អ៊ីតាលី ដែលឈ្នះទាំងបីប្រកួតនៅក្នុងពូល A ហើយថែមទាំងមិនមានធ្លាយសំណាញ់ទីនោះ ត្រូវប៉ះជាមួយអូទ្រីសលេខ២ពូល C នាជំនួបវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ Euro 2020 នៅកីឡដ្ឋាន Wembley របស់អង់គ្លេស វេលាម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមិថុនា។
អ៊ីតាលីដែលជាម្ចាស់ជើងឯកឆ្នាំ១៩៦៨ បានឈានទៅដល់វគ្គ១/៤ផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០១៦ មុនពេលចាញ់អាល្លឺម៉ង់នៅម៉ោងបន្ថែម រីឯអូទ្រីសទើបឆ្លងផុតវគ្គជម្រុះពូលជាលើកដំបូងក្រោយបង្ហាញខ្លួន៣លើកជាប់គ្នា។
ក្រុមទាំងពីរមិនមានបញ្ហាកីឡាកររបួស ឬជាប់ពិន័យនោះឡើយ។ សម្រាប់អ៊ីតាលី កីឡាករស្ទើរតែទាំងអស់ក្រោមការដឹកនាំរបស់លោក Roberto Mancini បានបង្ហាញវត្តមានលើទីលាន ខណៈខ្សែបម្រើ Federico Chiesa, Manuel Locatelli និង Lorenzo Insigne អាចដាក់សម្ពាធបានគ្រប់ពេល ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ David Alaba និង Marko Arnautovic ជាដើម ក៏ជាកម្លាំងមុតស្រួចរបស់លោក Franco Foda គ្រូបង្វឹកជម្រើសជាតិអូទ្រីសផងដែរ។ ប្រវត្តិជួបគ្នា៖
បើគិតចាប់តាំងពីចាញ់ក្នុងជំនួបមិត្តភាពកាលពីឆ្នាំ១៩៦០មក អ៊ីតាលី មិនដែលចាញ់អូទ្រីសទៀតឡើយក្នុងជំនួបចុងក្រោយ១៣លើក ដោយឈ្នះ១០ និងស្មើ៣។ នេះជាជំនួបលើកដំបូងបំផុតរបស់ក្រុមទាំងពីរនៅវគ្គជម្រុះ Euro។ ជំនួបចុងក្រោយរវាងក្រុមទាំងពីរគឺក្នុងការប្រកួតមិត្តភាពឆ្នាំ២០០៨ ដែលបានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២។