កីឡាអន្តរជាតិ
អន្តរជាតិ
De Ligt៖ ហូឡង់ធ្លាក់ពី Euro 2020 ដោយសារតែខ្ញុំម្នាក់គត់
28, Jun 2021 , 11:07 am        
រូបភាព
ក្រុមជម្រើសជាតិហូឡង់បានរងបរាជ័យដ៏គួរភ្ញាក់ផ្អើល ក្រោយចាញ់សាធារណរដ្ឋឆែក ២-០ នៅវគ្គ១៦ក្រុមចុងក្រោយ Euro 2020។ ខ្សែការពារ Matthijs de Ligt ដែលបានកាតក្រហមបានដាក់កំហុសគ្រប់យ៉ាងលើ ដែលធ្វើឱ្យហូឡង់ត្រឡប់ទៅផ្ទះវិញ។


 
ហូឡង់ក្រោមការដឹកនាំរបស់លោក Frank de Boer ធ្វើបានយ៉ាងល្អនៅវគ្គសន្សំពិន្ទុតាមពូល ដោយរកបាន៩ពិន្ទុពេញតាមពីរយៈការឈ្នះទាំង៣ប្រកួត។ យ៉ាងណាក៏ដោយ ឈានដល់វគ្គ១៦ក្រុមចុងក្រោយក្រុមរហស្សនាមទឹកក្រូចបានរងភាពអាម៉ាសយ៉ាងខ្លាំង ក្រោយមិនអាចបន្តទៅវគ្គបន្ទាប់នៃពានរង្វាន់អឺរ៉ុបក្រោមថ្វីជើងក្រុមឆែក។
 
ដំបូងឡើយនៅវគ្គទី១ នាជំនួបវគ្គ១៦ក្រុម ហូឡង់ជាអ្នកវាយសម្រុកលើក្រុមឆែក ដោយបង្កើតឱកាសស៊ុតបញ្ចូលទីជាច្រើនលើកតែមិនបានសម្រេច។ ចូលដល់វគ្គទី២ក្រុមលោក Frank de Boer នៅតែបន្តការវាយប្រយុទ្ធជាមួយឱកាសមាសជាច្រើនលើកទៀត មុនពេល De Ligt ទទួលបានកាតក្រហមនៅនាទី៥២។ ខ្សែការពារ Juventus រូបនេះយកដៃទៅរារាំងបាល់នៅមុខទី បន្ទាប់ពីរអិលជើងដើម្បីការពារបាល់ទៅគូប្រជែង។
 
ក្រោយបាត់បង់សមាជិកម្នាក់ ស្ថានភាពប្រកួតផ្លាស់ប្តូរទាំងស្រុង។ ឆែកចាប់ផ្តើមបង្កើតឱកាសរកគ្រាប់បាល់រហូតធ្វើបានសម្រេចពីរគ្រាប់ជាបន្តបន្ទាប់នៅនាទី៦៨ដោយ Tomas Holes និង Patrik Schick នៅ១២នាទីបន្ទាប់។ ចប់ការប្រកួតឆែកឈ្នះហូឡង់ ២-០។
 
De Ligt អះអាងនៅចំពោះមុខអ្នកយកព័ត៌មានក្រោយចប់ការប្រកួតថា៖ «កំហុសគ្រប់យ៉ាងមកពីរូបខ្ញុំ»។ ហូឡង់បាត់បង់ទម្រង់លេងដោយសារតែខ្ញុំ។ ការប្រកួតផ្តាស់ប្តូរទាំងស្រុងចាប់តាំងពីខ្ញុំបានកាតក្រហម ខ្ញុំជាអ្នកទទួលខុសត្រូវគ្រប់យ៉ាង»។
 
យ៉ាងណាក៏ដោយ ខ្សែការពារហូងឡង់ វ័យ២១ឆ្នាំរូបនេះ នៅតែទទួលបានការគាំទ្រពីគ្រូខ្លួនលោក Frank de Boer។ De Boer រៀបរាប់ថាក្រុមធ្វើបានល្អ ហើយ De Ligt ត្រូវទទួលបានកាតក្រហមពីអាជ្ញាកណ្តាល ក៏ដោយសាររូបគេអនុវត្តន៍ការងារជាខ្សែការពារ ដើម្បីរារាំងគូប្រជែងប៉ុណ្ណោះ។
 
តាមរយៈជ័យជម្នះ ២-០ ឆែកនឹងត្រូវឡើងទៅជួបដាណឺម៉ាកនៅវគ្គ៨ក្រុមចុងក្រោយ៕
 
 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com