណែកការប្រកួតប្រជែងវិញ សហភាពអឺរ៉ុប និងចិន មានការប្រជែងគ្នាលើសេដ្ឋកិច្ច បច្ចេកវិទ្យា និងគំនិតឆ្នៃប្រឌិតជាដើម។
ស្របគ្នានេះ រដ្ឋមន្រ្តីការបរទេសអាមេរិក ដែលបានថ្លែងជាភាសាបារាំង បានអះអាងថា អាមេរិក និងបារាំង នឹងរួមគ្នា ដើម្បីទប់ទល់ជាមួយចិន និងរុស្ស៊ី ព្រោះប្រទេសទាំងពីរនេះ បានបង្កការគំរាមកំហែងដល់សណ្តាប់ធ្នាប់អន្តរជាតិ។
សូមបញ្ជាក់ថា ប្រមុខការទូតអាមេរិក ត្រូវទស្សនកិច្ចនៅបណ្តាប្រទេសអឺរ៉ុបចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៩ ខែមិថុនា ដើម្បីជជែកពីបញ្ហាសំខាន់ៗផ្សេងៗ៕
© រក្សាសិទ្ធិដោយ thmeythmey.com