ការប្រកួតវគ្គ១៦ក្រុមចុងក្រោយនារាត្រីនេះ ហូឡង់ត្រូវប្រជែងកៅអីជាមួយសាធារណឆែកនៅកីឡដ្ឋាន Puskas ប្រទេសហុងគ្រី មុនពេលបែលហ្ស៊ិក តទល់ជាមួយម្ចាស់ការពារជើងឯកព័រទុយហ្គាល់ នៅកីឡដ្ឋាន Estadio de La Cartuja ប្រទេសអេស្ប៉ាញ។
ហូឡង់ ប៉ះ សាធារណរដ្ឋឆែកនៅម៉ោង១១យប់
ហូឡង់ និងសាធារណរដ្ឋឆែក ធ្លាប់មានជំនួបដ៏ទាក់ទាញពេលពួកគេជួបគ្នានៅវគ្គជម្រុះតាមពូលកាលពី Euro 2004 ដែលកាលណោះឆែកឈ្នះ ៣-២។ សម្រាប់ព្រឹត្តិការណ៍ Euro 2020 នេះ ពួកគេត្រូវតទល់គ្នាជាលើកដំបូងបំផុតនៅវគ្គ១៦ក្រុមចុងក្រោយ នាកីឡដ្ឋាន Puskas Arena វេលាម៉ោង១១យប់។
ហូឡង់បានចំណាត់ថ្នាក់លេខ១ពូល C ដោយឈ្នះទាំងបីប្រកួតនៅកីឡដ្ឋាន Johan Cruijff ក្រុងអាំស្ទែរដាម ជាមួយនឹងការស៊ុតបាល់បញ្ចូលទីសរុបដល់ទៅ៨គ្រាប់ដែលច្រើនជាងគេក្នុងចំណោមក្រុមទាំងអស់ រីឯសាធារណរដ្ឋឆែក ជាក្រុមចំណាត់ថ្នាក់លេខ៣ក្នុងពូល D បន្ទាប់ពីអង់គ្លេស និងក្រូអាស៊ី។
ក្រុមទាំងពីរធ្លាប់ប៉ះគ្នា១១លើក ដោយឆែកឈ្នះ៥លើក ហូឡង់ឈ្នះ២លើក និងស្មើគ្នា៣លើក។ ការប្រកួតជម្រុះ Euro កាលពីឆ្នាំ២០១៥ ហូឡង់ ម្ចាស់ជើងឯកកាលពីឆ្នាំ១៩៨៨ បានខកចិត្តដោយចាញ់ឆែកទាំងពីរជើង។
ហូឡង់មិនមានបញ្ហាកីឡាករនោះឡើយ ដោយ Memphis Depay, Georginio Wijnaldum និង Donyell Malen គឺជាកម្លាំងជួរមុខដ៏មុតស្រួចរបស់លោក Frank de Boer។ ចំពោះសាធារណរដ្ឋឆែក ឯណោះវិញ ខ្សែប្រយុទ្ធ Patrik Schick កំពុងលេចធ្លោរយ៉ាងខ្លាំង ដោយរកបាន៣គ្រាប់ និងមានឱកាស ស៊ុតចូលទីជាច្រើនគ្រាប់ ប៉ុន្តែក្រុមរបស់លោក Jaroslav Silhavy នឹងគ្មានវត្តមានខ្សែការពារ Jan Boril ដោយសារជាប់ពិន័យ ខណៈអ្នកចាំទី Jiri Pavlenka មានបញ្ហារបួសខ្នង។
បែលហ្ស៊ិក ប៉ះ ព័រទុយហ្គាល់ នៅម៉ោង២រំលងអាធ្រាត្រ
ការតទល់គ្នានៅកីឡដ្ឋាន La Cartuja នេះ ជាជំនួបក្នុងព្រឹត្តិការណ៍ធំជាលើកដំបូងរបស់ក្រុមទាំងពីរ ដោយគិតទាំង World Cup និង Euro។ ចាប់តាំងពីចាញ់ ៣-0 នាការប្រកួតជម្រុះ World Cup ខែកញ្ញា ឆ្នាំ១៩៨៩ ព័រទុយហ្គាល់មិនដែល ធ្លាប់រងបរាជ័យឡើយក្នុងជំនួប៥លើកជាមួយបែលហ្ស៊ិក ដោយឈ្នះ៣ និងស្មើ២។