COVID-19
អន្តរជាតិ
វៀតណាម នឹងកាត់បន្ថយរយៈពេលចត្តាឡីស័កមក ៧ថ្ងៃ សម្រាប់អ្នកចាក់វ៉ាក់សាំងរួច
26, Jun 2021 , 8:30 pm        
រូបភាព
រូបភាព៖ Vn Express
រូបភាព៖ Vn Express
 
វៀតណាម នៅថ្ងៃទី២៥ ខែមិថុនា បានសម្រេចបន្ថយរយៈពេលចត្តាឡីស័កពី ២១ថ្ងៃ មកត្រឹម ៧ថ្ងៃវិញ សម្រាប់អ្នកបានទទួលវ៉ាក់សាំងពេញលេញ។ ការប្រកាសរបស់វៀតណាមបែបនេះ ធ្វើឡើងស្របពេលរដ្ឋាភិបាលគ្រោងដាក់ចេញកម្មវិធីលិខិតឆ្លងដែនវ៉ាក់សាំង។



នៅក្នុងកិច្ចប្រជុំរវាងគណៈកម្មាធិការជាតិ ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ជាមួយក្រសួងវប្បធម៌, កីឡា និងទេសចរណ៍នៅថ្ងៃទី១៥ ខែមិថុនា អាជ្ញាធរវៀតណាម បានប្រកាសបន្ថយរយៈពេលចត្តាឡីស័ក មកត្រឹម ៧ថ្ងៃវិញ សម្រាប់អ្នកចូលមកក្នុងប្រទេសវៀតណាម និងបានចាក់វ៉ាក់សាំងពេញលេញ។

យ៉ាងណាមិញ ក្នុងកិច្ចប្រជុំដដែលនោះ អាជ្ញាធរវៀតណាម មិនទាន់ប្រកាសថ្ងៃ ដែលត្រូវអនុវត្តវិធានការថ្មីនេះឡើយ ហើយក៏មិនទាន់ដាក់ចេញទិសដៅទេសចរណ៍ ដែលត្រូវអនុវត្តវិធានការថ្មីនេះដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express។

តាមរយៈគម្រោងដាក់ចេញកម្មវិធីលិខិតឆ្លងដែនវ៉ាក់សាំង វៀតណាម នឹងអនុញ្ញាតឱ្យភ្ញៀវទេសចរណ៍ទៅតំបន់កម្សាន្ត ដែលមានការគ្រប់គ្រងជំងឺឆ្លងបានល្អ។ កន្លងមកក្រសួងទេសចរណ៍វៀតណាម បានដាក់សំណើឱ្យវៀតណាមបើកកោះ Phu Quoc ទទួលភ្ញៀវទេសចរ។

ចាប់តាំងពីខែមីនា ឆ្នាំ២០២០កន្លងមក វៀតណាម ប្រកាសបិទព្រំដែនរបស់ខ្លួន និងជើងហោះហើរអន្តរជាតិ ដើម្បីទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ប៉ុន្តែលើកលែងតែមនុស្សមួយចំនួនប៉ុណ្ណោះ ដូចជាប្រជាជនវៀតណាម អ្នកវិនិយោគ និងមន្រ្តីទូតជាដើម។

គិតត្រឹមថ្ងៃទី២៥ ខែមិថុនា វៀតណាម មានករណីឆ្លងកូវីដ-១៩ សរុបចំនួន ១៥០៤១ករណី និងអ្នកស្លាប់មានចំនួន ៧៤នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ៥៩៥៩ករណី៕


© រក្សាសិទ្ធិដោយ thmeythmey.com