ជាតិ
សង្គមជាតិ
ឆ្កែព្រៃបង្កាញវត្តមានកាន់តែច្រើន នៅតំបន់ការពារ និងជួរភ្នំក្រវាញ នៅកម្ពុជា
26, Jun 2021 , 4:33 pm        
រូបភាព
ដោយ: ថ្មីៗ
 
ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖ ឆ្កែព្រៃប្រភេទកម្រ ត្រូវបានម៉ាស៊ីនស្វ័យប្រវត្តិថតបាន នៅតាមតំបន់ការពារធម្មជាតិ នៃខ្ពង់រាបភាគខាងកើត និងតំបន់ជួរភ្នំក្រវាញកណ្តាល ក្នុងប្រទេសកម្ពុជា។ វត្តមានសត្វកម្រដែលថតបានកន្លងមក​ អាចជាក្ដីសង្ឃឹមសម្រាប់អ្នកអភិរក្ស និងអ្នកបរិស្ថាននិយម។



ក្រសួងបរិស្ថាន នៅថ្ងៃទី២៦ ខែមិថុនា បានឱ្យដឹងថា ឆ្កែព្រៃជាភាសាបច្ចេកទេស Dhole ឬក៏ Asiatic wild dog (Cuon alpinus) ជាពពួកមំសាសត្វមាឌធំ និងត្រូវបានចាត់ថ្នាក់ជាប្រភេទជិតផុតពូជ (Endangered) នៅក្នុងបញ្ជីក្រហមរបស់ IUCN ។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ប៉ុន្មានខែចុងក្រោយនេះ ឆ្កែព្រៃត្រូវបានក្រុមអ្នកជំនាញថតបាន តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ ក្នុងដែនជម្រកមួយចំនួន ដូចជា ដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងខេត្តពោធិ៍សាត់ ,ឧទ្យានជាតិវីរៈជ័យក្នុងខេត្តរតនគិរី រួមទាំងដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃកែវសីម៉ាជាដើម។

អ្នកនាំពាក្យរូបនេះ បញ្ជា្កថា៖ « តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ បានចាប់បានរូបភាពនៃប្រភេទសត្វទាំងនេះរួមនឹងកូនតូចៗផងដែរ ទាំងនេះគឺជាសញ្ញាណដ៏ល្អមួយនៃជីវៈចម្រុះនៅកម្ពុជា ដែលមានប្រភេទសត្វកម្រដូចជាសត្វឆ្កែព្រៃនេះ។ វាបានបង្ហាញវត្តមាននៅតាមតំបន់មួយចំនួន នេះអាចជាសញ្ញានៃការកើនឡើង»។

ឆ្កែព្រៃ ភាគច្រើនរស់នៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃល្បោះចម្រុះ និងព្រៃល្បោះ នៅក្នុងតំបន់ការពារធម្មជាតិនៅភូមិភាគឦសាន ភូមិភាគខាងជើង និងភូមិភាគនិរតី នៃប្រទេសកម្ពុជា។ ឆ្កែព្រៃខុសពីសត្វចចក វាចូលចិត្តរស់នៅជាហ្វូងធំៗ អាចមានរហូតដល់ជាងដប់ក្បាល ដែលបង្កលក្ខណៈងាយស្រួលក្នុងការប្រមាញ់ចំណី និងទប់ទល់នឹងសត្រូវ។
នេះបើយើងតាមលោក ពិន ច័ន្ទរតនា ប្រធានក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងកើតទន្លេមេគង្គ នៃក្រសួងបរិស្ថាន។ លោក រតនា បន្តថា បច្ចុប្បន្នសត្វប្រភេទនេះ ក៏កំពុងរងគំរាមកំហែងការដាក់អន្ទាក់ បាត់បង់ទីជម្រក ​ខ្វះចំនី និងការចម្លងជំងឺពីឆ្កែស្រុកជាដើម។

សូមបញ្ជាក់ថា នៅថ្ងៃទី ២៤ខែមិថុនា ក្រសួងបរិស្ថានក៏បានប្រកាសពីវត្តមានសត្វ«ឈ្លូសយក្យ»កម្រមួយក្បាលត្រូវបានថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិ នៅភូមិសាស្ត្រខេត្តរតនៈគិរី ក្នុងឧទ្យានជាតិវីរៈជ័យនៅចន្លោះខែមីនា ដល់ខែឧសភា ឆ្នាំ២០២១ផងដែរ៕



Tag:
 ប្រសួងបរិស្ថាន
  ឆ្កែព្រៃកម្រ
© រក្សាសិទ្ធិដោយ thmeythmey.com