កីឡាអន្តរជាតិ
អន្តរជាតិ
Copa America៖ រកឃើញ៨ក្រុមទៅវគ្គបន្ត ខណៈអ្នកឆ្លងកូវីដ-១៩ មានជាង១៦០នាក់
28, Jun 2021 , 2:06 pm        
រូបភាព
ព្រឹត្តិការណ៍ដណ្តើមពានរង្វាន់ Copa America បានរកឃើញ៨ក្រុមហើយ ដើម្បីបន្តទៅប្រជែងគ្នានៅវគ្គ១/៤ផ្តាច់ព្រ័ត្រ។ វេណេស៊ុយអេឡា ជាក្រុមទី២បន្ទាប់បូលីវីដែលត្រូវត្រឡប់ទៅផ្ទះវិញ ខណៈម្ចាស់ផ្ទះប្រេស៊ីលបញ្ចប់ការប្រកួតវគ្គសន្សំពីន្ទុដោយមិនស្គាល់ចាញ់។ ជាង១៦០ករណីវិជ្ជមានជំងឺកូវីដ-១៩ អំឡុងការប្រកួតពានតំបន់អាមេរិកឡាទីនឆ្នាំ២០២១នេះ។


វេណេស៊ុយអេឡាហាលអាវក្រោយចាញ់ប៉េរូ ១-០ នៅជំនួបចុងក្រោយពូល B នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ខណៈអេក្វាទ័រដែលស្មើប្រេស៊ីល ១-១ ទទួលបានកៅអីទៅវគ្គ៨ក្រុមចុងក្រោយ។
 
ប្រេស៊ីល រួមទាំង ប៉េរូ កូឡុំប៊ី និងអេក្វាទ័រដែលស្ថិតនៅពូល B បានឡើងទៅវគ្គ៨ក្រុមចុងក្រោយ ជាមួយអាហ្សង់ទីន ប៉ារ៉ាហ្គាយ ស៊ីលី និងអ៊ុយរ៉ូហ្គាយនៅពូល A។ ស្របពេលពូល B បញ្ចប់ការប្រកួតអស់ហើយ ពូល A នៅសល់មួយប្រកួតទៀតដើម្បីបិទបញ្ចប់វគ្គសន្សំពិន្ទុ និងជាការប្រកួតដើម្បីដឹងថាក្រុមណាត្រូវជួបគ្នានៅវគ្គ១/៤ផ្តាច់ព្រ័ត្រ។
 
បើតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) អ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ Copa America ចំនួន១៦៦ករណីហើយ បានរកឃើញថា ឆ្លងជំងឺកូវីដ-១៩។ 
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់តំបន់អាមេរិកឡាទីន បានធ្វើតេស្តលើកីឡាករ បុគ្គលិក និងអ្នកពាក់ព័ន្ធផ្សេងទៀតចំនួន ២២៨៥៦នាក់ អំឡុងការប្រកួតវគ្គសន្សំពិន្ទុតាមពូល។ 
 
CONMEBOL ដែលប្តេជ្ញាបញ្ចប់ការប្រកួតរបស់ខ្លួនឱ្យបានជោគជ័យ បន្តធ្វើការជាមួយក្រសួងសុខាភិបាលប្រេស៊ីលដើម្បីតាមដានករណីនានាបន្តបន្ទាប់ ស្របពេលតួលេខអ្នកស្លាប់ដោយសារកូវីដ-១៩ នៅប្រទេសម្ចាស់ផ្ទះ កើនដល់ជាង៥១ម៉ឺនករណីហើយ ក្នុងនោះអ្នកឆ្លងសរុបចំនួនជាង១៨លាននាក់៕
 

Tag:
 Copa America
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com