ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សហគមន៍តាំងយូ ជួយអ្នកស្រី ឃី សុខុម និងកូន៤នាក់ មានការងារធ្វើ ដោយមិនបាច់ចំណាកស្រុក
28, Jun 2021 , 7:59 am        
រូបភាព
ព្រះវិហារ៖ រស់ក្នុងភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ អ្នកស្រី ឃី សុខុម រួមទាំងកូន៤នាក់ ទទួលបានការងារដោយផ្ទាល់និងដោយប្រយោល ពីការបង្កើតសហគមន៍តាំងយូ ដែលគាំទ្រដល់វិស័យទេសចរណ៍នៅភ្នំត្បែងមានជ័យ។ ការងារនៅក្នុងសហគមន៍តាំងយូនេះ បានជួយអ្នកស្រី ឃី សុខុម និងកូនទាំង៤នាក់ រកចំណូលផ្គត់ផ្គង់ជីវភាព ដោយមិនបាច់ចំណាកស្រុក។


តទៅនេះសូមអញ្ជើញស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដោយក្ដីរីករាយ៖








ដើរឡើងទៅលើភ្នំត្បែងមានជ័យតាមច្រកតាំងយូបណ្ដើរ ហើយឆ្លៀតឆ្លើយនឹងសំណួររបស់ខ្ញុំបណ្ដើរ ទាំងអាការហត់ដកដណ្ដើមស្ទើរមិនដល់គ្នា អ្នកស្រី ឃី សុខុម ថាសហគមន៍តាំងយូបានបង្កើតសេវាកម្មមួយចំនួន ដើម្បីជួយសម្រួលដល់ភ្ញៀវដែលបានទៅលេងនៅភ្នំត្បែង ដូចជាសេវានាំភ្ញៀវ សេវាម្ហូបអាហារ និងសេវាផ្ទះស្នាក់ជាដើម។
អ្នកស្រីបញ្ជាក់បន្ថែមដូច្នេះ៖«យើងមានសេវាជូនភ្ញៀវ សេវាអាហារ និងសេវាស្នាក់នៅ។ យើងបម្រើសេវាកម្មជាលក្ខណៈសហគមន៍ ដូច្នេះបើគាត់មកជាលក្ខណៈក្រុម គ្នាគាត់១៥នាក់ គាត់ថាគាត់ត្រូវការម្ហូប២មុខ នោះខាងសហគមន៍របស់ខ្ញុំកត់ម្ហូបនឹងគ្រឿងទាំងអស់ យើងទិញមកតម្លៃប៉ុន្មាន យើងដាក់ឱ្យគាត់ប៉ុណ្ណឹង ប៉ុន្តែយើងទទួលសេវាពីគាត់។ ក្នុងការចម្អិនម្ហូប ភ្ញៀវ១៨នាក់ នោះអ្នកចម្អិនបាយ៣នាក់ ដូច្នេះគាត់ទទួលតែសេវាក្នុងម្នាក់៤ម៉ឺនរៀល»។

មានតួនាទីជាទីប្រឹក្សាសហគមន៍តាំងយូ ស្រ្តីវ័យ៥៥ឆ្នាំ សុខុម ដែលកំពុងឈប់សម្រាកនៅក្បែរភ្ញៀវទេសចរណ៍ផ្សេងៗទៀត នៅដំណាក់ទី១នៃភ្នំត្បែង បានប្រាប់ថាភ្ញៀវដែលមិនស្គាល់ផ្លូវឡើងទៅលើកំពូលភ្នំ ចាំបាច់ត្រូវតែរកអ្នកនាំផ្លូវ ដើម្បីបង្ការការវង្វេងចូលទៅក្នុងព្រៃជ្រៅ៖«ភាគច្រើនបើគាត់មកពីឆ្ងាយ គឺគាត់ត្រូវការសេវាពីក្នុងសហគមន៍របស់យើង។ ប៉ុន្តែអ្នកនៅក្នុងខេត្តព្រះវិហារយើងនេះ គាត់មកគឺគាត់ត្រៀមអាហារមកជាមួយ ដោយគាត់ត្រូវការតែសេវាកម្មជូនឡើងភ្នំប៉ុណ្ណោះ។ បើសិនជាមិនស្គាល់ផ្លូវ គឺមិនអាចឡើងទៅតែឯងបានទេ ព្រោះខ្លាចតែគាត់ឃើញសឹកៗ គាត់ចេះតែទៅ វាអាចមានការវង្វេងទៅផ្លូវដើរល្បាត»។

ហេតុដែលនាំឱ្យភ្នំត្បែងមានជ័យ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវជាតិ និងអន្តរជាតិ ក៏ព្រោះថានៅទីនោះ មានធនធានធម្មជាតិដ៏ស្រស់ត្រកាល ទាំងទឹកជ្រោះ សត្វព្រៃកម្រៗ និងព្រៃឈើធំៗផងដែរ។ ឈរកាន់នំខ្មែរដែលមាននំគម នំបត់ និងចេកចៀនជាដើម ស្ត្រីសម្បុរស្រអែមរូបនេះ ប្រាប់ពីសម្បត្តិធម្មជាតិដែលមាននៅភ្នំត្បែងដូច្នេះ៖«មានទឹកជ្រោះតាំងយូ វត្តតាំងយូ ទឹកជ្រោះចាក់ក្រវិល ទឹកជ្រោះកណ្ដុរស ទឹកជ្រោះចាក់អង្រែក្រោម និងមានដើមឈើធំ។ បើយើងកាន់ដៃគ្នាវិញ ប្រហែលជា៧នាក់ឱបមិនជុំទេ ដើមនោះជាដើមចំបក់។ គោលដៅយើងដើរទៅ មុននឹងដល់ទឹកធ្លាក់ យើងដល់ដើមឈើហ្នឹងមុន»។

មិនត្រឹមតែប៉ុណ្ណោះ តំបន់ទេសចរណ៍ខាងសាសនាក៏មាននៅភ្នំត្បែងមានជ័យផងដែរ។ ពិសេសជាងនោះទៅទៀត ភ្នំត្បែងបានធ្វើឱ្យប្រជាជនខ្មែរស្ទើរតែគ្រប់ស្រទាប់វណ្ណៈស្គាល់ ក៏ដោយសារភ្នំនេះមានរឿងរ៉ាងនៅក្នុងប្រវត្តិសាស្ត្រ ក៏ដូចជាជំនឿអរូបីដ៏ល្បីល្បាញ តាំងពីយូរណាស់មកហើយ៖«កន្លែងគោរពបូជាមាន២កន្លែង។ ២កន្លែងហ្នឹង យើងបានដំណើរការហើយ មានវត្តតាំងយូ និងវត្តរហាត់។ បើនិយាយពីជំនឿលើលោកតា សួង វិញ គឺមានច្រើន មិនថាតែភ្ញៀវទេសចរណ៍ទេ មានតាំងពីយាយៗ តាៗ នៅភ្នំពេញ នៅបាត់ដំបង នៅសៀមរាប គាត់មកគោរពបូជាច្រើន។ រូបសំណាក់លោកតា សួង នៅចំវត្តតាំងយូ»។

ពីដើមឡើងភ្នំត្បែងមានជ័យ ជាតំបន់ទេសចរណ៍ដែលទទួលបានទាំងភ្ញៀវជាតិនឹងអន្តរជាតិ ប៉ុន្តែចាប់តាំងពីមានជំងឺកូវីដ១៩ ភ្ញៀវបរទេសធ្លាក់ចុះយ៉ាងគំហុក សឹងតែមួយឆ្នាំទទួលបានមិនដល់៥រូបផង ចំណែកភ្ញៀវក្នុងស្រុកវិញ ក៏ធ្លាក់ចុះច្រើនណាស់ដែរ។ ការណ៍នេះបានធ្វើឱ្យចំណូលរបស់អ្នកភូមិ ក៏ថយលំនឹងដូចគ្នា៖«ភ្ញៀវមិនមានជាប់ជារៀងរាល់ថ្ងៃទេ ប៉ុន្តែថ្ងៃខ្លះ គាត់អាចមកមួយថ្ងៃដល់ទៅ៩០នាក់។ កាលពីមុនកើតកូវីដ ភាគច្រើនបរទេសគាត់មក។
ពេលយើងបង្កើតសហគមន៍តាំងយូ មានទេសចរណ៍មក កូវីដក៏ចាប់ផ្ដើមមកដែរ អ៊ីចឹងការឡើងចុះភ្ញៀវទេសចរណ៍មកទីនេះ មានតែជនជាតិខ្មែរយើងទេ»។
បង្កើតសហគមន៍ដំបូងក្នុងឆ្នាំ២០១៥ អ្នកស្រី ឃី សុខុម ដែលមានកូន៥នាក់ ដោយកូនច្បងទទួលបានការងារជាអ្នកអភិរក្សព្រៃឈើនឹងសត្វព្រៃ ហើយកូន៣នាក់ទៀត ក្លាយទៅជាអ្នកនាំផ្លូវភ្ញៀវទេសចរណ៍ឡើងលើភ្នំនោះ ថាភ្ញៀវដែលមកភ្នំត្បែងភាគច្រើន គឺមកជាក្រុមៗតែម្ដង៖«ភ្ញៀវទេសចរណ៍មកទីនេះ ភាគច្រើនមិនក្មេងពេក មិនចាស់ពេក។ មានចាស់ៗមួយចំនួនគាត់ឡើងមកគោរពបូជានៅលើភ្នំហ្នឹង ច្រើនមកពីបាត់ដំបង សៀមរាប ភ្នំពេញ ស្ទឹងត្រែង គាត់មកជាក្រុម មកម្ដង៤០នាក់ឬ៥០នាក់។ ពួកគាត់មកធ្វើកម្មវិធីបូជាកន្លែងលោកតា សួង»។

មានសមាជិក១៤៤គ្រួសារ ដោយក្នុងនោះមានប្រជាពលរដ្ឋក្នុងភូមិ រួមទាំងអាជ្ញាធរភូមិឃុំស្រុកផង សហគមន៍តាំងយូ បានជួយស្ដារជីវភាពអ្នកភូមិឱ្យប្រសើរឡើង តាមរយៈការចិញ្ចឹមសត្វ ការដាំបន្លែយកទៅផ្គត់ផ្គង់ដល់វិស័យទេសចរណ៍ក្នុងតំបន់ នេះជាការបញ្ជាក់បន្ថែមរបស់អ្នក សុខុម៖«មាន់ និងសាច់ រួមទាំងបន្លែមួយចំនួន យើងប្រមូលពីក្នុងសហគមន៍។ ប៉ុន្តែប្រសិនបើខ្វះខាត យើងទៅយកបន្លែពីក្រៅ។ បន្លែ ត្រី សាច់នៅក្នុងសហគមន៍ យើងមិនទាន់អាចផ្គត់ផ្គង់ដល់ភ្ញៀវបានគ្រប់គ្រាន់ទេ ដោយសារតែភូមិនេះ ក្នុងខែប្រាំងយ៉ាប់រឿងទឹកប្រើ។ ទឹកក្នុងខែប្រាំង យើងអាចត្រឹមតែផ្គត់ផ្គង់ក្នុងគ្រួសារ និងដាំបន្លែហូបបន្តិចបន្តួចប៉ុណ្ណោះ»។

ឆ្លើយទាំងហត់ព្រោះតែការដើរឡើងភ្នំ អ្នកស្រី សុខុម ក្រៅពីជាអ្នកចម្អិនអាហារឱ្យភ្ញៀវ គាត់ក៏បានចិញ្ចឹមមាន់ ទា និង ដាំបន្លែសម្រាប់ផ្គត់ផ្គង់ដល់ភ្ញៀវដែរ ហើយអ្នកភូមិនៅក្នុងសហគមន៍ទាំងមូលក៏អនុវត្តដូចគ្នា៖«សហគមន៍នេះបានជួយជីវភាពខ្ញុំបានមួយចំនួន ដោយខ្ញុំមិនបាច់ទៅចំណាកស្រុក ដល់ខែធ្លាក់ភ្លៀង យើងអាចប្រមូលផលពីបន្លែបាន សម្រាប់លក់។ យើងចិញ្ចឹមមាន់ដើម្បីផ្គត់ផ្គង់ភ្ញៀវ។ រាល់ឆ្នាំក្មេងៗបុរស ឱ្យតែខែធ្វើចម្ការរួច គាត់ទៅធ្វើការសំណង់ឆ្ងាយៗ គាត់ទៅស៊ីឈ្នួល បេះស្វាយ បេះចន្ទីចម្ការគេធំៗ។ ដល់ពេលយើងបង្កើតសហគមន៍បែបនេះ ធ្វើបានការងារផ្ទះហើយ ពេលភ្ញៀវមក គាត់ជូនភ្ញៀវឡើង បានសេវាផង»។

មានដីធ្វើស្រែនិងដាំចន្ទី២ហិកតា ស្ត្រីសម្ដីមួយៗ មុខមូលរូបនេះ ថាការបង្កើតសហគមន៍តាំងយូមិនត្រឹមតែជួយជីវភាពអ្នកភូមិប្រចាំថ្ងៃប៉ុណ្ណោះឡើយ ប៉ុន្តែសហគមន៍នេះបានធ្វើឱ្យអ្នកភូមិរួមគ្នាការពារព្រៃឈើ និងសត្វព្រៃ នៅក្នុងតំបន់ជុំវិញភ្នំត្បែង ទុកសម្រាប់អនាគតយូរអង្វែងទៅមុខទៀតផង៖«ការបង្កើតសហគមន៍នេះ បានផ្ដល់ប្រយោជន៍ឱ្យអ្នកភូមិជាច្រើន ក្នុងការប្រកបមុខរបរ ទីមួយគាត់បានជូនភ្ញៀវ ទីពីរយកអនុផលពីព្រៃឈើ។ ដូចជាផ្លែឈើ បន្លែស្លហូប មានស្លឹកព្រិច ចុងផ្ដៅជាដើម និងទីបីទៀតគឺព្រៃឈើដែលរស់នៅសព្វថ្ងៃ វាអាចជួយឱ្យទឹកភ្លៀងធ្លាក់បានគ្រប់គ្រាន់ សម្រាប់ការបង្កបង្កើនផល»។

ភ្នំត្បែងមានច្រកឡើងទៅលើកំពូលភ្នំ៤ផ្លូវ គឺផ្លូវដំបូកខ្មៅស្ថិននៅប៉ែកខាងកើតភ្នំ មានកាំជណ្ដើរ១,០៩២កាំ។ ច្រកផ្លូវតាំងយូ ស្ថិតនៅប៉ែកខាងជើងភ្នំ ផ្លូវនេះជាផ្លូវបុរាណ ត្រូវដើរតាមកំផែងឬដំណាក់ថ្ម។ ចំណែកច្រកផ្លូវថ្ម៣ដុំ នៅប៉ែកខាងត្បូង ផ្លូវនេះកំពុងរៀបចំធ្វើជណ្ដើរដែក ដោយគ្រោងនឹងសង់ទំហំទទឹង១ម៉ែត្រ។ រីឯផ្លូវទី៤ គឺច្រកសហគមន៍ចាក់អង្រែ ដែលស្ថិតនៅប៉ែកខាងលិច។

តំបន់ការពារធម្មជាតិភ្នំត្បែង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដាក់ចូលជាតំបន់បេតិកភណ្ឌជាតិភ្នំត្បែង នៅថ្ងៃទី១៣ខែកញ្ញា ឆ្នាំ២០១៦។ នៅជុំវិញភ្នំត្បែង មានសហគមន៍ចំនួន៣ គឺសហគមន៍តាំងយូ សហគមន៍ចាក់អង្រែ និងសហគមន៍ដាតាវឹក។ ភាគច្រើនភ្ញៀវទេសចរណ៍ទៅកម្សាន្តនៅភ្នំត្បែង នៅថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិធំៗ ដូចជាចូលឆ្នាំប្រពៃណីជាតិ និងភ្នំបិណ្ឌជាដើម៕

 

Tag:
 ភ្នំត្បែង
  ទេសចរណ៍
  សហគមន៍
© រក្សាសិទ្ធិដោយ thmeythmey.com