ភ្នំពេញ៖ ដ្បិតផ្ទុះកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កំពុងអូសបន្លាយយូរក្តី ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចកម្ពុជា នៅតែស្ថិតនៅចំណុចល្អ ហើយថែមទាំងមានឱកាសធ្វើពិពិធកមុ្មសេដ្ឋកិច្ច សម្រាប់ការនាំចេញកាន់តែខ្ពស់ទៀតផង។ ហើយបើសិនកម្ពុជា គ្រប់គ្រងកូវីដ-១៩ បានទៀតនោះ គឺជាឱកាសធំ ខណៈមីយ៉ាន់ម៉ា និងបង់ក្លាដេស ដែលជាគូប្រជែងកំពុងជាប់ដៃប្រយុទ្ធប្រឆាំងជំងឺកាចសាហាវនេះ។ នេះជាការលើកឡើងរបស់លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក វង្សី វង្សុត បានបញ្ជាក់ថា ការនាំចេញផលិតផលសម្លៀកបំពាក់ រយៈពេល៥ខែមកនេះ មានសន្ទុះប្រហាក់ប្រហែលនឹងការនាំចេញ៥ខែឆ្នាំមុន។ ក្រៅពីសម្លៀកបំពាក់នេះ ក៏មានផលិតមួយចំនួន នៅរក្សាលំនឹង ហើយមានកំណើនផងដែរ។
បើតាមលោក វិស្សុត គ្រឿងបង្គុំអេឡិចត្រូនិក កង់ ទំនិញកសិកម្ម ក្តាបន្ទះ បន្ទះសូឡាជាដើម បានកើនឡើង ៥២ភាគរយ ដែលឆ្លុះបញ្ចាំងពីការធ្វើពិពិធកម្មសេដ្ឋកិច្ច ក្នុងបរិបទជំងឺកូវីដ១៩ បើទោះជាវិស័យទេសចរណ៍ និងវិស័យលក់រាយ ជួបវិបត្តិក្តី។
ឆ្លើយតបអ្នកកាសែត នៅក្នុងពិធីទទួលវ៉ាក់សាំង១លានដូសពីចិន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ការនាំចេញទំនិញនៅរយៈពេល៥ខែនេះ បានឆ្លុះបញ្ចាំងថា កម្ពុជានៅរឹងមាំត្រង់ថា ទំនិញដែលយើងនាំចេញទៅក្រៅដកមាសចេញ នៅតែកើន ១៧ភាគរយ»។
លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
កន្លងមក ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារពិភពលោក បានព្យាករឃើញដូចគ្នាថា សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើន៤ភាគរយ នៅឆ្នាំ២០២១នេះ។ ដោយឡែក នៅឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជា អាចងើបឡើងបានរង្វង់៥ភាគរយ ដោយសារការងើបឡើងវិញ នៃសេដ្ឋកិច្ចប្រទេសដៃគូ ពាណិជ្ជកម្មសំខាន់ៗ ដែលជួយជំរុញដល់ការនាំចេញរបស់កម្ពុជា។
ប៉ុន្តែការព្យាករនេះ មិនទាន់ដឹងច្បាស់លាស់នៅឡើយទេ ខណៈការផ្ទុះកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កំពុងអូសបន្លាយពេល។ លោក វង្សី វិស្សុត បានបន្ថែមដូច្នេះ៖«ដូចអ្វីដែលយើងគ្រោងទុកពីដើមឆ្នាំមក កំណើនសេដ្ឋកិច្ច ៤ភាគរយ មានការប៉ះពាល់ ហើយការប៉ះពាល់នេះ ត្រូវរង់ចាំដល់ចុងឆ្នាំទៀត ។ បើសិនសេដ្ឋកិច្ចយើងងើប បានក្នុងកំឡុងខែកញ្ញា-តុលា យើងនៅតែមានសង្ឃឹម អត្រាកំណើន៤ភាគរយនៅសម្រេចបាន…»។
ទន្ទឹមនឹងការប្រឹងស្ដារសេដ្ឋកិច្ច ក្នុងវិបត្តិកូវីដ-១៩នេះ កម្ពុជា ក៏ប្រឹងប្រែងទប់ស្កាត់ និងកាត់ផ្ដាច់ជំងឺកាចសាហាវនេះដែរ។ ហើយបើកម្ពុជា អាចគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ បានទៀតនោះ សេដ្ឋកិច្ចកម្ពុជា នឹងស្ទុះលឿនជាងការរំពឹងទុក ខណៈដែលគូប្រជែងរបស់កម្ពុជា កំពុងជាប់រវល់នឹងការប្រយុទ្ធជំងឺនេះ។ នេះជាការអះអាងរបស់រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច។
លោក វង្សី វិស្សុត បាននិយាយដូច្នេះ៖«ប៉ុន្តែបើយើងគ្រប់គ្រងកូវីដ-១៩ បានល្អវិញ វាជាឱកាសធំបំផុត ព្រោះដៃគូប្រជែង(ទីផ្សារសេដ្ឋកិច្ចក្នុងតំបន់) យើងកំពុងជាប់ដៃដែរ ដូចជាភូមា (មីយ៉ាន់ម៉ា) បង់ក្លាដេស កំពុងធ្ងន់ធ្ងរដែរ ប៉ុន្តែបើយើងធ្វើបានល្អជាងគេ អ្នកបញ្ជារទិញ អ្នកវិនិយោគ អ្នករកស៊ី នឹងមករកយើងច្រើន»។
មីយ៉ាន់ម៉ា និងបង់ក្លាដេស ទាក់ទាញការវិនិយោគច្រើន ដោយសារតែកម្លាំងពលកម្មទាប ក្រៅពីទីផ្សារសេដ្ឋកិច្ចធំជាងកម្ពុជា។ ប៉ុន្តែដោយសារកាលៈទេសៈកូវីដ-១៩នេះ បានធ្វើឱ្យប្រទេសទាំងអស់លើពិភពលោក រួមទាំងកម្ពុជា មីយ៉ាន់ម៉ា និងបង់ក្លាដេស សុទ្ធតែរងគ្រោះ។
បច្ចុប្បន្ននេះ បង់ក្លាដេស មានអ្នកជាង៨៧ម៉ឺននាក់ ជាសះស្បើយជាង៧៩ម៉ឺននាក់ និងស្លាប់១,៣ ម៉ឹននាក់។ ចំណែកមីយ៉ាន់ម៉ា មានអ្នកឆ្លងជាង១៥ម៉ឺននាក់ សះស្បើយ១៣ម៉ឺននាក់ និងស្លាប់ជាង៣ពាន់នាក់ ។ មិនតែប៉ុណ្ណោះមីយ៉ាន់ម៉ា កំពុងជួបបញ្ហានយោបាយក្នុងប្រទេស រវាងអ្នកគាំទ្រអ្នកស្រី អង់ សានស៊ូជី និងរដ្ឋាភិបាល ដែលដឹកនាំដោយរបបយោធាផងដែរ។
ងាកមកកម្ពុជាវិញ មានអ្នកឆ្លងសរុប៤៦,៨១០នាក់ ក្នុងនោះករណីនាំចូល២១០០នាក់។ ចំណែកអ្នកជាសះស្បើយ៤១,៤៣៩ នាក់ និងស្លាប់៥២៣ នាក់។ ប៉ុន្តែអ្វីដែលធ្វើឱ្យរដ្ឋាភិបាលកម្ពុជា មានសង្ឃឹមអាចស្ដារសេដ្ឋកិច្ចវិញបាននេះ ដោយសារតែកម្ពុជា អាចមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ឱ្យប្រជាពលរដ្ឋ។
បើគិតទាំងវ៉ាក់សាំង Sinovac ១លានដូសនេះទៀត នៅថ្ងៃទី២៦ មិថុនានេះ កម្ពុជាមានវ៉ាក់សាំងចំនួន១០លានដូសហើយ សម្រាប់ចាក់ជូនពលរដ្ឋ។ ក្នុងនោះវ៉ាក់សាំង Sinoivac ៦,៥ លានដូស, Sinopham ៣,២លានដូស និង AstraZineca ៣២៤,០០០ដូស។ វ៉ាក់សាំង Sinopham ជាជំនួយរបស់ចិន ចំណែក AstraZineca ជាជំនួយពីCOVAX។
បើតាមគម្រោងនោះ កម្ពុជា នឹងទទួលបានវ៉ាក់សាំង១លានដូសទៀត នៅថ្ងៃទី២៨ មិថុនា។ ចំណែកនៅខែកក្កដាវិញ កម្ពុជា នឹងទទួលបាន៥លានដូស ហើយខែសីហា នឹងទទួលបានវ៉ាក់សាំង៤លានដូសពីរដ្ឋាភិបាលចិន តាមរយៈការបញ្ជាទិញ។ នេះជាការបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ដែលបានសង្គត់ធ្ងន់ថា កម្ពុជា នឹងមានវ៉ាក់សាំង២០លានដូសនៅត្រឹមខែសីហាខាងមុខ សម្រាប់ចាក់វ៉ាក់សាំងឱ្យពលរដ្ឋ១០លាននាក់ នៅអំឡុងខែវិច្ឆិកា ដែលបញ្ចប់មុនផែនការកំណត់ ។ បើតាមលោក វិស្សុត កម្ពុជា បានត្រៀមថវិកា១៧០លានដុល្លារ សម្រាប់ទិញវ៉ាក់សាំងមកចាក់ជូនពលរដ្ឋនេះ។
ដោយសារមើលឃើញពីចំណុចវិជ្ជមាននេះ ទើបលោក វង្សី វិស្សុត ហ៊ានអះអាងថា កម្ពុជាមានឱកាសស្ដារ និងប្រជែងទីផ្សារសេដ្ឋកិច្ច លឿនជាងមីយ៉ាន់ម៉ា និងបង់ក្លាដេស។
ក្រៅពីនេះទីផ្សារ និងការធ្វើពាណិជ្ជកម្មជាមួយចិន ក៏ជាប្រភពសេដ្ឋកិច្ចសំខាន់ សម្រាប់ការធ្វើពិពិធកិម្មសេដ្ឋកិច្ច និងការនាំចេញរបស់កម្ពុជាដែរ។
បច្ចុប្បន្នអ្នកវិនិយោគចិន និងអ្នកវិនិយោគបរទេសខ្លះ បានរើទីតាំងពីប្រទេសចិន មកបោះទុនរកស៊ីក្នុងប្រទេសកម្ពុជាច្រើនដែរ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ ៕។ នេះបើតាមលោក វង្សី វិស្សុត ៕