ជាតិ
សង្គមជាតិ
លោក ហ៊ុន ម៉ានី៖«បក្សប្រជាជនកម្ពុជាមានទំនួលខុសត្រូវខ្ពស់ចំពោះអនាគតកម្ពុជា»
27, Jun 2021 , 4:39 pm        
រូបភាព
គណបក្សប្រជាជនកម្ពុជាកាន់អំណាចកំពុងរំឭកខួបកំណើត៧០ឆ្នាំរបស់ខ្លួននៅថ្ងៃទី២៨ខែមិថុនានេះ។ លោក ហ៊ុន ម៉ានី ដែលជាសមាជិកគណៈកម្មាធិការកណ្ដាល បានថ្លែងថា គណបក្សប្រជាជនកម្ពុជារបស់លោក បានឆ្លងកាត់ប្រវត្តិសាស្ត្រលំបាកជាច្រើន ហើយតែងតែនៅជាមួយប្រជាជនទាំងគ្រាលំបាក និងពេលរីកចម្រើន។



ច្រើនថ្ងៃកន្លងមកហើយ សមាជិកគណបក្សប្រជាជនកម្ពុជា បានដាក់ស៊ុមលើរូបថតគណនីហ្វ៊េសប៊ុករបស់ពួកគេដែលមានលេខ ៧០ ដើម្បីបង្ហាញពីការអបអរខួប៧០ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា។ បក្សប្រជាជនបដិវត្តខ្មែរ គឺជាឈ្មោះដើមដែលត្រូវបានបង្កើតនៅថ្ងៃទី២៨ខែមិថុនាឆ្នាំ១៩៥១ ដោយចលនាប្រជាជនដែលរួមគ្នាដើម្បីប្រឆាំងនឹងការត្រួតត្រានៃអាណានិគមបារាំង។ ចលនារបស់ប្រជាជនមួយនេះ ក៏ជាកម្លាំងស្នូលដ៏សំខាន់មួយដែលរួមចំណែកគាំទ្រដល់ដំណើរការទាមទារឯករាជ្យពីបារាំង ក្រោមព្រះរាជបូជនីយកិច្ចរបស់សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។
    លោក ហ៊ុន ម៉ានី ដែលជាសមាជិកគណៈកម្មាធិការកណ្ដាល និងជាអគ្គលេខាធិការនៃគណៈចលនាមហាជននៃគណបក្សប្រជាជនកម្ពុជា បានរំឭកប្រវត្តិស្នាដៃរបស់គណបក្សនយោបាយដ៏ចំណាស់ជាងគេមួយនេះដែលតែងមានវត្តមានជាមួយប្រជាជន នៅពេលប្រទេសជាតិមានវិបត្តិ។

អ្នកនយោបាយបន្តវេនរបស់គណបក្សនេះ មិនភ្លេចឡើយប្រវត្តិនៃបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីផ្ដួលរំលំរបបខ្មែរក្រហម ដោយឆ្លងកាត់ដំណាក់កាលនៃការចរចាសន្តិភាព រហូតដល់ការសម្រេចនយោបាយឈ្នះឈ្នះ ធ្វើឱ្យកម្ពុជាមានឯកភាពទឹកដីទាំងស្រុងនៅថ្ងៃទី២៩ខែធ្នូឆ្នាំ១៩៩៨។ ទាំងអស់នេះសុទ្ធតែត្រូវបានដឹកនាំធ្វើដោយមេដឹកនាំរបស់គណបក្សប្រជាជនកម្ពុជារបស់លោក។ លោក ហ៊ុន ម៉ានី ថ្លែងយ៉ាងនេះនៅក្នុងវីដេអូឯកសារមួយដែលផលិតដោយអគ្គលេខាធិការដ្ឋានគណៈចលនាមហាជននៃគណបក្សប្រជាជនកម្ពុជា។
លោក ហ៊ុន ម៉ានី មានប្រសាសន៍ថា៖«ក្នុងនាមជាកម្មាភិបាលជំនាន់ក្រោយ ក៏ដូចជាប្រជាជនខ្មែរ ដែលយើងគួរតែវាយតម្លៃ គឺ[គណបក្សប្រជាជនកម្ពុជា] នៅជាមួយប្រជាជនគ្រប់កាលៈទេសៈទាំងអស់ ហើយដាក់ប្រយោជន៍ជាតិ និងប្រជាជនជាចម្បងគ្រប់កាលៈទេសៈទាំងអស់។»។

ហេតុអ្វីបានជាគណបក្សប្រជាជនកម្ពុជានៅជាមួយប្រជាជន? បើតាមការពន្យល់របស់លោក ហ៊ុន ម៉ានី នៅពេលដែលកម្ពុជាបានធ្លាក់ក្នុងគ្រោះមហន្តរាយដល់ចំណុចសូន្យក្នុងអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ បើខ្មែរមិនបានតស៊ូជួយខ្លួនឯងទេ កម្ពុជាមិនបានឈានដល់បច្ចុប្បន្ននោះទេ។ លោក ម៉ានី បានបន្តបញ្ជាក់យ៉ាងដូច្នេះ៖«គណបក្សលោកបង្ហាញទំនួលខុសត្រូវខ្ពស់ណាស់លើជោគវាសនា និងអនាគតកម្ពុជា ទាំងក្នុងភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដី និងអាយុជីវិតប្រជាជន ក៏ដូចជាការដឹកនាំ ស្តារ អភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន ដូចមកដល់សព្វថ្ងៃ។»។

សព្វថ្ងៃតែមិនទាន់ចប់ទេ។ លោក ម៉ានី បន្តថា គណបក្សរបស់លោកដែលកំពុងដឹកនាំរដ្ឋាភិបាលបានដាក់ចេញទិសដៅអភិវឌ្ឍ ២០៣០ និង ២០៥០។ ចំពោះលោក កត្តាសំខាន់មួយដែលជំរុញឱ្យកម្ពុជាអាចសម្រេចទិសដៅរបស់ខ្លួននោះ គឺសន្តិភាព។ សន្តិភាពដែលលោក បញ្ជាក់ថា វាបានបង្កើតជាបរិយាកាសមួយក្នុងនាំទាក់ទាញនូវការវិនិយោគពីបរទេសមកកាន់កម្ពុជា ដែលជំរុញបាននូវកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ ហើយបានធ្វើឲ្យមានភាពល្អប្រសើរនៃជីវភាពរស់នៅប្រជាពលរដ្ឋ។

«កត្តាសុខសន្តិភាព ជាកត្តាដាច់ខាត និងមិនអាចចរចា ដោះដូរ ឬតថ្លៃបាននោះទេ ទោះក្នុងតម្លៃណាក៏ដោយ។»។ នេះជាការសន្និដ្ឋានរបស់លោក ហ៊ុន ម៉ានី៕



© រក្សាសិទ្ធិដោយ thmeythmey.com